ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កសិករ​ដាំ​តាសក់​ផ្អែម​មាន​កម្លាំងចិត្ត​ឡើងវិញ​បន្ទាប់ពី​ឃើញ​ពលរដ្ឋ​ជួយ​ទិញ​ពេល​កសិផល​គ្មាន​ទីផ្សារ​
22, Feb 2020 , 12:59 pm        
រូបភាព
​សៀមរាប​៖ កសិករ​ដាំ​តាសក់​ផ្អែម​ស្រុក​បន្ទាយស្រី បាន​ជួប​បញ្ហា​ប្រឈម​នៅពេលដែល​កសិផល​ខ្លួន ស្ទះ​មិនអាច​លក់​ចេញ​បាន ដោយសារ​អតិថិជន​កាត់បន្ថយ​ការទិញ​ស្ទើរ​៩០​ភាគរយ​។ នៅ​ចំពោះមុខ​ស្ថានការណ៍​ដ៏​ពិបាក​នេះ អភិបាលស្រុក​បន្ទាយស្រី​បានចេញ​មុខ​ជួយ​អន្ដរាគមន៍​ភ្លាមៗ ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ជួយ​ទិញ​តាសក់​ផ្អែម​របស់​កសិករ​។ ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ តាសក់​ផ្អែម​ប្រមាណ​៣០​តោន ត្រូវបាន​លក់​អស់ តាមរយៈ​ការបញ្ជាទិញ​ពី​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​។ ប្រជាកសិករ​អ្នក​ដាំ​តាសក់​ផ្អែម បានបង្ហាញ​អារម្មណ៍​រីករាយ​ជា​ពន់ពេក និង​មាន​កម្លាំងចិត្ត​បន្ត​ដាំ​ដំណាំ​នេះ ដោយ​មិន​ធ្វើឱ្យ​បាត់​ផលិតផល​សម្គាល់​របស់​ស្រុក​បន្ទាយស្រី​នេះឡើយ​។

 
 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​




 
​តាសក់​ផ្អែម ជា​ដំណាំ​មួយបែប​ដែល​កសិករ​ក្នុងស្រុក​បន្ទាយស្រី​និយម​ដាំ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប​។ តាសក់​ផ្អែម ងាយស្រួល​ដាំ​ដុះ និង​ប្រើពេល​ខ្លី​សម្រាប់​ប្រមូល​ផល​។ ក្នុង​ស្ថានការណ៍​ពិភពលោក​កំពុង​តានតឹង ពិសេស​ក្រោយ​ផ្ទុះ​មេរោគ​កូ​រ៉ូ​ណា ឬ COVID-19 ធ្វើឱ្យមាន​បរិ​យា​កាល​មិនល្អ​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។ អតិថិជន​ធំៗ​ដែល​ធ្លាប់​បញ្ហា​ទិញ​តាសក់​ផ្អែម​ច្រើន​តោន​ក្នុង​មួយថ្ងៃៗ បាន​បន្ថយ​ការទិញ និង​ខ្លះទៀត​លែង​ទិញ​តែម្ដង ព្រោះថា​លក់​មិន​ដាច់​។ ការណ៍​នេះ ធ្វើឱ្យ​វគ្គ​ប្រមូល​ផល​តាសក់​ផ្អែម​ចុងក្រោយ​នៃ​ពាក់​កណ្ដាលខែ កុម្ភៈ​នេះ ត្រូវ​ប្រឈមមុខ​គ្មាន​ទីផ្សារ រីឯ​កសិករ​ប្រឈមមុខ​ខ្ពស់​ក្នុង​ការខាតបង់ ឬ​គ្មាន​ប្រាក់​សង​ធនាគារ​។​
 
​នៅ​ថ្ងៃទី​១៨ កុម្ភៈ តាសក់​ផ្អែម​របស់​កសិករ​ស្រុក​បន្ទាយស្រី​ប្រមាណ​៣០​តោន ត្រូវបាន​នាំមក​លក់​នៅ​ផ្សារ​ហេ​រី​ថេ​ក នៅ​កណ្ដាល​ក្រុង​សៀមរាប​។ ប្រជាពលរដ្ឋ​ទាំង​អ្នក​ធម្មតា មន្ត្រីរាជការ បាន​បន្តកន្ទុយ​គ្នា​ទិញ​តាសក់​ផ្អែម ខ្លះ​ទិញ​តិច​ខ្លះ​ជួយ​ទិញ​ច្រើន ដើម្បី​បង្ហាញ​ស្មារតី​ជួយ​គាំទ្រ​ដំណាំ​កសិករ​ខ្មែរ​។  
 
​កសិករ​ដែល​ដឹក​តាសក់​មក​លក់​ផ្ទាល់ បានបង្ហាញ​ទឹកមុខ​រីករាយ​ជាខ្លាំង នៅពេល​តាសក់​ផ្អែម​ពួកគេ​មានការ​តាំង​លក់​ក្នុង​ផ្សារ​ទំនើប​។ លោក ប៊ូ ម៉ាន កសិករ​មួយរូប​បាន​និយាយថា លោក​សប្បាយចិត្ត​ជាខ្លាំង ពេលដែល​កសិផល​តាស​ក់លោក​បាន​លក់​ចេញ​នៅលើ​ទីផ្សារ​។ លោក ម៉ាន ប្រាប់ថា រូបលោក​ព្រមទាំង​កសិករ​ដទៃទៀត​សឹង​បាក់​ទឹកចិត្ត​ទៅហើយ​ក្នុង​ការដាំ​តាសក់​នេះ ដោយសារ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គ្មាន​ទីផ្សារ​លក់​ចេញ​។ លោក ម៉ាន បន្ថែមថា កសិករ​ប្រឈម​នឹង​ការខាតបង់​ច្រើន ប្រសិនបើ​កសិផល​លក់​មិន​ដាច់​។​
 
​ទីផ្សារ​សំខាន់​សម្រាប់​តាសក់​ផ្អែម​របស់​អ្នកស្រុក​បន្ទាយស្រី គឺ​នៅតាម​បណ្ដា​ផ្សារ​ទំនើប​ធំៗ​ក្នុង​ក្រុង​សៀមរាប ភោជនីយដ្ឋាន ហាង​លក់​ផ្លែឈើ ជាដើម តែមួយ​រយៈ​ចុង​ក្រោយនេះ​ទាំង​អ្នក​បោះ​ដុំ​និង​លក់រាយ ពួកគេ​លែង​បញ្ជា​ទិញ​ច្រើនៗ​ទៀត ដែល​ធ្វើឱ្យ​តាសក់​ជន់ ស្ទះ​លក់​មិន​ចេញ​។ លោក ម៉ាន ប្រាប់ថា លោក​មិន​បានដឹង​ពី​ការស្ទះ​ទីផ្សារ​តាសក់​ផ្អែម​នេះ​ទេ លោក​ដឹង​តែ​ផលិត​ដើម្បី​រុញ​ទៅ​ទីផ្សារ​ប៉ុណ្ណោះ​។​


 
«​អត់​ដឹង​បញ្ហា​ស្ទះ​ទីផ្សារ​ទេ ខ្ញុំ​ជា​កសិករ ខ្ញុំ​ដឹង​តែ​ផលិត​ដើម្បី​រុញ​មក​ទីផ្សារ​ទាំងមូល ខ្ញុំ​សង្កេតឃើញថា​គ្មាន​ការនាំ​ចូល​ពី​ខាង​ណា​ទេ គឺ​ផលិតផល​តាសក់​ផ្អែម​មិនដែល​មានការ​នាំចូល​ទេ តែ​រុញ​អត់​ចេញ​។​...​ភ្ញៀវ​(​អតិថិជន​) និយាយ​ដែរ ថា​ស្ងាត់​ភ្ញៀវ អត់​មាន​អតិថិជន​ជួយ​ទិញ​... ខ្ញុំ​ដាំ​តម្រូវការ​ដដែល​ដូច​មុនៗ ទូទៅ​លក់​អស់​មិនដែល​សល់​ទេ​រយៈពេល​១០​ឆ្នាំ​តែង​លក់​អស់ៗ មកដល់​ចុង​ក្រោយនេះ​ខ្ញុំ​អត់​ដឹង​មកពី​មូលហេតុ​អ្វី​»​។​
 
 
​អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ ដែលជា​អ្នក​ចេញមុខ​ធ្វើ​ទីផ្សារ​និង​សហការ​រៀបចំ​ការលក់​តាសក់​នៅ​ផ្សារ​ទំនើប​ហេ​រី​ថេ​ក ប្រាប់ថា លោក​មាន​អារម្មណ៍​តក់ស្លុត​ជាខ្លាំង​ពេល​ដឹងថា​ដំណាំ​តាសក់​ផ្អែម​ដែល​ល្បីឈ្មោះ​ក្នុងស្រុក​នេះ គ្មាន​អ្នកទិញ​។ ដោយ​បារម្ភ​ខ្លាចក្រែង​កសិករ​បាក់​ទឹកចិត្ត លែង​ដាំ និង​ត្រូវ​ជាប់បំណុល​ធនាគារ​ផង ថ្នាក់ដឹកនាំ​រូបនេះ បានប្រកាស​ជួយ​លក់​តាសក់​កសិករ​ក្នុង​បណ្ដាញ​សង្គម និង​សម្រួល​ទីតាំង​សម្រាប់​ការ​ដាក់លក់​ផ្ទាល់​ផង​។ ជា​លទ្ធផល ត្រឹម​២​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃទី​១៧ និង​១៨ កុម្ភៈ តាសក់​ផ្អែម​ប្រមាណ​៣០​តោន ពី​ចម្ការ​កសិករ បាន​លក់​ចេញ​អស់​។ 
 
 
​យ៉ាងណាក៏ដោយ មហាជន​មួយចំនួន​ក្រៅតែពី​កោតសរសើរ ក៏មាន​អ្នក​យល់ថា ការធ្វើ​បែបនេះ​មិនមែនជា​ដំណោះស្រាយ​ពិតប្រាកដ​នោះទេ​។ ចំណុច​នេះ​លោក ហ្វី​ណង់ ពន្យល់ថា ដោយសារ​លោក​ឃើញ​បញ្ហា​នេះ​គឺជា​បញ្ហា​បណ្ដោះអាសន្ន ទើប​លោក​បញ្ចេញ​ដំណោះស្រាយ​បណ្ដោះអាសន្ន​សម្រាប់​កសិក​រ​។ លោក​បន្ថែមថា ប្រសិនបើ​បញ្ហា​ជា​បញ្ហា​អចិន្ត្រៃយ៍​មែន នោះ​លោក​ប្រហែល​មិន​ជ្រើសរើស​ដំណោះស្រាយ​បែបនេះ​ឡើយ​។ 
 
​មាន​សំណួរ​ចោទឡើង ថា​មាន​ដំណាំ​ផ្សេងទៀត​នៅ​ស្រុក​បន្ទាយស្រី​ដែល​កំពុង​ជួប​បញ្ហា​ទីផ្សារ រួមមាន​ស្វាយកែវ​រមៀត ស្វាយចន្ទី ដំឡូង​មី​។​ល​។ ដែល​ត្រូវ​ការរក​ដំណោះស្រាយ​ជាបន្ទាន់​។ ចំណុច​នេះ លោក ហ្វី​ណង់ ពន្យល់ថា មូលហេតុ​នៃ​ការធ្លាក់​ថ្លៃទំនិញ​ទាំងនោះ​គឺ​មកពី​ទីផ្សារ​អន្ដរជាតិ ដូច្នេះ​វា​ពិបាក​ដោះស្រាយ​ភ្លាមៗ​។ សម្រាប់ អភិបាលស្រុក លោក​ជំរុញ​ឱ្យ​កសិករ​ដាំ​ដំណាំ​បែ​បក​សិ​ទេសចរណ៍ ដ្បិត​ងាយ​រក​ទីផ្សារ និង​មានតម្លៃ​ថ្លៃ ខុសពី​ដំណាំ​បែប​កសិឧស្សាហកម្ម​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« ដំណាំ​មួយចំនួន​ជួប​បញ្ហា ហើយ​ជា​បញ្ហា​ធំ ឧទាហរណ៍ ស្វាយ ដំឡូង​មី ម្រេច ស្វាយចន្ទី ជា​រឿង​មួយ​ពិបាក​ដោះស្រាយ ហើយ​បន្ទាយស្រី​ខ្លួនឯង​ក៏​មិនដឹង​ដោះស្រាយ​ដែរ យោង​តម្លៃ​ទីផ្សារ​ធ្លាក់​អត់​មាន​ជម្រើស​ទេ យើងខ្ញុំ​ជំរុញ​កសិករ​បន្ទាយស្រី​ងាក​មក​ដាំ​ផលិតផល​ណាមួយ​ដែលមាន​តម្លៃ​ខ្ពស់ ហើយ​វា​មិន​ឡើង​ចុះ​ខ្លាំង​»​។​
 
​កសិករ​នៅ​ស្រុក​បន្ទាយស្រី​បាន​ចងក្រង​ជា​សហគមន៍​ក្នុង​ការដាំ​ដំណាំ​តាសក់​ផ្អែម ដើម្បី​ងាយស្រួល​រក្សា​តម្លៃ​ក្នុង​ទីផ្សារ និង​ការផ្គត់ផ្គង់​ជាដើម​។ លោក ប៊ូ ម៉ាន បញ្ជាក់ថា ក្នុង​មួយ​វគ្គៗ​កសិករ​មួយ​គ្រួសារ​ដែល​ដាំ​ខ្នាត​ធំ​អាច​ដាំ​តាសក់​ផ្អែម​បាន​ចន្លោះ​ពី​២០​ទៅ​៣០​តោន ហើយ​ឆ្នាស់​គ្នា​ដាំ​ជា​បន្តបន្ទាប់​មិន​ដាច់​ឡើយ​។ ក្នុង​មួយឆ្នាំៗ ការដាំ​តាសក់​ផ្អែម​អាចធ្វើ​ឆ្នាស់​គ្នា​ប្រមាណ​៣០​ដង ដែលមាន​រយៈពេល​ចន្លោះ​២​ខែ​ទៅ​២​ខែ​ជាង​។ ដ្បិតថា បច្ចុប្បន្ន​ដំណាំ​តាសក់​ផ្អែម​កំពុងមាន​បញ្ហា​ទីផ្សារ​ក្ដី តែ​កសិករ​អ្នក​ដាំ​បញ្ជាក់ថា ពួកគេ​បន្ដ​ដាំ​ទៀត​មិន​រួញរា​ឡើយ ព្រោះ​មិន​ចង់​បោះបង់​ដំណាំ​មួយ​នេះ​។​
 
​សម្រាប់​លោក ហ្វី​ណង់ នេះ​ជា​មោ​នកភាព​របស់លោក ដែល​សឹងតែ​មិន​ជឿថា​អាចជួយ​កសិករ​ពេល​កំពុងមាន​បញ្ហា​ស្ទះ​ទីផ្សារ​បែបនេះ​។ អ្វីដែល​លោក ហ្វី​ណង់ ចង់បាន​ពី​កិច្ចការ​ទាំងនេះ​គឺ​ប្រជាជន​ខ្មែរ​ចេះ​ជួយ​ប្រជាជន​ខ្មែរ​ដូចគ្នា ជួយ​ទិញ​ផលិតផល​កសិកម្ម​រប​ស់​ពលរដ្ឋ​ខ្លួន ដោះស្រាយ​បញ្ហា​រួមគ្នា ហើយ​លោក​សង្ឃឹមថា​និន្នាការ​នេះ​នឹង​បន្ត​មាន​រហូត​៕
 

Tag:
 តាសក់​ផ្អែម​
  កសិកម្ម​
  បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com