ជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) បានផ្ដើមវាយលុកចូលក្នុងពន្ធនាគារ ខណៈមនុស្សជិត៥០០នាក់បានឆ្លងជំងឺនេះ ក្នុងពន្ធនាគារចំនួន៤នៃខេត្តចំនួន៣ ក្នុងប្រទេសចិន។ ករណីឆ្លងអនាធិបតេយ្យបែបនេះ បានធ្វើឲ្យថ្នាក់ដឹកនាំនិងមន្ត្រីពន្ធនាគារទាំងបីនេះអស់តំណែងជាបន្តបន្ទាប់ ដោយហេតុថាបរាជ័យក្នុងការទប់ស្កាត់វីរុសនេះ។ ក្នុងចំណោមមន្ត្រីទាំងនោះ ប្រធានពន្ធនាគាររបស់ស្ត្រីមួយក្នុងក្រុង វូហាន ដែលមានមនុស្សឆ្លងវីរុសជាង២០០នាក់ ត្រូវបានបណ្ដេញពីតួនាទី។
មនុស្ស ២៣៤នាក់ក្នុងពន្ធនាគារចំនួន២ក្នុងខេត្ត Shandong និងខេត្ត Zhejiang បានឆ្លងករណីជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19)។ មន្ត្រីជាន់ខ្ពស់ដែលទទួលខុសត្រូវចំពោះការផ្ទុះរាលដាលវីរុសនេះ ត្រូវបានបណ្ដេញចេញពីតំណែងខ្ទេចខ្ទី។ អាជ្ញាធរចិន បានអះអាងបែបនេះ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។
តាមប្រភពព័ត៌មានដដែល អាជ្ញាធរចិន បានដកហូតតំណែងប្រធានមន្ទីរយុត្តិធម៌ខេត្ត Shandong បន្ទាប់ពីការរីករាលដាលកាន់តែធំក្នុងពន្ធនាគារ Rencheng ក្នុងទីក្រុង Jining ត្រូវបានរកឃើញជាបន្តបន្ទាប់។ ក្នុងអគារពន្ធនាគារនេះ មនុស្ស ២០៧នាក់ បានរកឃើញមានផ្ទុកជំងឺ COVID-19 ។
ទន្ទឹមនេះ មន្ត្រីពន្ធនាគារ ៧ នាក់ផ្សេងទៀត ក៏ត្រូវបានបណ្ដេញចោលផងដែរ។ បើតាមអាជ្ញាធរតំបន់ ករណីឆ្លងវីរុសនេះជាលើកដំបូងក្នុងពន្ធនាគារនេះ ត្រូវបានរកឃើញតាំងពីថ្ងៃ១៣ ខែកុម្ភៈ មកម្ល៉េះ។ ចំណែកក្នុងខេត្ត Zhejiang ដែលករណីឆ្លងវីរុសមាន២៧នាក់ ថ្នាកដឹកនាំប្រចាំពន្ធនាគារ Shilifeng ត្រូវបានដកហូតតំណែង ហើយការស៊ើបអង្កេតក្នុងករណីរីករាលដាលនេះ ត្រូវបានចាប់ផ្ដើម។
ដូចគ្នានេះដែរ អាជ្ញាធរខេត្ត ហ៊ូប៉ី ដែលជាចំណុចផ្តើមនៃការផ្ទុះរីករាលដាលជំងឺ COVID-19 បានរកឃើញករណីឆ្លងសរុប ២៧១នាក់ក្នុងពន្ធនាគារចំនួន ២ ផងដែរ ដែលក្នុងនោះ ២៣០ករណីកើតក្នុងពន្ធនាគាររបស់ស្ត្រីមួយក្នុងក្រុង វូហាន ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក Hubei Daily ដែលដកស្រង់ចុះផ្សាយបន្តដោយ Reuters ។ កាសែតដដែលនេះ បានបញ្ជាក់ទៀតថា ប្រធានពន្ធនាគាររបស់ស្ត្រីមួយនេះ ត្រូវបានដកហូតតំណែងរួចរាល់ហើយ សម្រាប់ការបរាជ័យគ្រប់គ្រងការរាតត្បាតនៃវីរុសនេះ។
អគ្គលេខាធិការរងនៃរដ្ឋាភិបាលខេត្ត Shandong លោក Yu Chenghe បញ្ជាក់ក្នុងសន្និសីទព័ត៌មានមួយថា ការផ្ទុះរាលដាលបែបនេះ បង្ហាញថា មន្ទីរខ្លះ បានអនុវត្តទំនួលខុសត្រូវពួកគេខ្សោយបំផុត ហើយកិច្ចការពួកគេ គ្មានប្រសិទ្ធភាព ព្រមទាំងចំណាត់ការបង្កាវីរុស មិនច្បាស់លាស់ថែមទៀតផង។
ម្យ៉ាងវិញទៀត មន្ត្រីសុខាភិបាលខេត្ត Shandong បានអះអាងថា ពួកគេបានរៀបចំមន្ទីរពេទ្យមួយក្នុងទីក្រុង Jining ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ទាំងនេះ ហើយក៏នឹងរៀបចំការព្យាបាលក្នុងបរិវេណពន្ធនាគារផងដែរ។
សូមបញ្ជាក់ថា ប្រទេសចិន បានរកឃើញករណីឆ្លងកូរ៉ូណាវីរុស ៧៤០០០នាក់ និងជាង២១០០នាក់បានស្លាប់ ហើយភាគច្រើនគឺក្នុងក្រុង វូហាន និងក្រុងផ្សេងទៀតក្នុងខេត្តហ៊ូប៉ី៕