ជាតិ
ក្រសួងទេសចរណ៍ណែនាំវិធានការបង្ការ COVID-19 សម្រាប់អាជីវកម្មស្ប៉ា-ម៉ាស្សា រូបភាពពីក្រសួងសុខាភិបាល
× ភ្នំពេញ៖ អ្នកគ្រប់គ្រងអាជីវកម្មស្ប៉ា-ម៉ាស្សា ត្រូវមានវិធានការក្នុងការបង្ការជំងឺកូរ៉ូណាវីរុស (COVID-19) ដែលបច្ចុប្បន្នកំពុងតែមានការរីករាលដាលយ៉ាងខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។
តាមការណែនាំរបស់ក្រសួងទេសចរណ៍ អ្នកគ្រប់គ្រងត្រូវផ្សព្វផ្សាយជាសាធារណៈ និងណែនាំចំណេះដឹងផ្សេងៗដូចជាការលាងសម្អាតដៃ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះទៅកាន់ភ្ញៀវ ក៏ដូចជាបុគ្គលិកផងដែរ។
ដើម្បីគាំទ្រដល់ការទប់ស្កាត់នេះ អ្នកគ្រប់គ្រងក៏ត្រូវផ្ដល់កន្លែងសម្អាតដៃដែលមានសាប៊ូ ទឹកអាល់កុល និងម៉ាស់សម្រាប់ប្រើប្រាស់ទៅតាមទីកន្លែងសាធារណៈ ដូចជា បន្ទប់ទឹក បន្ទប់ប្ដូរសម្លៀកបំពាក់ បន្ទប់ទទួលទានអាហារ និងបន្ទប់សម្រាប់បុគ្គលិកជាដើម។
អ្នកគ្រប់គ្រងត្រូវសម្អាតទីធ្លា និងសម្ភារដែលប៉ះពាល់ច្រើនដង ដូចជា ដៃទ្វារ បង្កាន់ដៃ កៅអីម៉ាស្សា និងទ្រនាប់ពូកម៉ាស្សា ដោយប្រើសាប៊ូ និងអាកុលឲ្យបាន១-២ដងក្នុងមួយថ្ងៃ និងត្រូវរក្សាអនាម័យពីការប្រើប្រាស់ កន្សែង ខ្នើយ ស្រោមខ្នើយ កម្រាល និងសម្លៀកបំពាក់ ដោយផ្លាស់ប្ដូរ ឬសម្អាតឲ្យបានម្ដងក្នុង១ថ្ងៃ។ អ្នកគ្រប់គ្រងត្រូវឲ្យបុគ្គលិករក្សាអនាម័យ ពាក់ម៉ាស និងស្រោមដៃ មុននិងក្រោយពេលផ្ដល់សេវាកម្មដល់ភ្ញៀវ។ ត្រូវគ្រប់គ្រងសំណល់ដោយការចងមាត់ថង់សម្រាមឲ្យជិត ប្រព័ន្ធលូត្រូវបិតគម្របឲ្យជិត និងប្រុងប្រយ័ត្នពេលប្រមូលសម្រាម ឬរបស់កខ្វក់ត្រូវលាងដៃជាមួយសាប៊ូ និងទឹកអាកុលផងដែរ។ អ្នកគ្រប់គ្រង ត្រូវពិនិត្យកម្ដៅបុគ្គលិកមុនពេលចូលធ្វើការ ហើយមានបុគ្គលិកណាមានជំងឺ ឬមិនស្រួលខ្លួនត្រូវអនុញ្ញាតឲ្យសម្រាកព្យាបាលនៅផ្ទះ។
Tag:
ក្រសួងទេសចរណ៍
ជំងឺវីរុសកូរ៉ូណា
© រក្សាសិទ្ធិដោយ thmeythmey.com