ជាតិ
បី​ឆ្នាំ​ចុងក្រោយ​នេះ អ្នកស្រុក​អូរ​ជុំ ខេត្តរតនគិរី អនុវត្ត​កម្មវិធី​អនាម័យ​កូនតូចៗ​យ៉ាង​ខ្ជាប់ខ្ជួន​
21, Feb 2020 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​រតនគិរី​៖ ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​អូរ​ជុំ ខេត្តរតនគិរី ដែល​ភាគច្រើន​ជនជាតិដើម​ភាគតិច លែង​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ជំងឺឆ្លង ដែល​បណ្តាលមកពី​កង្វះ​អនាម័យ​ទៀតហើយ ក្រោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​យូ​នី​សេ​ហ្វ បាន​ចូល​អនុវត្ត​កម្មវិធី​ទឹកស្អាត និង​អនាម័យ​សម្រាប់​កុមារ​ក្រោម​៥​ឆ្នាំ​នៅក្នុង​ស្រុក​នេះ តាំងពី​ឆ្នាំ​២០១៦​។ បច្ចុប្បន្ន ពួកគាត់​កំពុង​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន នូវ​ការធ្វើ​អនាម័យ​ផ្ទះ និង​បរិស្ថាន​ជុំវិញ បរិភោគ​ទឹកស្អាត ប្រើប្រាស់​បង្គន់​អនាម័យ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ការបង្កើត​កន្លែង​លេង​សុវត្ថិភាព​សម្រាប់​កុមារ​តូច​ជាដើម​។

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖ 
 
 
​អង្គុយ​ក្រោមផ្ទះ​ឈើ​ដែល​មានការ​បោស​ជូត​យ៉ាង​ស្អាត អ្នកស្រី រ៉ែ​ន ញ៉េវ ជា​ជនជាតិដើម​ភាគតិច​គ្រឹ​ង វ័យ​ជាង​៣០​ឆ្នាំ មិនសូវមាន​ការព្រួយបារម្ភ​ច្រើន​ពី​បញ្ហា​សុខភាព​អនាម័យ​របស់​កូនៗ​ដូច​មុន​ទៀតឡើយ​។ ពី​បរិវេណ​ផ្ទះ​ដែល​ពោរពេញ​ទៅដោយ​សំរាម ទៅជា​គ្មាន​សំរាម ពី​ការ​បន្ទោបង់​ពាសវាល​ពាសកាល ទៅ​បន្ទោបង់​ក្នុង​បង្គន់ ពី​ផ្ទះបាយ​គ្មាន​សណ្តាប់​ទៅជា​ផ្ទះបាយ​ដែលមាន​ការរៀបចំ​ព្យួរ​ចាន ឆ្នាំង យ៉ាង​ត្រឹមត្រូវ​នៅតាម​ជញ្ជាំង គ្រួសារ​អ្នកស្រី ទទួលបាន​ចំណេះដឹង​ក្បួន​អនាម័យ​បែបនេះ តាមរយៈ​ទឹកស្អាត និង​អនាម័យ​សម្រាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​យូ​នី​សេ​ហ្វ​។​
 
​ស្ត្រី​ដែលមាន​កូនតូចៗ​ដល់​ទៅ​បីនាក់​រូបនេះ បាន​រៀបរាប់​ដូច្នេះ​៖«​និយាយ​ទៅ ពីមុន ពីក្រោយ​ផ្ទះ ហើយនឹង​មុខផ្ទះ ថា​សុទ្ធតែ​ស្មៅ ហើយ​មាន​លាមក​សត្វ ដូចជា​ជ្រូក គោ និង​លាមក​មាន់​។ កាល​ហ្នឹង គគ្រិច​ខ្លាំង​មែនទែន​ហ្មង​។ ពីមុន​កូន​ខ្ញុំ​ទាំង​៣ គឺ​ឧស្សាហ៍​ឈឺ​។ ឈឺ​ជំងឺ​ច្រើន រាប់មិនអស់​ទេ​ជំងឺ​ហ្នឹង​។ ពិបាក ព្រោះ​ខ្ញុំ​ទៅរក​ពេទ្យ ហើយក៏​អស់​ប្រាក់កាស​ច្រើន​ដែរ ព្រោះ​យើង​ឈឺ ត្រូវ​ទៅរក​ពេទ្យ​»​។ 
 
​ការធ្វើ​អនាម័យ បាន​ក្លាយជា​ទម្លាប់ និង​ការងារ​ប្រចាំថ្ងៃ​ទៅហើយ​សម្រាប់​អ្នកស្រី រ៉ែ​ន ញ៉េវ ក៏ដូចជា​អ្នកភូមិ​ផ្សេងទៀត នៅ​ឃុំ​ចំនួន​៧​ក្នុងស្រុក​អូរ​ជុំ ខេត្តរតនគិរី ដែល​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​។ ពួកគាត់ កំពុង​អនុវត្ត​ទម្លាប់​ធ្វើ​អនាម័យ​ផ្ទះសម្បែង បរិភោគ​ទឹកស្អាត លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ការប្រើប្រាស់​បង្គន់​អនាម័យ និង​ការបង្កើត​កន្លែង​លេង​សុវត្ថិភាព​សម្រាប់​កុមារ យ៉ាង​ខ្ជាប់ខ្ជួន ក្រោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បាន​ចូល​អនុវត្ត កម្មវិធី ទឹកស្អាត និង​អនាម័យ តាំងពី​ដើមឆ្នាំ​២០១៦​មក​។​
 
​អ្នកភូមិ​ផ្សេងទៀត ក៏បាន​អះអាង​ដូចគ្នា​ថា ពីមុន​កូនៗ​របស់ខ្លួន រួមទាំង​មនុស្ស​ចាស់​ផង ឧស្សាហ៍​កើត​រាករូស ក្អួត គ្រុនក្តៅ គ្រុនពោះវៀន និង​ជំងឺ​ផ្សេងៗ​ទៀត​។ លោក ធី ភារ​ម្យ ជនជាតិដើម​ភាគតិច​គ្រឹ​ង រស់នៅ​ឃុំ​អូរ​ជុំ ដែលមាន​កូនតូច​អាយុ​ជិត​១​ឆ្នាំ និយាយថា ខ្លួន​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ព្យាបាល​ជំងឺ​កូន ព្រមទាំង​មិនបាន​ទៅធ្វើ​ស្រែ ចម្ការ​ពេញដៃពេញជើង​ដែរ​។ តែ​ក្រោយ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការធ្វើ​អនាម័យ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងមូល ជាពិសេស​កុមារ​តូច ក៏​លែង​ឈឺ​ថ្កាត់​ដូច​ពីមុន​ដែរ​។  លោក ធី ភារ​ម្យ បញ្ជាក់​ដូច្នេះ​៖«​ពីមុនមក​យើង​មិនទាន់​អនាម័យ កូន​ងាក​ឈឺ ងាក​រាក ងាក​អី​អ៊ីចឹង​។ ដល់ពេល​យើង​អនាម័យ ពេល​កូន​បត់ជើង យើង​ដាក់​កន្ថោរ​ហើយ ហើយ​យើង​យកទៅ​ចាក់​ក្នុង​បង្គន់ ហើយ​យើង​មក​លាងដៃ​នឹង​សាប៊ូ ពេល​យើង​ញ៉ាំ​ចំណីអាហារ​។ ហើយ​យើង​ដាំទឹក​ឆ្អិន​ហូប លែង​ហូប​ទឹក​ឆៅ​។ ប្រដាប់ប្រដារ​កូន​លេង យើង​លាង​ឲ្យ​ស្អាត ទុកដាក់​ឲ្យ​ស្អាត កុំ​ឲ្យ​កូន​លេង​របស់​ដែល​ប្រឡាក់​អី យើង​សម្អាត​។ ខ្លាច​កូន​ហ្នឹង​ទៅ​ប៉ះ លេងដី លេង​អី​ពេល​យើង​រវល់​។ បើ​កាលពី​យើង​មិនទាន់​ធ្វើ​ទ្រុង​ដាក់​កូន យើង​ប្រលែង ក្រចកដៃ ក្រចកជើង​កូន​សុទ្ធតែ​ដី យើង​ងូតទឹក​ឲ្យ​ពីរ​បី​ដង​ក៏​អត់​ស្អាត​ដែរ​។ ដល់ពេល​យើង​ដាក់​ក្នុង​ទ្រុង ដៃជើង​កូន​អត់​មាន​ប្រឡាក់​ដី អត់​មានអី​ទេ​។ ក្មេង​ប៉ុណ្ណឹង វា​នៅ​បៀម​ដៃ ដល់ដៃ​ប្រឡាក់​ដី​អ៊ីចឹង វា​បៀម​ដៃ ខ្លាច​ឆ្លង​មេរោគ​»​។​
 
​អ្នកស្រី សុង ស៊ី​លី ដែលជា​អ្នកលក់ដូរ​ម្នាក់​នៅក្នុង​ភូមិ ហើយក៏​ជា​សាក្សី​មួយរូប ដែល​បាន​មើលឃើញ​ពី​ការធ្វើ​អនាម័យ និង​ថែទាំ​កូនតូច​របស់​អ្នកភូមិ​ដែរ តាមរយៈ​ការលក់​កន្ថោរ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​។ លក់ដូរ​កន្ថោរ​កាន់តែ​ដាច់ ស្ត្រី​រូបនេះ​យល់បាន​ភ្លាម​ថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ខ្លួន មានការ​យល់ដឹង​កាន់​ច្រើន ពី​ការលើកកម្ពស់​ទឹកស្អាត និង​អនាម័យ​សម្រាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​។ អ្នកស្រី សុង ស៊ី​លី រៀបរាប់ថា​៖«​កន្ថោរ​ហ្នឹង​លក់ដាច់ គួរសម​ដែរ​។ ប្រជាជន​គេ​យល់ដឹង​ទៅ គេ​មក​ទិញ​គ្រាន់បើ​ដែរ​»​។​
 
​ស្រីមុំ ជា​ម្តាយ​ដែលមាន​កូនស្រី​តូច​ម្នាក់ អាយុប្រមាណ​១​ឆ្នាំ បាន​ទទួលស្គាល់ថា ការធ្វើ​អនាម័យ គឺ​ពិតជា​សំខាន់ ដែល​មិន​ត្រឹមតែ​បង្ការ​កូនតូច​របស់ខ្លួន​ពី​ជំងឺ​រាករូស និង​ជំងឺ​ផ្សេងៗ​នោះទេ វា​ក៏​ជួយ​ឲ្យ​គ្រួសារ​មាន​ជីវភាព​ធូរធារ​ដែរ​។ អ្នក​ម្តាយ​វ័យ​២១​ឆ្នាំ​រូបនេះ រីករាយ​នឹង​ចែករំលែក​សកម្មភាព​ប្រចាំថ្ងៃ​របស់ខ្លួន ទាក់ទង​នឹង​ការធ្វើ​អនាម័យ និង​ការថែទាំ​កូន ទៅដល់​ឪពុកម្តាយ ឬ​អាណាព្យាបាល​ដែលមាន​កូនតូច​។ «​បើ​ពុក​ម៉ែ​បងប្អូន​ដែលមាន​កូនតូចៗ​ទាំងអស់ សូម​ធ្វើ​កន្លែង​លេង​សុវត្ថិភាព​ដូច​នាង​ខ្ញុំ​នេះ ដាក់​កូន​លេង ហើយ​យើង​បាន​ដាំបាយ លាងចាន​បាន​ស្រួល ហើយ​កុំ​ឲ្យ​កូន​លេងដី កុំ​ឲ្យ​ឆ្លង​មេរោគ​។ ពេល​កូន​ជុះ ត្រូវ​ប្រើ​កន្ថោរ​។ ជុះ​ក្នុង​កន្ថោរ ហើយ​យកទៅ​ចាក់​ក្នុង​បង្គន់​។ ពេល​បញ្ចុក​ចំណី​កូន ចាប់​កាន់​ចំណីអាហារ​ផ្សេងៗ សម្ភារ​ផ្សេងៗ ត្រូវ​លាងដៃ​នឹង​សាប៊ូ​។ ហើយ​សំរាម ត្រូវដាក់​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​បើ​យើង​មាន​អនាម័យ​ល្អ នាំមក​នូវ​សុខភាព​យើងទាំងអស់គ្នា​»​។ នេះ​ជាការ​ណែនាំ​របស់ ស្រីមុំ​។ 
 
​កម្មវិធី​ទឹកស្អាត និង​អនាម័យ​សម្រាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ មិន​ត្រឹមតែ​បាន​សាបព្រោះ​ការយល់ដឹង ទៅដល់​ម្តាយ​ដែលមាន​កូនតូច​នោះទេ កម្មវិធី​នេះ​ក៏បាន​បញ្ជ្រាប​ទៅដល់​សាលារៀន និង​សហគមន៍​ទូទៅ​ផងដែរ​។ 
 
​អ្នកស្រី សា​បឿន ជា​ជា​ជនជាតិដើម​ភាគតិច​គ្រឹ​ង និង​ជំនួយការ​ភូមិ​ម្នាក់​ដ៏​សកម្ម​ក្នុងការ​អប់រំ​ប្រជាពលរដ្ឋ​អំពី​ការធ្វើ​អនាម័យ​នេះ​។ អ្នកស្រី យល់ច្បាស់​ថា ការបញ្ជ្រាប​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​ពិតជា​លំបាក និង​ត្រូវ​ចំណាយ​ពេលវេលា​យូរ ក៏ប៉ុន្តែ​អ្នកស្រី មិន​ចង់ឃើញ​អ្នកភូមិ ជាពិសេស​កុមារ​តូច កើត​ជំងឺ​រាករូស និង​ជំងឺ​ផ្សេងៗ​ទៀត​នោះទេ​។ សម្រាប់​ជំនួយការ​ភូមិ ដែលជា​ជនជាតិដើម​ភាគតិច​គ្រឹ​ង​រូបនេះ ការអនុវត្ត​ទម្លាប់​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​របស់​អ្នកភូមិ គឺជា​សកម្មភាព​ដ៏​សំខាន់ ដែល​អាច​កម្ចាត់​ជំងឺ​រាតត្បាត និង​រាករូស​ផ្សេងៗ ចេញពី​សហគមន៍​រប​ស់​ខ្លួន​។ ប្រជាពលរដ្ឋ ជាពិសេស​កុមារ​តូច​មាន​សុខ​ភាពល្អ ឆ្លាត​វៀងវៃ និង​គ្មាន​ប​ញ្ហា្ក​ក្រិស​ក្រិន គឺជា​បំណងប្រាថ្នា​របស់​អ្នកស្រី សា​បឿន​។ «​ក្នុង​ក្រុមគ្រួសារ​ដែលមាន​កូនតូចៗ ចង់​ឲ្យ​កូន​ហ្នឹង​មាន​សុខ​ភាពល្អ កុំ​ឲ្យ​មាន​ក្រិះ​ក្រិន ស្គមស្គាំង កុំ​ឲ្យ​ខ្វះ​អាហារូបត្ថម្ភ​។ ចង់​ឲ្យ​កូន​ហ្នឹង​មាន​សុខ​ភាពល្អ ហើយ​កូន​ហ្នឹង​ឆ្លាត កុំ​ឲ្យ​ប្រឡាក់​ដី ប្រឡាក់​ឆ្លង​រោគ​ផ្សេងៗ​។ ខ្ញុំ​ចង់​ឲ្យ​អ្នកស្រុក​អ្នកភូមិ​មាន​សុខភាព​ល្អ ហើយ​អនាម័យ​ជុំវិញ​ផ្ទះ គ្រប់​ក្រុមគ្រួសារ​ហ្នឹង​ឲ្យ​បាន​ស្អាត​»​។​
 
​ចាប់ផ្តើម​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៦ កម្មវិធី​ពី​កម្មវិធី​ទឹកស្អាត និង​អនាម័យ​សម្រាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ បាន​អប់រំ និង​ណែនាំ​ឪពុកម្តាយ​ដែលមាន​កូនតូច ឲ្យ​ទុកដាក់​លាមក​កុមារ​តូច​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ឲ្យ​ពួកគេ​បន្ទោ​របង់​ដាក់​ក្នុង​កន្ថោរ រួច​យក​ចាក់​ចូលក្នុង​បង្គន់​, សម្អាត​ទីកន្លែង​កូន​លេង​, សម្អាតផ្ទះ និង​បរិស្ថាន​ជុំវិញ​, រៀបចំ​កន្លែង​លេង​ដែលមាន​សុវត្ថិភាព​សម្រាប់​កូន​លេង ដោយ​មិនត្រូវ​ឲ្យ​កូនតូច ប៉ះពាល់​លាមក​សត្វ​, ត្រូវ​លាងដៃ​ឲ្យ​បាន​ស្អាត បន្ទាប់ពី​ប៉ះពាល់​លាមក​សត្វ និង​រៀបចំ​ក្រោលគោ​ក្របី និង​ទ្រុង​សត្វ និង​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​។ កម្មវិធី​នេះ បាន​ផ្លាស់ប្តូរ​មុខមាត់​ស្រុក​អូរ​ជុំ ខេត្ត​ភាគ​ឦសាន​មួយ​នេះ ឲ្យ​មាន     បរិស្ថាន​ស្អាត និង​ដើរតួ​ជា​ស្រុក​គំរូ ដែល​ពលរដ្ឋ​គ្មាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល​៕

© រក្សាសិទ្ធិដោយ thmeythmey.com