ជាតិ
លោកយាយវ័យ៩៨ឆ្នាំ ជួបបងស្រីវ័យ១០១ឆ្នាំ និងប្អូនប្រុស៩២ឆ្នាំវិញ ក្រោយបែកគ្នា៤៧ឆ្នាំ លោកយាយ ប៊ុន ជា (អាវស) ឱបប្អូនស្រីរបស់ខ្លួន គឺលោក យាយ ប៊ុន សែន ។ រូបថត CCF
× នេះជាការជួបជុំដ៏រំជួលចិត្តមួយរវាងបងប្អូនស្រីពីរនាក់ ដែលពួកគាត់គិតពីម្នាក់ទៅម្នាក់ថា ពិតជាបានស្លាប់នាសម័យខ្មែរក្រហម។ ក្រោមការជួយជ្រោមជ្រែងរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) របស់លោក ស្កុត នីសុន (Scott Neeson) បងប្អូនដែលមានអាយុជិត និងលើស១សតវត្សរ៍ទៅហើយនោះ បានមានឱកាសជួបជុំគ្នាវិញ ក្រោយបែកបាក់អស់រយៈពេល៤៧ឆ្នាំ។
យោងតាមការផ្សាយនៅលើគេហទំព័ររបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ការបែកបាក់គ្នា បានចាប់ផ្តើមឡើងកាលពីអំឡុងឆ្នាំ១៩៧៣ មុនការកាន់អំណាចរបស់ខ្មែរក្រហម។ លោកយាយ ប៊ុន សែន ដែលជាដូនដ៏ជាទីស្រឡាញ់ម្នាក់នៅអង្គការ CCF មិនដែលនឹកគិតថា បានជួបបងស្រីរបស់ខ្លួនឡើងវិញសោះ។
ប៉ុន្តែរឿងមិននឹកស្មានដល់បានកើតឡើងក្នុងជីវិតស្ត្រីវ័យ៩៨ឆ្នាំរូបនេះ ដោយសារតែការប្រឹងប្រែងស្រាវជ្រាវរបស់បុគ្គលិកអង្គការ CCF។ គាត់មិនត្រឹមតែបានជួបបងស្រីវ័យ១០១ឆ្នាំនៅឡើយ ប៉ុន្តែក៏បានជួបប្អូនប្រុសវ័យ៩២ឆ្នាំ ដែលកំពុងរស់រានមានជីវិតផងដែរ ដោយពួកគាត់រស់នៅក្នុងខេត្តកំពង់ចាម។
ជំនួបបងប្អូនទាំងបីនាក់ និងកូនចៅនៅខេត្តកំពង់ចាម។ រូបថត CCF
លោកយាយ ប៊ុន សែន បានចេញផ្ទះនៅស្ទឹងមានជ័យ ដើម្បីធ្វើដំណើរទៅជួបបងស្រី ប៊ុន ជា នៅខេត្តកំពង់ចាម។ «ខ្ញុំបានចេញពីស្រុកកំណើតយូរហើយ ដោយមិនបានត្រឡប់ទៅវិញសោះ ដោយសារខ្ញុំគិតថា បងប្អូនស្រីប្រុស ស្លាប់អស់ហើយ»។ លោកយាយ ប៊ុន សែន បាននិយាយយ៉ាងដូច្នេះ។
លោក ស្កុត នីសុន (Scott Neeson) ស្ថាបនិក CCF បានចាត់ទុកលោកយាយ ប៊ុន សែន ជាដូនដ៏អស្ចារ្យម្នាក់ ហើយក៏ជាមនុស្សចំណាស់ដំបូងដែលគាត់បានជួបនៅស្ទឹងមានជ័យកាលពីឆ្នាំ២០០៤ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com