ជាតិ
សង្គមជាតិ
ព្រះបរមរតនកោដ្ឋ បានសាងសង់ស្តូបមួយនៅខេត្តស្ទឹងត្រែង តំណាងឱ្យភាពរុងរឿង និងការពារទឹកដី
× ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា បានសាងស្តូបមួយ នៅក្នុងឃុំអូស្វាយ ស្រុកបុរីអូស្វាយ ខេត្តស្ទឹងត្រែង ដើម្បីតំណាងឱ្យភាពរុងរឿង និងបូរណភាពទឹកដីកម្ពុជា។ ស្តូបនេះ បែរទៅកាន់ទិសធំទាំង៤ ដែលព្រះឆាយាលក្ខព្រះបរមរតនកោដ្ឋ រូបកម្មករ កសិករ និងតំណាងឱ្យព្រះពុទ្ធសាសនាជាដើម។
ស្តូបនេះ សាងសង់ឡើងនៅក្នុងឆ្នាំ១៩៦៤។ នេះជាការបញ្ជាក់របស់លោក សេក ម៉ៅ មេឃុំអូស្វាយ នៃខេត្តស្ទឹងត្រែង។
លោក សេក ម៉ៅ បានបញ្ជាក់ថា នៅក្នុងចន្លោះឆ្នាំ១៩៦៤ នៃការសាង់សង់ស្តូបនេះ ព្រះបរមរតនកោដ្ឋ ទ្រង់សព្វព្រះរាជហទ័យអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងយ៉ាងខ្លាំង ដោយមានការបង្កើតរោងចក្រ ទំនុកបម្រុងវិស័យកសិកម្ម និងដាក់ទាហានការពារទឹកដីនៅតាមបណ្ដោយខ្សែបន្ទាត់កម្ពុជា-ឡាវជាដើម។ លោក សេក ម៉ៅ ដែលចូលមករស់នៅក្នុងឃុំអូស្វាយ នាឆ្នាំ១៩៦៦ ពោលគឺក្រោយពីរឆ្នាំនៃការសាងសង់ស្តូបនេះ បានអះអាងថា ខេត្តស្ទឹងត្រែងនៅក្នុងអំឡុងទសវត្ស៦០នោះ គឺមានការរីកចម្រើយ៉ាងខ្លាំង ក្រោមទឹកព្រះទ័យទុកដាក់របស់ព្រះបរមរតនកោដ្ឋ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក សេក ម៉ៅ មេឃុំអូស្វាយ នៅស្រុកបុរីអូស្វាយ ខេត្តស្ទឹងត្រែង ដូចតទៅ៖
«ការសាងសង់ស្តូបដែលជាស្នាព្រះហស្ថ សម្ដេច សីហនុ នេះ គឺតំណាងឱ្យកម្មករ តំណាងឱ្យកសិករ តំណាងឱ្យព្រះពុទ្ធសាសនា និងកេរ្តិ៍ដំណែលស្នាដៃរបស់ព្រះអង្គ»។ នេះជាការបញ្ជាក់របស់លោកមេឃុំអូស្វាយ នៃខេត្តស្ទឹងត្រែង។
ទីកន្លែងស្តូបរបស់ព្រះបរមរតនកោដ្ឋនេះ ក៏កំពុងក្លាយជាកន្លែងទេសចរណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ ប៉ុន្តែមិនទាន់ទូលំទូលាយនៅឡើយទេ។ ដោយសារមើលឃើញចំណុចនេះ លោក សេក ម៉ៅ ក៏គ្រោងរៀបចំអភិវឌ្ឍន៍ទីតាំងនោះ ទៅជាកន្លែងទេសចរណ៍ផ្លូវការមួយដែរ។
«នៅថ្ងៃក្រោយយើងនឹងរៀបចំចាក់ដី ដោយរៀបចំឱ្យបានស្អាត ដើម្បីឱ្យតំបន់នេះក្លាយទៅជាអេកូទេសចរណ៍អភិរក្សស្ដាដៃ(ស្នាព្រះហសត្ថ)សម្ដេច សីហនុ»។ នេះជាការបញ្ជាក់របស់លោក សេក ម៉ៅ ដែលបានបន្ថែមថា លោកនិងមន្ទីរទេសចរណ៍ រួមជាមួយដៃគូរពាក់ព័ន្ធនានា កំពុងតែសហការគ្នា ដើម្បីការពារស្តូបមួយនេះ មិនឱ្យបាត់បង់ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com