អន្តរជាតិ
តុលាការ​ធម្មនុញ្ញ​ថៃ រំលាយ​បក្ស​លោក Thanathorn រឿង​លុយ​ចំនួន​៦​លាន​ដុល្លារ​
21, Feb 2020 , 4:27 pm        
រូបភាព
លោក Thanathorn Juangroongruangkit ប្រធានគណបក្សអនាគតឈានមុខដែលត្រូវបានរំលាយដោយតុលាការធម្មនុញ្ញថៃ។ រូបថត AFP
លោក Thanathorn Juangroongruangkit ប្រធានគណបក្សអនាគតឈានមុខដែលត្រូវបានរំលាយដោយតុលាការធម្មនុញ្ញថៃ។ រូបថត AFP
​តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ បានប្រកាស​រំសាយ​បក្ស​អនាគត​ឈានមុខ​របស់លោក Thanathorn Juangroongruangkit ពាក់ព័ន្ធ​រឿង​លុយ​ចំនួន​៦​លាន​ដុល្លារ​។ គណៈកម្មការ​បោះឆ្នោត​ថៃ ជា​អ្នកប្ដឹង​ឲ្យ​រំលាយ​បក្សប្រឆាំង​ធំជាងគេ​ទី​បី​របស់​ប្រទេស ដោយ​ចោទថា បំពាន​ច្បាប់បោះឆ្នោត​។

 
​ក្រៅពី​រំលាយ​បក្ស​អនាគត​ឈានមុខ ថ្នាក់ដឹកនាំ​បក្ស​នេះ​ចំនួន​១៦​នាក់​រួមទាំង​ប្រធាន​បក្ស គឺ​លោក Thanathorn Juangroongruangkit នឹងត្រូវ​ហាម​ចូលរួម​ប្រកួតប្រជែង​សម្រាប់​តំណែង​នយោបាយ​រយៈពេល​១០​ឆ្នាំ​។ ចៅក្រម Nakarin Mektriarat នៃ​តុលាការ​ធម្មនុញ្ញ​ថៃ​ប្រកាស​បែបនេះ​ក្នុង​សវនាការ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​។​
 
​រឿងរ៉ាវ​ដែល​ឈានដល់​ការរំលាយ​បក្ស​អនាគត​ឈានមុខ​ដែល​ទទួល​សំឡេង​ច្រើន​ទី​បី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៩ មាន​ទាក់ទង​នឹង​លុយ​ចំនួន​៦​លាន​ដុល្លារ​។ គណៈកម្មការ​បោះឆ្នោត​ថៃ ដែលជា​ដើមបណ្ដឹង អះអាងថា កំហុស​របស់​បក្ស​នេះ គឺ​ទទួល​លុយ​ពី​លោក Thanathorn ដែល​រឿងនេះ​ផ្ទុយ​ពី​ច្បាប់​ដែល​ហាម​បក្សនយោបាយ​ទទួល​លុយ​លើស​១០​លាន​បាត ឬ​ស្មើនឹង​៣១៨,០០០​ដុល្លារ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​តាមពិតទៅ លោក Thanathorn ផ្ទាល់​បានទទួល​ស្គាល់​រឿង​លុយ​នេះ ប៉ុន្តែ​អះអាងថា មិន​ខុសច្បាប់​ឡើយ​។ ការរំលាយ​បក្ស​របស់លោក​ពេលនេះ ទំនង​បង្ក​ទៅជា​វិបត្តិ​នយោបាយ​ថ្មី​មួយទៀត​នៅ​ថៃ​មិន​ខាន​។ 
 
​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន បក្ស​អនាគត​ឈានមុខ ដែល​ក្លាយជា​គំរាមកំហែង​មុត​ស្រួច​សម្រាប់​លោក ប្រា​យុទ្ធ បាន​រួចខ្លួន​ពី​ការរំលាយ​ម្ដង​ហើយ​ពាក់ព័ន្ធ​ការមិន​គោរព​ព្រះមហាក្សត្រ​។ ប៉ុន្តែ​បក្ស​នេះ​ឆ្លង​មិន​ផុត​សំណុំរឿង​ទី​ពីរ​នេះឡើយ​៕ 

Tag:
 ថៃ​
  Thanathorn Juangroongruangkit
© រក្សាសិទ្ធិដោយ thmeythmey.com