ជាតិ
សង្គមជាតិ
ថៃ ស្រីនាង ត្រូវបញ្ជូនទៅឃុំបណ្តោះអាសន្ន
21, Feb 2020 , 5:42 pm        
រូបភាព
ក្រោយព្រះរាជអាជ្ញាចោទប្រកាន់រួច ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចយកអ្នកនាង វ៉ាន់ រចនា ដែលគេស្គាល់តាមហ្វេសប៊ុកថា ថៃ ស្រីនាង ទៅឃុំក្នុងពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើតាមលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។



អ្នកនាង ថៃ ស្រីនាង ត្រូវបានចោទពីបទបង្ហោះរូបភាពធ្វើឲ្យប៉ះពាល់ដល់តម្លៃសង្គម តាមមាត្រា៣៨ និង មាត្រា៣៩ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

អត្ថបទទាក់ទង



មាត្រា៣៨ ចែងថា រូបភាព និង សម្ភារអាសអាភាស ជាសម្ភារដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារអេទ្បិចត្រូនិច ដែលពិពណ៌នាអំពើកេរភេទ ឬ ភាពអាសអាភាស ប្រហាក់ប្រហែលផ្សេងទៀតដែលធ្វើឲ្យរំភើប ឬ រំជួលដល់ចំណង់ផ្លូវភេទ។

ចំណែកមាត្រា៣៩ សរសេរថា ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញនៅទីសាធារណៈនូវរូបភាពនិងសម្ភារអាសអាភាស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ថ្ងៃ ដល់ ១ខែនិង ពិន័យជាប្រាក់ពី១សែនរៀល ដល់ ២សែនរៀល។

មាត្រា៣៩ បន្តថា ជនណាកាន់កាប់ ដឹកជញ្ជូន នាំចូល ឬ នាំចេញនូវរូបភាព និងសម្ភារអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការ ប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី១ ខាងលើ។

មាត្រា៣៩ដដែល បន្ថែមថា ជនណាផលិតរូបភាព និងសម្ភារអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី១ និងទី ២ នៃមាត្រានេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់ ១ឆ្នាំ និង ពិន័យជាប្រាក់ពី ២សែនរៀល ដល់ ២លានរៀល។

Tag:
 ថៃ ស្រីនាង
© រក្សាសិទ្ធិដោយ thmeythmey.com