កីឡាអន្តរជាតិ
អន្តរជាតិ
Pep Guardiola ប្ដូរផ្ដាច់មិនទៅចោល Man City ទេ ទោះជាប់បម្រាម UCL
× លោក Pep Guardiola នៅថ្ងៃទី១៩ កុម្ភៈ អះអាងថានឹងនៅជាមួយ Manchester City ហើយលោកសង្ឃឹមខ្ពស់ថានឹងឈ្នះការប្តឹងតវ៉ាចំពោះការហាមឃាត់មិនឲ្យលេង Champions League រយៈពេល២ឆ្នាំដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។
UEFA បានដាក់ពិន័យ Man City មិនឲ្យលេង Champions League ២រដូវកាល ពោលរហូតដល់ឆ្នាំ២០២២ និងប្រាក់៣២លានដុល្លារអាមេរិក ក្រោយរកឃើញថាក្លិបអង់គ្លេសមួយនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់កំណត់ហិរញ្ញវត្ថុលើការចំណាយ (Financial Fair Play) បន្ទាប់ពីពួកគេបានចំណាយប្រាក់ច្រើនលើសចំណូលដើម្បីទិញដូរកីឡាកររយៈពេលប៉ុន្មានរដូវកាលចុងក្រោយ។
ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនេះនឹងធ្វើឲ្យក្រុមរហស្សនាមមេឃខៀវខាតបង់ប្រាក់ចំណូលប្រមាណជាង២០០លានដុល្លារពីការលេងក្នុងក្របខណ្ឌអឺរ៉ុបរយៈពេលពីររដូវកាល។ ដោយសារហេតុផលនេះ បានធ្វើឲ្យក្លិបមានមូលដ្ឋានក្នុងក្រុង Manchester មួយនេះ ប្រតិកម្មយ៉ាងខ្លាំង និងប្ដេជ្ញាប្តឹងឧទ្ធណ៍ទៅតុលាការអាជ្ញាកណ្តាលកីឡា (CAS)ផង។
ចំពេលបញ្ហាកើតឡើងបែបនេះ មានការលើកលើងថាលោក Guardiola អាចនឹងលាលែងពីតំណែងអ្នកចាត់ការ Man City ប្រសិនបើក្លិបប្តឹងឧទ្ធរណ៍បរាជ័យ។ ប៉ុន្តែការលើកឡើងនេះមិនពិតឡើយ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានចេញមកអះអាងជាសាធារណៈថាលោកនឹងមិនបោះបង់ចោលក្រុមនេះឡើយ បើទោះតុលាការសម្រេចបែបណាក៏ដោយ។
លោក Guardiola ប្រាប់ទូរទស្សន៍ Sky Sports បន្ទាប់ពីទទួលជ័យជម្នះ ២-០ លើក្រុម West Ham ថា៖«ប្រសិនបើពួកគេមិនបណ្តេញខ្ញុំ ខ្ញុំនឹងនៅទីនេះ។ ទីមួយពីព្រោះខ្ញុំចង់ស្នាក់នៅ។ វាមានអ្វីពិសេសជាងកិច្ចសន្យាដែលខ្ញុំមាន។ ដូចដែលខ្ញុំបាននិយាយពីមុន និងនិយាយឥឡូវនេះ គឺខ្ញុំចង់នៅ និងជួយក្លិបដើម្បីរក្សាកម្រិតឲ្យបានរឹងមាំតាមតែអាចធ្វើទៅបាន។ ខ្ញុំស្រឡាញ់ក្លិបនេះ គ្មានហេតុផលត្រូវចាកចេញទេ»។
Man City ដែលស្ទើតែអស់ឱកាស ដើម្បីការពារតំណែងជើងឯក Premier League រដូវកាលនេះ នៅមានភារកិច្ចប្រជែងយកពានកំពូលអឺរ៉ុបដើម្បីលួងចិត្តក្រុមអ្នកគាំទ្ររបស់ពួកគេ។ Man City ត្រូវធ្វើដំណើរទៅជួប Real Madrid សម្រាប់ជំនួបជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Champions League នៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ មុនត្រឡប់ទៅទឹកដីខ្លួននាជំនួបជើងទី២នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០៕
Tag:
Pep Guardiola
Manchester City
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com