អន្តរជាតិ
ប៉េកាំង គាំទ្រការសម្រេចចិត្តប៉ាគីស្ថានមិនជម្លៀសនិស្សិតចេញពីវូហាន នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan និងប្រធានាធីបតីចិន ស៊ី ជិនភីង (China Daily)
× មន្ត្រីការទូតចិនម្នាក់ បានបង្ហាញជំហរគាំទ្រចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលប៉ាគីស្ថានពាក់ព័ន្ធនឹងការមិនទៅជម្លៀសនិស្សិតខ្លួនចេញពីក្រុងវូហាន ដែលជាចំណុចផ្តើមនៃការផ្ទុះរាលដាលជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) ។ ការប្រកាសជំហរបែបនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីឪពុកម្ដាយប៉ាគីស្ថានបានចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដោយទាមទារឲ្យនាំកូនៗពួកគេមកកាន់មាតុប្រទេសវិញ។
រដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចលុបចោលផែនការជម្លៀសនិស្សិតជាង១០០០នាក់ក្នុងក្រុង វូហាន និងក្រុងផ្សេងទៀត ក្នុងខេត្ត ហូប៉ី មកកាន់ប្រទេសកំណើតវិញ។ ទាក់ទិននឹងការសម្រេចចិត្តនេះ លោក Li Bijian អគ្គកុងស៊ុលនៃប្រទេសចិនប្រចាំទីក្រុង Karachi ប្រទេសប៉ាគីស្ថាន បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈថា៖«ប្រសិនបើនិស្សិតច្រើនបែបនេះ ត្រលប់មកវិញនោះ វានឹងបង់ខាតការចំណាយយ៉ាងធំសម្បើមពាក់ព័ន្ធនឹងការរៀបចំប្រតិបត្តិការសុខាភាពសម្រាប់រដ្ឋាភិបាលប៉ាគីស្ថាន»។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីការទូតចិនរូបនេះ បន្តទៀតថា ប្រសិនបើកន្លែងចត្តាឡីស័ក ពុំទាន់រៀបចំរួចរាល់ទេនោះ វាអាចបង្កជាការផ្ទុះរាលដាលផ្សេងទៀតនៃវីរុសនេះក្នុងប្រទេសប៉ាគីស្ថាន។ ត្រង់ចំណុច លោក Li Bijian សង្កត់ធ្ងន់ដូច្នេះថា៖«ដូច្នេះហើយទើបខ្ញុំនិយាយថា ការសម្រេចចិត្តមិនទៅជម្លៀសនិស្សិតពីក្រុងវូហាន គឺជារឿងដ៏លំបាក ក៏ប៉ុន្តែវាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតមួយ»។
ទន្ទឹមនឹងការគាំទ្ររដ្ឋាភិបាលប៉ាគីស្ថាន លោកអគ្គកុងស៊ុលចិននេះ បានអះអាងថា អាជ្ញាធរចិន មានកន្លែងល្អប្រសើរសម្រាប់និស្សិតប៉ាគីស្ថាន ហើយរដ្ឋាភិបាលចិន បានផ្ដល់ម៉ាស់ និងសម្ភារដើម្បីការពារពួកគេ។ លោក និយាយដូច្នេះថា៖«យើងចាត់ទុកពួកគេដូចជាកូនៗយើង»។
សូមបញ្ជាក់ថា កាលពីថ្ងៃពុធ ទី១៩ កុម្ភៈ ឪពុកម្ដាយប៉ាគីស្ថានដែលពោរពេញដោយកំហឹង បានចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលប៉ាគីស្ថាន ដោយទាមទារឲ្យជម្លៀសកូនៗពួកគេមកស្រុកកំណើតវិញ។ បាតុកម្មនេះ ធ្វើឡើងដោយសារតែឪពុកម្តាយបារម្ភពីសុវត្ថិភាពកូនរបស់ពួកគេ នៅក្នុងខេត្តហ៊ូប៉ី ខណៈពេលចំនួនអ្នកស្លាប់ និងអ្នកជំងឺ បានកើនឡើងយ៉ាងគំហុក។ លើសពីនេះ ក្រុមបាតុករប៉ាគីស្ថាន ក៏បានលើកឡើងពីប្រតិបត្តិការរបស់ប្រទេសជិតខាងដូចជាឥណ្ឌា និងបង់ក្លាដែស ដែលបានជម្លៀសប្រជាជនផងដែរ។
ប្រទេស ប៉ាគីស្ថាន និងចិន គឺជាសម្ព័ន្ធមិត្ដដ៏ជិតស្និទ្ធបំផុតមួយ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan កាលពីថ្ងៃ២០ ខែកុម្ភៈ បានហៅទូរសព្ទទៅកាន់ប្រធានាធិបតីចិន ស៊ី ជិនភីង ដើម្បីសម្តែងសាមគ្គីភាពរបស់ប៉ាគីស្ថានជាមួយថ្នាក់ដឹកនាំចិននិងប្រជាជនចិន។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រី៕
Tag:
ចិន
ប៉ាគីស្ថាន
វូហាន
COVID-19
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com