ជាតិ
លោក ហ៊ុន ម៉ា​នី​៖ «​ការងារ​នយោបាយ គឺ​មិន​ត្រឹម​ជា​តួនាទី​នោះទេ តែ​ជាការ​លះបង់​»
21, Feb 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២០ កុម្ភៈ​នេះ គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​សាលា​ខុនរ៉ាដ​អាដិនណៅអ៊ែរ សម្រាប់​អ្នកនយោបាយ​វ័យក្មេង​។ ក្នុងជំនួប​ជាមួយ​ប្រតិភូ​អ្នកនយោបាយ​វ័យក្មេង​លោក ហ៊ុន ម៉ា​នី លើកឡើងថា​៖ «​ការងារ​នយោបាយ គឺ​មិន​ត្រឹម​ជា​តួនាទី​នោះទេ តែ​គឺជា​ការលះបង់ ហើយ​អ្នកនយោបាយ​ក៏​គួរតែ​យល់ថា ការងារ​នយោបាយ​មិនអាច​បំពេញចិត្ត​មនុស្ស​គ្រប់រូប​បាន​នោះទេ​»​។​


 
​លោក CHRISTAN ECHLE  នាយក​កិច្ចពិភាក្សា​កម្មវិធី​នយោបាយ ប្រចាំ​តំបន់​អាស៊ី និង​លោក DANIEL SCHMUECKING ប្រធាន​មូលនិធិ​ខុនរ៉ាដ​អាដិនណៅអ៊ែរ​ប្រចាំ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​សាលា​ខុនរ៉ាដ​អាដិនណៅអ៊ែរ សម្រាប់​អ្នកនយោបាយ​វ័យក្មេង ចំនួន ២៥​នាក់ មកពី​១១​ប្រទេស ជួប​សម្ដែង​ការគួរសម ជាមួយ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា នា​រដ្ឋសភាជាតិ​។
 
​នា​ជំនួប​ជាមួយ​ប្រតិភូ​អ្នកនយោបាយ​វ័យក្មេង លោក ហ៊ុន ម៉ា​នី បាន​វាយតម្លៃ​ខ្លស់​ចំពោះ​ការរៀបចំ​វេទិកា​ឲ្យ​អ្នកនយោបាយ​វ័យក្មេង​មកពី​បណ្តាល​ប្រទេស​ក្នុង​អាស៊ី បាន​ជួបគ្នា និង​ស្វែងយល់​លើ​កិច្ចការងារ​នយោបាយ តាមរយៈ​ការពិភាក្សា និង​ចែករំលែក​ពីបទ​ពិសោធន៍​នៃ​ប្រទេស​របស់ខ្លួន​។ ប្រតិភូ​យុវជន​ទាំងនេះ មកពី​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ា​ល់​ឌី​វ ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ ប៉ា​គី​ស្ថាន ហ្វីលីពីន ស្រីលង្កា ថៃ រួមទាំង​កម្ពុជា​។​


 
​ក្នុងជំនួប​ខាងលើ លោក ហ៊ុន ម៉ា​នី ក៏បាន​លើកឡើង​ទៅកាន់​ប្រតិភូ​អ្នកនយោបាយ​វ័យក្មេង​ថា​៖ «​ការដឹកនាំ​ប្រទេសមួយ គឺ​មិនមែន​ផ្តោតលើ​តែ​ចំនុច​ណាមួយ​តែមួយ​ផ្នែក​នោះទេ គឺ​ទាមទារ​ឲ្យ​យើង​ដឹង និង ស្វែងយល់​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​ទិដ្ឋភាព​ក្នុងពេល​តែមួយ ដោយ​ការចេះ​វាយតម្លៃ និង​កំណត់​ច្បាស់លាស់​នូវ​កត្តា​អាទិភាព និង​ចាំបាច់​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​»​។ 
 
​សូមបញ្ជាក់ថា ជំនួប​របស់​ប្រតិភូ​យុវជន​នេះ ជា​ផ្នែក​មួយ​នៃ​វគ្គ​សិក្សា សាលា​ខុនរ៉ាដ​អាដិនណៅអ៊ែរ ដើម្បី​ផ្តល់​ជា​ឱកាស​ឲ្យ​ប្រតិភូ​អ្នកនយោបាយ​វ័យក្មេង បាន​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​អ្នកដឹកនាំ​ក្នុង​តំបន់ អំពី​បរិបទ និង​ដំណើរការ​នៃ​នយោបាយ​ក្នុង​តំបន់​៕









Tag:
 ហ៊ុន ម៉ា​នី​
  យុវជន​
  ខុនរ៉ាដ​អាដិនណៅអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com