ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Speaker ច្រៀង​លក្ខណៈ​គ្រួសារកំពុង​ពេញនិយម​ខ្លាំង តែ​បាន​រំខាន​ដល់​ការរស់នៅ​របស់​ពលរដ្ឋ
23, Feb 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា Speaker ឬ​ធុង​បា​ស​តូចៗ ដែល​អាច​ច្រៀង​បាន បាននិងកំពុង​តែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ស្រប​ពេលដែល​គ្រួសារ​ជាច្រើន បាន​ទិញ​វា​មក​ច្រៀង​កម្សាន្ត ក្នុងការ​ពិធី​ជួបជុំ​ផ្សេងៗ​។ ទន្ទឹមនឹង​ការរីករាយ តែ​ការ​ច្រៀង​ដោយ​សំឡេង​ខ្លាំងៗ​នេះ បាន​រំខាន​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ទៅវិញ​។​


 
ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ រ៉ឹ​ម ភា​រី ដូចតទៅ​៖ 

 
 
​សំឡេង​ចម្រៀង​ដ៏​ខ្ទរខ្ទារ​ចេញពី Speaker បាន​កំដរ​បរិ​យាស​កាស​ដ៏​រីករាយ​ សម្រាប់​អ្នកមាន​ពិធី​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ ឬ​មិត្តភក្តិ​។ ប៉ុន្តែ​សំឡេង​ចម្រៀង​ខារ៉ាអូខេ​នេះ បែរជា​ក្លាយជា​ការរំខាន​មួយ ដែល​បាន​យាយី​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ទៅវិញ​។ ពលរដ្ឋ​មួយចំនួន​រអ៊ូរទាំ​ចំពោះ​ការស្រែក​ច្រៀង​ទាំងយប់​ទាំង​ថ្ងៃ​។ ពលរដ្ឋ​ខ្លះ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អំពី​ការមិនសប្បាយចិត្ត​រប​ស់​ខ្លួន ចំពោះ​សំឡេង​រំខាន​ទាំងនេះ ខណៈដែល​ពលរដ្ឋ​ខ្លះទៀត ក៏​ទ្រាំលែងបាន រហូត​បាន​ប្តឹងទៅ​អាជ្ញាធរ ឲ្យ​ចុះមក​បញ្ឈប់​វង់​ផឹកស៊ី​ទាំងនោះ​ក៏មានដែរ​។ 
 
​លោក ស៊ុំ សេរី​រតនៈ  ដែល​ស្នាក់នៅ​ផ្ទះជួល​នៅ​សង្កាត់​ទឹកថ្លា បាន​អះអាងថា ផ្ទះជួល​របស់លោក​សម្បូ​រ​អ្នក​ច្រៀង​ខារ៉ាអូខេ​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រាក​របស់លោក បន្ទាប់ពី​លោក​ហត់នឿយ​នឹង​ការងារ​នៅពេល​ថ្ងៃ​ហើយ​នោះ​។ 
 
​បុរស​សម្បុរ​ស្រអែម វ័យ​២៣​ឆ្នាំ​រូបនេះ បាន​រៀប​រាប់ទាំង​ទឹកមុខ​ក្រញូវ​ថា​៖ «​ផ្ទះ​ខ្ញុំ​រស់នៅ​សម្បូរ​កម្មករ និង​អ្នកធ្វើការ​ច្រើន​។ ភាគច្រើន គាត់​ចូលចិត្ត​សប្បាយ​។ ពេលខ្លះ គាត់​ច្រៀង​អត់​ដឹងថា​ថ្ងៃ​សម្រាក​អី​នោះទេ ឲ្យ​តែ​គាត់​មាន​អារម្មណ៍​ចង់​ច្រៀង គឺ​គាត់​ច្រៀង​។ អីចឹង វា​ប៉ះពាល់​អារម្មណ៍​ខ្ញុំ និង​អ្នករស់នៅ​ក្បែរ​ខ្ញុំ​ខ្លះ​ដែរ​។ មួយអាទិត្យ​ខ្លះ​ច្រៀង​មួយដង តែ​ខ្លះ​ច្រៀង​ញឹកញាប់​។ នៅ​ជុំវិញ​បរិវេណ​ផ្ទះ​ខ្ញុំ មាន​ច្រើន​ក្រុម ដូច្នេះ​ពួកគេ​ច្រៀង​បណ្តាក់​គ្នា​។ ពួកគេ​ច្រៀង​អាច​ដល់​ម៉ោង​១០​យប់ ឬ​លើសពី​ហ្នឹង​។ វា​ប៉ះពាល់​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​ចេញពី​ធ្វើការ ពេលមកដល់​ផ្ទះ ខ្ញុំ​ត្រូវការ​សម្រាក​ដែរ តែ​ពេលមកដល់​ផ្ទះ​មាន​សំឡេង​រំខាន​ច្រើន​ទៀត ធម្មតា​ទាំង​បង​ទាំង​ខ្ញុំ វា​ប៉ះពាល់​អារម្មណ៍​។ ពេល​យើង​ចង់​ធ្វើ​អ្វី​ផ្សេងទៀត ក៏​វា​ប៉ះពាល់​ដែរ ដោយសារ​វា​ថ្លង់​ផង សំឡេង​បា​សហ្នឹងវា​ញ័រ​ផង ចឹ​ង​វា​អត់​សូវ​មាន​អារម្មណ៍ល្អ​ក្នុងការ​អ្វីៗ​ផ្សេង​»​។ 
 
​បើតាម​ពលរដ្ឋ​រូបនេះ កន្លងមក នៅ​ម្តុំ​ផ្ទះ​លោក មាន​គេ​ប្តឹងទៅ​អាជ្ញាធរ​ដែរ ដើម្បី​ចុះទៅ​ហាមឃាត់ តែ​បានតែ​មួយរយៈ​ពេក​ខ្លី ក្រោយមក​សកម្មភាព​នេះ ក៏​កើតឡើង​ដដែល​។ ​កញ្ញា សិន នារី និស្សិត​ម្នាក់​ដែល​រស់នៅ​ផ្ទះជួល នៅ​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ដែរនោះ បាន​លើកឡើងថា បច្ចុប្បន្ន ផ្ទះជួល​របស់​នាង​ដែលមាន​សុទ្ធសឹង​ជា​និស្សិត​រស់នៅ គឺ​ពុំមាន​ការរំខាន​អ្វី​ឡើយ តែ​សំឡេង​ចម្រៀង​ខារ៉ាអូខេ បានលឺ​ចេញពី​អ្នក​នៅក្បែរ​អគារ​ស្នាក់នៅ​នោះ​។ 
 
​បើតាម​និស្សិត​ពេទ្យ​វ័យ​២៣​ឆ្នាំ​រូបនេះ សំឡេង​រំខាន​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ និង​ការរៀនសូត្រ​របស់​នាង​ខ្លះ​ដែរ​។ កញ្ញា សិន នារី ដែល​កំពុង​អង្គុយ​ក្នុង​ហាង​កាហ្វេ ស្ងប់ស្ងាត់​មួយ ដើម្បី​គេច​ពី​សំឡេង​រំខាន​នៅ​ផ្ទះជួល​របស់ខ្លួន​នោះ បាន​រៀប​រាប់ទាំង​មិន​សប្បាយចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​មានការ​រំខាន ព្រោះ​កន្លែង​យើង​ជា​អ្នករៀន ឬ​ធ្វើការ​អ្វីមួយ យើង​ធ្វើ​អ្វីមួយ យើង​អត់​ត្រូវការ និង​មិន​ចូលចិត្ត​សំឡេង​រំខាន​ទេ​។ ពេល​មាន​សំឡេង​រំខាន យើង​ថ្លង់ ធ្វើ​ឲ្យ​យើង​បែក​អារម្មណ៍​ ឬ​បាត់​បង់ការ​ផ្ចង់អារម្មណ៍​ក្នុងការ​រៀនសូត្រ​»​។ 
 
​បន្ទាប់ពី​ការលើកឡើង​របស់​ពល​រដ្ឋ​នៅ​សង្កាត់​ទឹកថ្លា យើង​ងាក​ទៅ​សួរ​ពលរដ្ឋ​នៅ​ម្តុំ​ចោមចៅ​វិញ​ម្តង​។ លោក យាន សុភា​រ័ក្ស អាយ​២១​ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ម្តុំ​ចោមចៅ បាន​អះអាងថា លោក​រស់នៅក្នុង​បុរី​មួយ ​ដែល​មិនសូវ​មានការ​ច្រៀង​ខារ៉ាអូខេ​នោះទេ ដោយសារអ្នករស់នៅ​ក្នុង​បុរី​មានការ​គោរព​សិទ្ធិ​គ្នា​។ បើ​មានការ​ច្រៀង​កម្សាន្ត លុះត្រាតែ​មានកម្ម​វិធី​ធំដុំ​។ បើតាម​និស្សិត​ពេទ្យ​ទាហាន​រូបនេះ បើ​ទោះ​លោក​មានសំណាង​ ដែល​បានរស់នៅ​កន្លែង​ស្ងាត់​គ្មាន​ការរំខាន តែ​នៅពេល​លោក​ទៅ​ស្រុកកំណើត​ម្តងៗ លោក​ក៏​ធុញ​ទ្រាំ​នឹង​សំឡេង​ខារ៉ាអូខេ​យ៉ាង​សម្បើម​នៅ​ភូមិ​ផងដែរ​។​
 
​មាន​រូបរាង​ស្តើង និង​សម្បុរ​ស្រអែម បុរស​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ បាន​បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា ពេលខ្លះ​បើ​គាត់​ច្រៀង​លេង​ជប់លៀង​យូរ​ម្តងៗ វា​មិន​អី​ទេ ព្រោះ​មនុស្ស​យើង​កើតមក​ត្រូវការ​សប្បាយ​ខ្លះ​។ ដល់ពេល​ខ្ញុំ​ទៅ​ស្រុក​វិញ គឺ​រាល់ថ្ងៃ​ហ្មង​។ គាត់​បើក​ចាប់ពី​ព្រឹក​ទល់​យប់ ច្រៀង​ទល់​យប់ គាត់​ស្រវឹង ព្រលឹម​ឡើង​គាត់​ផឹក​ទៀត​។ ពេលខ្លះ​ធុញ​ដែរ តែ​យើង​មិនដឹង​ធ្វើ​ម៉េច យើង​មិនអាច​ទៅប្រាប់​គេ​ថា ពូ​ឯង​ឈប់​ទៅ​អីចឹង ព្រោះ​វា​ជា​សិទ្ធិ​របស់គេ​។ គ្រាន់តែ​អារម្មណ៍​យើង​មិនសូវ​ពេញចិត្ត​។ បើ​និយាយ​ឲ្យ​អាក្រក់​ស្តាប់ គួរតែ​យកចិត្ត​គេ​ដាក់​ក្នុង​ចិត្ត​យើង​ផង​។ ពេលខ្លះ​មនុស្ស​យើង មិនមែន​គេ​មិន​ចូលចិត្ត​សប្បាយ​នោះទេ តែ​វា​មាន​ដែន​កំណត់​។ អូ​!​ម៉ោង​ណា​ត្រូវ​សប្បាយ ជួបជុំ​បងប្អូន​ម្តងម្កាល តែបើ​សប្បាយ​រាល់ថ្ងៃ​ពេក វា​ហួសហេតុ​!»​។ 
 
​តាមពិតទៅ ការរំខាន​ដោយ​សំឡេង វា​ផ្នែក​មួយ​ដែល​បានធ្វើ​ឲ្យ​ខូចខាត​ដល់​គុណភាព​បរិស្ថាន និង​សុខភាព​សាធារណៈ​។  អនុក្រឹត្យ​ស្តីពី​៖ ការត្រួតពិនិត្យ​ការបំពុល​ខ្យល់ និង​ការរំខាន​ដោយ​សំឡេង​ឆ្នាំ​២០១៧ ត្រង់​មាត្រា​៣ ចំណុច​«​ក​» បាន​ពន្យល់ថា ប្រភព​នៃ​ការបំពុល​ចែកចេញជា​ពីរ គឺ​ប្រភព​ចល័ត ដែលជា​ប្រភព​មាន​ទីតាំង​មិន​ស្ថិតនៅ​អចិ​ន្ត្រៃ​មួយកន្លែង រួមមាន​ជាអាទិ៍​៖ យន្តហោះ នាវា​ដឹកជញ្ជូន យានយន្ត គ្រឿងយន្ត និង​គ្រឿង​បំពង​សំឡេង​គ្រប់​ប្រភេទ​។ ប្រភព​អចល័ត ជា​ប្រភព​ដែល​ស្ថិតនៅលើ​ទីតាំង​អចិន្ត្រៃយ៍ មាន​ជាអាទិ៍​៖ រោងចក្រ សហគ្រាស ឃ្លាំង​ស្តុក​សម្ភារ ការដ្ឋាន​សំណង់ ឡ​ដុត​សំរាម គ្រឿង​បំពង​សំឡេង​សិប្បកម្ម និង​កសិដ្ឋាន​គ្រប់​ប្រភេទ​។ 
 
​ទាក់ទង​នឹង​បញ្ហា​នេះ លោក នេ​ត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា ការប្រគំ​តន្ត្រី​នានា ច្បាប់រដ្ឋបាល​អនុញ្ញាត​ឲ្យ​មានការ​បំពង​សំឡេង​ត្រឹម​ម៉ោង​១០​យប់ និង​ត្រូវ​គិតគូរ​ពី​កម្រិត​សំឡេង ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​ដល់​ពលរដ្ឋ​ផ្សេងទៀត​។ 
 
​លោក នេ​ត្រ ភក្ត្រា អះអាងថា បច្ចុប្បន្ន រាជធានី​ភ្នំពេញ មិនទាន់មាន​ការបំពុល​ដោយ​សំឡេង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះទេ​។ យ៉ាងណា​កន្លងមក មន្ត្រី​របស់​ក្រសួង ឬ​អាជ្ញាធរ បាន​ចុះទៅ​កន្លែង​បំពង​សំឡេង ​ដែល​មិន​ស្របតាម​ស្តង់ដារ​បច្ចេកទេស ដើម្បី​ធ្វើការ​អប់រំ និង​ណែនាំ​ឬ ពិន័យ បន្ទាប់ពី​មានការ​ប្តឹងផ្តល់​ពី​ពលរដ្ឋ​។​
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​នឹង​ការបំពុល​ដោយ​សំឡេង​នេះ គឺ​កន្លងទៅ ក្រសួងបរិស្ថាន​របស់​យើង ​ណែនាំ​ដល់​កន្លែង​ចាក់​ភ្លេង ឬ​ការប្រគំ​តន្ត្រី សូម​ឲ្យ​គោរព​ពេលវេលា​ដែល​ច្បាប់​អនុញ្ញាត​។ ដោយ​មិន​ចាក់​ខ្លាំង និង​រំខាន​ដល់​ដំណេក​របស់​ប្រជាពលរដ្ឋ​នៅពេល​រាត្រី​ដែរ​។ សមរម្យ គឺ​ត្រឹម​ម៉ោង​១០​យប់​ចុះក្រោម​។ កន្លងទៅ យើង​ទទួលបាន​ការប្តឹង​ពី​សណ្ឋាគារ​មួយចំនួន ដែល​នៅក្បែរ​កោះ​ពេជ្រ ព្រោះ​នៅ​កោះ​ពេជ្រ​មានការ​ប្រគំ​តន្ត្រី​ចាក់​សំឡេង​ខ្លាំងៗ​។ បន្ទាប់មក មន្ត្រី​ជំនាញ​របស់​យើង បាន​ចុះទៅ​ណែនាំ ដើម្បី​កាត់បន្ថយ​ការ​បំពង​សំឡេង​ដែលជា​ការរំខាន​»​។ 
 
​ចំណែក ការ​បំពង​សំឡេង​ក្នុង​ការសប្បាយ​ជួបជុំ ​ជា​លក្ខណៈ​ធម្មតា​នៅ​គេហដ្ឋាន​វិញ លោក នេ​ត្រ ភក្ត្រា សំណូមពរ​ឲ្យ​ពលរដ្ឋ​មាន​គោរព​សិទ្ធិ​គ្នា​ទៅវិញ​មក​។ លោក​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​៖«​ពាក់ព័ន្ធ​នឹង​ការចាក់​ធុង​បា​ស ឬ​ចាក់​ចម្រៀង​នៅ​ភូមិ​ឃុំ អាហ្នឹង យើង​គិត​អំពី​សីលធម៌​របស់​មនុស្ស​វិញ​។ ត្រូវគោរព​អ្នកជិតខាង​របស់ខ្លួន គោរព​សិទ្ធិ​អ្នក​ផ្សេងទៀត​។ នេះ​ជាការ​អប់រំ​ណែនាំ​របស់​អាជ្ញាធរ ​ក៏ដូចជា​ការយល់ដឹង​អំពី​សីលធម៌​របស់​អ្នកប្រើប្រាស់​តែម្តង​»​។ 
 
​បន្ថែម​ពីនេះ ទាំង​លោក​នេ​ត្រ ភក្ត្រា និង​ពលរដ្ឋ​ខាងលើ ចង់​ឲ្យ​ពលរដ្ឋ​ដែល​ចូលចិត្ត​ច្រៀង​ខារ៉ាអូខេ ឬ​ចូលចិត្ត​បើក​ធុង​បា​ស​ក្នុងការ​ជួបជុំ​ផ្សេងៗ​នោះ ត្រូវគោរព​សិទ្ធិ​របស់​អ្នកដទៃ ដើម្បី​អាច​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភារត​ភាព សេចក្តីថ្លៃថ្នូរ និង​សុខដុមរមនា​៕  

Tag:
 Speaker
 ​ការរំខាន
© រក្សាសិទ្ធិដោយ thmeythmey.com