ជាតិ
សុខភាព
កម្ពុជា សុំបទពិសោធពី WHO ក្នុងការព្យាបាល COVID-19 ដោយប្រើថ្នាំគ្រុនចាញ់នៅចិន រូបពីនាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
× ទោះជាមិនទាន់មានពលរដ្ឋកម្ពុជាណាម្នាក់ផ្ទុកវីរុស COVID-19 ក៏ដោយ តែក្រសួងសុខាភិបាល បានស្នើសុំបទពិសោធ និងនីតិវិធីពីអង្គការសុខភាពពីភពលោក (WHO) ក្នុងការព្យាបាលអ្នកផ្ទុកវីរុសនេះ ដោយប្រើថ្នាំគ្រុនចាញ់ឈ្មោះ ក្លូរ៉ូគីន ផូស្វាត (Chloroquine Phosphate) របស់ចិន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣របស់ក្រុមការងារឆ្លើយតបការចម្លងវីរុស COVID-19។
ចិន ទើបនឹងប្រកាសថា ថ្នាំគ្រុនចាញ់ ក្លូរ៉ូគីន ផូស្វាត និង ថ្នាំបុរាណចិនឈ្មោះ TCM មានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកផ្ទុកវីរុស COVID-19។ កន្លងមក ថ្នាំបុរាណម្យ៉ាងទៀតឈ្មោះ Qingfei Paidutang ត្រូវបានប្រើប្រាស់លើការព្យាបាលអ្នកជំងឺ៧០១នាក់ ដោយក្នុងនោះ មាន១៣០នាក់ បានជាសះស្បើយ។
ក្រសួងសុខាភិបាល សរសេរក្នុងសេចក្តីជូនដំណឹងថា ការបើកកិច្ចប្រជុំខាងលើ គឺដើម្បីពិនិត្យឡើងវិញនូវបទពិសោធ និង ពិភាក្សាគ្នារិះរកនីតិវិធីប្រទាក់ក្រឡា ក្នុងការទប់ស្កាត់ការឆ្លងវីរុស COVID-19 នៅកម្ពុជា។ ក្រសួងសុខាភិបាល អះអាងទៀតថា កម្ពុជា នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋមេរិក (US-CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង ដៃគូផ្សេងៗទៀត ដើម្បីទប់ស្កាត់ការឆ្លងវីរុស COVID-19។
កន្លងមក កម្ពុជា បានរកឃើញបុរសជនជាតិវ័យ៦០ឆ្នាំម្នាក់ មានផ្ទុកវីរុស COVID-19 តែត្រូវព្យាបាលជាសះស្បើយវិញ។ ហើយថ្មីៗនេះ មានស្ត្រីជនជាតិអាមេរិកវ័យ៨៣ឆ្នាំម្នាក់ ដែលជាអ្នកទេសចរលើនាវា Westerdam ត្រូវបានរកឃើញថាផ្ទុកវីរុស COVID-19 ក្រោយចេញពីកម្ពុជា ទៅដល់ម៉ាឡេស៊ី។ តែក្រោយមក ម៉ាឡេស៊ី ក៏ប្រកាសថា ស្ត្រីអាមេរិកនោះ មិនមានវីរុសនេះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com