កីឡាអន្តរជាតិ
អន្តរជាតិ
ដោយក្តីអាណិតអាសូរ Ronaldo ចង់ទៅចិនដើម្បីលើកទឹកចិត្តអ្នកជំងឺ COVID-19
× ការផ្ទុះឡើងនៃជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) នៅក្នុងប្រទេសចិនបានធ្វើឲ្យមានអ្នកស្លាប់ឡើងដល់ ២២៤៥នាក់ ហើយ និងអ្នកឆ្លងមានជាង ៧៦ ០០០នាក់ នៅក្នុងប្រទេសចំនួន២៧។ ដើម្បីសម្តែងសាមគ្គីភាពជាមួយស្ថានភាពនេះ Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើម Juventus អះអាងថាខ្លួននៅទៅប្រទេសចិននៅឆ្នាំនេះ ឬឆ្នាំក្រោយ។
តាមរយៈវីដេអូរយៈពេលជាង៦នាទី ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ Ronaldo ផ្ទាល់ ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះបានឆ្លៀតយកប្រយោជន៍ពីវីដេអូដែលធ្វើពាណិជ្ជកម្មឲ្យក្រុមហ៊ុន Nike ដើម្បីផ្ញើសារទៅជនជាតិចិនដែលកំពុងរងទុក្ខដោយសារកូរ៉ូណាវីរុសដ៏កាចសាហាវនេះ។
«ឥឡូវនេះខ្ញុំមានឱកាសផ្ញើការអោបដ៏កក់ក្តៅទៅកាន់ប្រជាជនចិន ខណៈពួកគេកំពុងទទួលការរងទុក្ខធ្ងន់ធ្ងរ។ ខ្ញុំសូមលើកដៃបួងសួង និងអធិស្ឋានដល់ពួកគេ ហើយខ្ញុំសង្ឃឹមថានឹងអាចវិលត្រឡប់ទៅប្រទេសចិនម្តងទៀតនៅឆ្នាំនេះ ឬក៏ឆ្នាំក្រោយ។ នេះជាប្រទេសគួរឲ្យស្រឡាញ់។ នេះជាការអះអាងរបស់អតីតសមាជិកក្រុម Manchester United និង Real Madrid ដោយឆ្លើយឆ្លងជាមួយក្មេងប្រុសម្នាក់។
Ronaldo ធ្លាប់បានទៅប្រទេសចិនពីរបីដងរួចមកហើយ។ ទស្សនកិច្ចចុងក្រោយរបស់ខ្សែប្រយុទ្ធក្រុមរហស្សនាមសេះបង្កង់ទៅកាន់ចិន គឺកាលពីខែកក្កដា ឆ្នាំ ២០១៨ ក្នុងកម្មវិធីផ្សាយពាណិជ្ជកម្មមួយ។
ការរាលដាលនៃ COVID-19 បានធ្វើឲ្យប៉ះពាល់ដល់ព្រឹត្តិកាណ៍កីឡាជាច្រើនផងដែរ។ ការប្រកួត AFC Champions League ដែលត្រូវប៉ះក្រុមចិន សុទ្ធតែត្រូវបានពន្យាពេល ហើយកម្មវិធីប្រណាំងរថយន្ត Formula One រដូវកាលនេះនៅសៀងហៃក៏ដូចគ្នា៕
Tag:
COVID-19
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com