ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មន្ត្រី​អាហារូបករណ៍​អូស្ត្រាលី លើកទឹកចិត្ត​ឲ្យ​និស្សិត​កម្ពុជា​បន្ត​ថ្នាក់អនុបណ្ឌិត​ស្រាវជ្រាវ​
22, Feb 2020 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ អាហារូបករណ៍​អូស្ត្រាលី (Australia Awards Scholarship) គឺជា​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល អូស្ត្រាលី ដើម្បី​គាំទ្រ​ដល់​វិស័យ​អប់រំ និង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ អាហារូបករណ៍​នេះ ផ្ដល់​ឳ​កាស​ដល់ យុវជន សិស្ស​និស្សិត ដែលមាន​បំណង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា និង​បង្កើត​ការងារ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ ប្រទេស​កម្ពុជា​នាពេល​អនាគត​។


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​លោក សែម វណ្ណា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ច​ន ប្រធាន​ផ្នែក អាហារូបករណ៍​អូស្ត្រាលី​ប្រចាំ​កម្ពុជា ដូចតទៅ​៖ 



«​ផ្នែក​ដែល​សំខាន់​នៃ​ការផ្ដល់​អាហារូបករណ៍​នេះ គឺ​ផ្ដោតទៅលើ​បេក្ខជន​ថា​តើ​គេ​នឹង​ផ្លាស់ប្ដូរ​កម្ពុជា​ជា​វិជ្ជមាន យ៉ាងដូចម្ដេច​ពេល​គេ​ត្រឡប់មក​កម្ពុជា​វិញ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Jonh WALSH ប្រធាន​ផ្នែក​អាហារូបករណ៍ អូស្ត្រាលី​ប្រចាំ​កម្ពុជា​។ លោក Jonh បាន​បន្ថែមថា អាហារូបករណ៍​អូស្ត្រាលី ប្រចាំ​កម្ពុជា បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៤ ហើយ​និស្សិត​កម្ពុ​ជាជាង ៨៥០​នាក់​បានទទួល​អាហារូបករណ៍​នេះ​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​។ 
 
​បើតាម​ប្រធាន​ផ្នែក​អាហារូបករណ៍​អូស្ត្រាលី​ប្រចាំ​កម្ពុជា​រូបនេះ បាន​អះអាង​ដូច្នេះ​ថា «​យើង​បានផ្ដល់ អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ស្រាវជ្រាវ​កាលពី​ឆ្នាំមុន ហើយ​យើង​លើកទឹកចិត្ត ឲ្យ​និស្សិត​កម្ពុជា ដាក់ពាក្យ​ប្រឡង​ជំនាញ​នេះ​។ យើង​សង្ឃឹមថា​នឹងមាន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ស្រាវជ្រាវ ច្រើន​នៅ​កម្ពុជា​នាពេលខាងមុខ​។​» 
 
​បើតាម​លោក Jonh មូលហេតុ​ដែល​លោក​ជំរុញ​ឲ្យ​បេក្ខជន​កម្ពុជា​ជ្រើសរើស​ជំនាញ​ស្រាវជ្រាវ ព្រោះ​ជំនាញ​នេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ហើយ​វា​ក៏​ជា​គោលនយោបាយ​មួយ​ដែល​បាន សម្រេច​ដោយ​ស្ថានទូត​អូស្ត្រាលី​។ លោក Jonh អះអាង​បន្ថែមថា យោងតាម​ការអភិវឌ្ឍ​នៅ​កម្ពុជា ស្ថានទូត​អូស្ត្រាលី គាំទ្រ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្ថាប័ន​អភិវឌ្ឍ​គោលនយោបាយ និង​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ នៅ​កម្ពុជា ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងនោះ​ផ្ដល់នូវ​ការវិភាគ គោលនយោបាយ និង​ទស្សនៈ ដល់​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និង​គ្រឹះស្ថាន​ឯកជន​។ 
 
​បេក្ខជន​ដែលមាន​បំណង​ចង់​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​នេះ​តម្រូវ​ឲ្យ​មាន​សញ្ញាបត្រ​ផ្លូវការ​ពី​សាកលវិទ្យាល័យ ព្រឹត្តិបត្រ​ពិន្ទុ លិខិតបញ្ជាក់​អត្ត​ស​ញ្ញណ​ជាតិ លិខិតបញ្ជាក់​ការងារ​រយៈ​យ៉ាងតិច​២​ឆ្នាំ និង​ប្រវត្តិរូប​សង្ខេប​។ អាហារូបករណ៍​អូស្ត្រាលី ផ្ដល់ជូន​និស្សិត​កម្ពុជា​ទូទៅ ជាពិសេស​ស្ត្រី ជនពិការ អ្នកធ្វើការ និង​រស់​នៅតាម បណ្ដា​ខេត្ត​។ ល័​ក្ខ​ខណ្ឌ​ដើម្បី​ដាក់​ពាក្យសុំ​អាហារូបករណ៍​អូ​ស្រា្ត​លី​មានដូចជា បេក្ខជន​ត្រូវមាន បទពិសោធន៍​ការងារ​ពេញ​ម៉ោង​យ៉ាងតិច​២​ឆ្នាំ​, រស់នៅ​ប្រទេស​កម្ពុជា​យ៉ាងហោចណាស់​២​ឆ្នាំ​, មាន​ពិន្ទុ IELTS យ៉ាងតិច​៥.៥ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង ៦.៥ សម្រាប់​ថ្នាក់បណ្ឌិត​៕
 

Tag:
 អាហារូបករណ៍​
  Australia Awards
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com