ជាតិ
មេដឹកនាំកម្ពុជាថា បានយុត្តិធម៌ហើយ ក្រោយម៉ាឡេស៊ី អះអាងថា ស្រ្តីអាមេរិក ដែលចេញពីកម្ពុជា គ្មាន COVID-19
21, Feb 2020 , 9:20 pm        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជា ទៅស្វាគមន៍អ្នកអ្នកទេសចរនៃនាវា Westerdam នៅកំពង់ផែព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ (AFP)
នាយករដ្ឋមន្រ្តីកម្ពុជា ទៅស្វាគមន៍អ្នកអ្នកទេសចរនៃនាវា Westerdam នៅកំពង់ផែព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ (AFP)
បន្ទាប់ពីសារព័ត៌មានបរទេសនានា បានចុះផ្សាយ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ពីការប្រកាសរបស់ម៉ាឡេស៊ីថា ស្ត្រីជនជាតិអាមេរិកវ័យ៨៣ឆ្នាំ ដែលចេញពីកម្ពុជា មិនមានវីរុស COVID-19  គេ ក៏បានឮសំឡេងបែកធ្លាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបានចែករំលែកតៗគ្នាតាមបណ្តាញសង្គម ដោយសម្តេច បាននិយាយទៅកាន់ថ្នាក់ដឹកនាំនិងមន្រ្តីរដ្ឋាភិបាល អំពីរឿងនេះ។



សម្តេចនាយករដ្ឋមន្រ្តី បានរម្លឹកពីការប្រឹងប្រែងរបស់ខ្លួន ក្នុងការទារទាមឲ្យម៉ាឡេស៊ីធ្វើតេស្តឡើងវិញលើស្ត្រីអាមេរិកនោះ។ សម្តេច មានប្រសាសន៍ដូច្នេះថា៖«អ្វីដែលខ្ញុំស្រែកម្តងហើយម្តងទៀត គឺខ្ញុំចង់បានយុត្តិធម៌ សម្រាប់ប្រជាជនកម្ពុជាយើងផង និងសម្រាប់អ្នកដំណើរ [លើនាវា Westerdam] ផង។ ឥឡូវនេះ យុត្តិធម៌នេះ ទទួលបានហើយ...»។

ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល បានប្រាប់ឲ្យមន្រ្តី ជួយផ្សព្វផ្សាយដំណឹងនេះ ទៅកាន់សារព័ត៌មាន និងទៅកាន់ប្រជាពលរដ្ឋ។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះថា៖«សម្រាប់ខ្ញុំ រឿងនេះ គឺសំខាន់ណាស់»។

មេដឹកនាំកម្ពុជា ក៏បានលើកឡើងដែរថា ដោយសារតែពីដំបូង ម៉ាឡេស៊ី ប្រកាសពីលទ្ធផលវិជ្ជមានវីរុស COVID-19 លើស្ត្រីអាមេរិកនោះហើយ ទើបបានជាធ្វើឲ្យមានការរើសអើងលើអ្នកទេសចរផ្សេងទៀត លើនាវា Westerdam ហើយធ្វើឲ្យពួកគេ ខកខានក្នុងការវិលត្រឡប់ទៅប្រទេសរបស់ពួកគេ។

ក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដែរ ដោយបានហៅភាពមិនប្រក្រតីនៃការធ្វើរបស់ម៉ាឡេស៊ី ក្នុងការរកវីរុស COVID-19 លើស្រ្តីអាមេរិកនោះ ថា បានធ្វើឲ្យមានការភ័យខ្លាច និងការភ័ន្តច្រឡំ សម្រាប់អ្នកដំណើរទាំងអស់តាមនាវា Westerdam និងបានបង្កឲ្យមានការរើសអើង ដែលធ្វើឲ្យពួកគេ ខកខានជាច្រើនថ្ងៃ ក្នុងការបន្តដំណើរទៅប្រទេសរបស់ពួកគេ។

ក្រសួងសុខាភិបាលកម្ពុជា សរសេរបែបនេះថា៖«ហេតុការណ៍នេះ បានធ្វើឲ្យមានការប៉ះពាល់ទៅលើការកើនឡើងនៃចំណាយមិនចាំបាច់ ក៏ដូចជាមានការប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងរបស់ប្រទេស ហើយក៏ជាការបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែរ»។

អ្នកស្រី Wan Azizah Ismail ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្រកាសក្នុងសន្និសីទនៅថ្ងៃទី២១ ខែកុម្ភៈនេះ ថា អាជ្ញាធរ បានធ្វើតេស្តរកវីរុស COVID-19  លើស្រ្តីអាមេរិកនោះឡើងវិញ ហើយលទ្ធផលប្រែមកជាអវិជ្ជមានវិញ។ អ្នកស្រី បានប្រើពាក្យថា វីរុស COVID-19 មិនមានក្នុងខ្លួនស្រ្តីអាមេរិកនោះទេ។

យ៉ាងណា សម្តីរបស់អ្នកស្រី ហាក់មិនបានបញ្ជាក់ន័យឲ្យច្បាស់ឡើយថា ស្រ្តីអាមេរិកនោះ មិនមានវីរុស COVID-19 តាំងពីដើមមក ហើយម៉ាឡេស៊ី ធ្វើតេស្តរកឃើញច្រឡំថាមាន ឬមួយក៏ស្រ្តីអាមេរិកនោះ មានវីរុស COVID-19 មែន តែត្រូវបានព្យាបាលជាសះស្បើយ ដោយវីរុសបានងាប់អស់ទៅវិញ ដូចករណីកម្ពុជា ព្យាបាលជាសះស្បើយលើបុរសចិនវ័យ៦០ឆ្នាំម្នាក់ ដែលផ្ទុកវីរុស COVID-19 កាលពីកន្លងទៅ?

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ត្រីអាមេរិក និង ស្វាមី រួមទាំងអ្នកផ្សេងទៀត ដែលជាអ្នកទេសចរតាមនាវា Westerdam បានធ្វើដំណើរពីកម្ពុជា ទៅម៉ាឡេស៊ី ដើម្បីបន្តជើងហោះហើរ ទៅប្រទេសរបស់ពួកគេ។ អ្នកទាំងនោះ បានចាកចេញពីម៉ាឡេស៊ី ទៅប្រទេសរបស់ពួកគេរៀងៗខ្លួន តែក៏មានមួយចំនួន ត្រូវបានធ្វើតេស្តរកវីរុស COVID-19 ដោយក្នុងនោះ រកឃើញលើស្ត្រីជនជាតិអាមេរិកម្នាក់។

លុះដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរម៉ាឡេស៊ី ក៏បានប្រកាសព័ត៌មានពីការរកឃើញវីរុស COVID-19 លើស្ត្រីអាមេរិកនោះ។ ដោយមិនអស់ចិត្ត កម្ពុជា បានស្នើឲ្យម៉ាឡេស៊ី  ធ្វើតេស្តស្ត្រីអាមេរិកនោះសាជាថ្មី។ តែលទ្ធផលលើកពីរ នៅតែដូចមុនដដែលគឺ បង្ហាញថា ស្ត្រីអាមេរិកនោះ ពិតជាមានវីរុស COVID-19 មែន។

ទោះជាម៉ាឡេស៊ី ធ្វើតេស្តលើស្ត្រីអាមេរិកពីរដងរួចហើយក្តី តែកម្ពុជា នៅតែចង់ឲ្យធ្វើម្តងទៀត។ នៅថ្ងៃទី១៨ ខែកុម្ភៈ នាពិធីប្រគល់សញ្ញាបត្រជូនគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យបីភាគី រួមមាន អង្គការសុខភាពពិភពលោក ម្ចាស់នាវា Westerdam និង ក្រសួងសុខាភិបាលកម្ពុជា ធ្វើការផ្ទាល់ជាមួយភាគីម៉ាឡេស៊ី ដើម្បីស្វែងរកការពិតថា ស្ត្រីអាមេរិករូបនោះ ពិតជាមានវីរុស COVID-19 មែន ឬមិនមែន។

ប្រមុខរដ្ឋាភិបាលកម្ពុជា ដាក់ការសង្ស័យថា ហេតុអ្វី អ្នកទេសចរផ្សេងទៀត លើនាវា Westerdam ជាពិសេសស្វាមីរបស់ស្ត្រីអាមេរិករូបនោះ មិនបានឆ្លងវីរុស COVID-19 ពីគាត់?

Tag:
 COVID-19
  Westerdam
  ស្រី្តអាមេរិក
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com