ជាតិ
២៥ខេត្ត/រាជធានី
«​សហគមន៍​ព្រៃឈើ​»​ដែល​ប្រឹង​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​នឹង​ទទួលផល​ត​ជំនាន់​
22, Feb 2020 , 2:31 pm        
រូបភាព
ដោយ:
​សៀមរាប​៖ «​ព្រៃឈើ​ចង្ក្រាន​រយ​»​ដែល​ធំជាងគេ​នៅក្នុង​ខេត្តសៀមរាប បានប្រែក្លាយ​ពី​ព្រៃ​ដែល​ជនខិលខូច​លួច​កាប់​ឈើប្រណិតៗ​យ៉ាង​អនាធិបតេយ្យ មកមានការ​រៀបចំ​គ្រប់គ្រងបាន​ត្រឹមត្រូវដោយ​សហគមន៍ យកចិត្តទុកដាក់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង​បង្កើត​ទៅជា «​តំបន់​អេកូ​ទេ​ចរណ៍​»​ដ៏​ទាក់ទាញ និង​ជាពិសេស បានផ្តល់​ចំណូល​ដល់​ប្រជា​សហគមន៍​ថែម​ទៀតផង​។ លោក ឆឹង ស៊ុ​វិ​រិ​យ៉ា អ្នកសម្របសម្រួល​គោលនយោបាយ និង​បណ្តាញ​នៃ​អង្គការ NTFP-EP ដែល​កំពុង​គាំទ្រ​សកម្មភាព​របស់​សហគម​ន៍ បាន​ឲ្យ​ដឹងថា កាលដែល​ប្រជា​សហគមន៍​យល់ដឹង​ពី​យន្តការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ គឺ​ពួកគាត់​អាច​កាត់បន្ថយ​នូវ​ហា​នី​ភ័យ​នៃ​គ្រោះមហន្តរាយ​ផ្សេងៗ​។ យន្តការ​ឆ្លើយតប​នេះ អាចធ្វើ​ឲ្យ​សហគមន៍​ព្រៃឈើ​របស់​ពួកគាត់​មាន​និរន្តរភាព ដែល​អាច​បន្ត​ផ្តល់​ជា​ប្រយោជន៍ និង​ចំណូល​យូរអង្វែង​។​



​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ជាមួយ​លោក ជាវ សំណាង អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឆឹង ស៊ុ​វិ​រិ​យ៉ា អ្នកសម្របសម្រួល​គោលនយោបាយ និង​បណ្តាញ​នៃ​អង្គការ NTFP-EP ដូចតទៅ​៖



តំបន់​ព្រៃឈើ​ចង្ក្រាន​រយ​ដែលមាន​ទំហំ​ជិត​១​ម៉ឺន​ហិកតា ស្ថិតនៅ​ក្នុងស្រុក​វ៉ារិន ខេត្តសៀមរាប ធ្លាប់បាន​នឹង​កំពុង​ទទួលរង​នូវ​ការកាប់​ទន្ទ្រាន​ព្រៃឈើ​ពី​ជនខិលខូច​មួយចំនួន​។ ករណីនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ តាមរយៈ​ការ​អាស្រ័យ​ផល​ពី​ព្រៃឈើ​ដ៏​ធំ​នេះ រួមទាំង​ធ្វើ​ឲ្យ​បាត់បង់​ជម្រក​សត្វព្រៃ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ផងដែរ​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ការណ៍​ដែល​បាត់បង់​ព្រៃឈើ​នេះ ត្រូវបាន​លោក ឆឹង ស៊ុ​វិ​រិ​យ៉ា អះអាងថា ក៏បាន​ជិះ​ឥ​ទិ្ធ​ពល​យ៉ាងខ្លាំង​ដល់​ការប្រែប្រួល​អាកាសធាតុ​ផងដែរ ខណៈ​ព្រៃ​សហគមន៍​ធំ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ក្រុង​សៀមរាប ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​នេះ ជា​តំបន់​បាន​នឹង​កំពុង​ជួប​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ ដែលអាច​បង្ករ​ឲ្យ​មាន​ភ្លើង​ចេះ​ព្រៃ​ជាដើម​។​

​នៅ​ឆ្នាំ​២០១០ សហគមន៍​អេកូ​ទេ​សចណ៍​ចង្ក្រាន​រយ​ត្រូវបាន​បង្កើតឡើង ដោយមានការ​ផ្តួចផ្តើមពី​ប្រជាពលរដ្ឋ​រស់នៅ​ទីនេះ និង​ទទួលបាន​ការគាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​កម្មវិធី​ផ្លាសប្តូរ​បទពិសោធន៍​អនុផល​ព្រៃឈើ​កម្ពុជា (NTFP-EP)​។ ក្រោយមក​ប្រជា​សហគមន៍​បានចាប់ផ្តើម​អនុវត្ត​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​បន្ត​និរន្តរភាព ធ្វើ​វប្បកម្ម​ព្រៃឈើ បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ និង​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ ទាញ​ចំណូល​ពី​សក្តានុពល​ព្រៃ​សហគមន៍​មួយ​នេះ​។​

អត្ថបទទាក់ទង


​រយៈពេល​៥​ឆ្នាំ​ដែល​អង្គការ NTFP-EP បាន​អនុវត្តន៍​គម្រោង​នៅ​ចង្ក្រាន​រយ​នេះ លោក ឆឹង ស៊ុ​វិ​រិ​យ៉ា អ្នកសម្របសម្រួល​គោលនយោបាយ និង​បណ្តាញ​នៃ​អង្គការ NTFP-EP បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន មាន​ប្រជា​សហគមន៍​ប្រមាណ​៣០០​គ្រួសារ ទទួលបាន​ផលប្រយោជន៍​ដោយផ្ទាល់​ពី​សហគមន៍ តាមរយៈ​ការ​បង្កើតជា​អេកូ​ទេសចរណ៍ ដោយមាន​ក្រុម​អ្នក​ចុះ​ល្បាត​ព្រៃឈើ​, ក្រុម​ចុងភៅ និង​ក្រុម​នាំ​ភ្ញៀវ​ទេចរ​ទៅ​កម្សាន្ត​ក្នុងព្រៃ​សហគមន៍​ជាដើម​។ លើសពីនេះ ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ​២​ពាន់​គ្រួសារ​ផ្សេងទៀត ដែល​រស់នៅ​ក្នុងស្រុក​វ៉ារិន កំពុង​ទទួលបាន​ផលប្រយោជន៍​ដោយ​ប្រយោល​ពី​ព្រៃ​សហគមន៍​ចង្ក្រាន​រយ​ផងដែរ​។​

​បើទោះជា មិនទាន់​អាច​គ្រប់គ្រង​ព្រៃ​សហគមន៍​នេះ ដោយ​គ្មាន​វត្តមាន​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវ​ល​ក៏ពិតមែន តែ​ប្រជា​សហគមន៍​ដែល​ដឹកនាំ​ដោយ​ក្រុម​គណៈកម្មការ​សហគម​ន៍ កំពុង​បន្តសកម្មភាព​ឆ្លើយ​បត​នឹង​ការប្រែប្រួល​អាកាសធាតុ​។ សកម្មភាព​ដែល​ត្រូវ​អនុវត្តន៍​ដូចជា ការពារ​ព្រៃឈើ​, បង្កើន​អនុផល​ព្រៃឈើ​, អភិវឌ្ឍន៍​ទីតាំង​ទេ​ចរណ៍​ក្នុងព្រៃ​សហគមន៍ ដែល​អាច​បន្ត​ផ្តល់​ជា​ប្រយោជន៍ និង​ចំណូល​ដល់​អនាគត​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគាត់​៕

© រក្សាសិទ្ធិដោយ thmeythmey.com