ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ហង់ ពៅ ប្រាប់ពីបច្ចេកទេសដែលលោកធ្វើឱ្យប្រព័ន្ធទឹកបុរាណដែលស្លាប់ជាង៥០០ឆ្នាំមានជីវិតឡើងវិញ
× សៀមរាប៖ ក្រៅពីកិច្ចការអភិរក្ស សមិទ្ធផលមួយទៀតដែលលេចធ្លោសម្រាប់អាជ្ញាធរអប្សរាក្នុងកិច្ចការគ្រប់គ្រងរមណីយដ្ឋានអង្គរ នោះគឺការគ្រប់គ្រងទឹក។ គេដឹងថា អ្នកជំនាញបានរកឃើញនិងស្ថារប្រព័ន្ធធារាសាស្ដ្រសម័យបុរាណ ដែលបាត់បង់ឬស្លាប់ជាង៥០០ឆ្នាំឱ្យរស់ឡើងវិញ បម្រើប្រយោជន៍ទាំងកិច្ចការអភិរក្សប្រាសាទ និងប្រជាពលរដ្ឋក្នុងតំបន់។ ចាប់តាំងពីសមិទ្ធផលនេះកើតឡើង ក្នុងតំបន់អង្គរមិនដែលមានបញ្ហាខ្វះទឹកទេ ហើយថែមទាំងបញ្ជៀសជំនន់ទឹកភ្លៀងមិនឱ្យជន់លិចប្រាសាទផង។ អគ្គនាយកអាជ្ញាធរអប្សរា លោក ហង់ ពៅ ដែលដឹកនាំដោយផ្ទាល់លើកិច្ចការនេះប្រាប់ថា លោកគ្រាន់តែធ្វើឱ្យប្រព័ន្ធធារាសាស្ដ្របុរាណ ឱ្យរស់វិញតែប៉ុណ្ណោះ ហើយនេះជាអ្វីដែលអន្ដរជាតិឱ្យតម្លៃដល់បេតិកភណ្ឌខ្មែរ។
សូមស្ដាប់ប្រសាសន៍របស់លោក ហង់ ពៅ ដែលឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានក្នុងឱកាសបើកពិព័រណ៍សមិទ្ធផលការងារ២៥ឆ្នាំ នៅថ្ងៃទី១៥ កុម្ភៈ នៅមុខប្រាសាទអង្គរ ដូចតទៅ
នៅឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុអង្គរវត្ត គោករីងទឹក ហើយស្របពេលនោះលោក ហង់ ពៅ ទើបចូលធ្វើការនៅអាជ្ញាធរអប្សរា។ មានសំណួរ២ដែលចោទលើអ្នកជំនាញទឹករូបនេះ ទី១ បើសិនបុព្វបុរសខ្មែរបង្កើតកសិន្ធុ បារាយណ៍ធំៗ ប្រសិនបើអត់មានប្រព័ន្ធបញ្ចូលទឹក តើបង្កើតយ៉ាងដូចម្ដេច? ទី២ ចុះហេតុអ្វីបុព្វបុរសខ្មែរត្រូវការទឹកច្រើនម្លេះ? ក្រោយពេលរកឃើញចម្លើយទាំងនេះរួចហើយ សំណួរដ៏ធំមួយទៀត ថាតើត្រូវដោះស្រាយបែបណា? ក្រោយសិក្សាស៊ីជម្រៅរួចមក អគ្គនាយកអាជ្ញាធរអប្សរារកឃើញថា បុព្វបុរសខ្មែរពឹងលើស្រទាប់ខ្សាច់ធ្វើជាគ្រឹះ ដើម្បីទ្រប្រាសាទដែលមានទម្ងន់មហាសាល។ ស្រទាប់ដីខ្សាច់ ត្រូវការទឹកក្រោមដីជាចាំបាច់ ដើម្បីបង្ហាប់ ធ្វើឱ្យគ្រឹះប្រាសាទមានភាពរឹងមាំ។
នៅចុងឆ្នាំ២០០៧ ប្រព័ន្ធធារាសាស្ដ្រនៅបារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ សរុបប្រមាណ៥២គីឡូម៉ែត្រ ត្រូវបានស្ដារឡើងវិញ។ ការស្ដារឡើងវិញនេះ គឺជាការធ្វើឱ្យប្រព័ន្ធធារាសាស្ដ្របុរាណដែលស្លាប់ជាង៥០០ឆ្នាំ ឱ្យមានជីវិតឡើងវិញ។ ជាបន្តបន្ទាប់ នាយកដ្ឋានគ្រប់គ្រងទឹកដែលពេលនោះគ្រប់គ្រងដោយលោក ហង់ ពៅ ផ្ទាល់ បានរៀបចំស្ដារប្រព័ន្ធប្រឡាយ កសិន្ធុ និងសាងសង់ទ្វារទឹកខ្វាត់ខ្វែង ធ្វើឱ្យតាមកសិន្ធុ និងបារាយណ៍ធំៗមានទឹកប្រើប្រាស់ឡើងវិញ និងអាចបញ្ជៀសទឹកក្នុងរដូវភ្លៀង។
សម្រាប់អគ្គនាយកអាជ្ញាធរជាតិអប្សរា នេះជាមោទកភាពមួយរបស់អាជ្ញាធរអប្សរា ក្នុងគោលគំនិតមិនត្រូវការប្រើអ្វីដែលថ្មី គឺគ្រាន់តែជួសជុលអ្វីដែលមានពីបុរាណឱ្យដើរឡើងវិញតែប៉ុណ្ណោះ។ ចំណុចនេះហើយ ដែលអង្គការយូណេស្កូ និងស្ថាប័នអន្ដរជាតិជាច្រើនទៀតកោតសរសើរ គេចង់ដឹង និងសុំឱ្យចែករំលែកបទពិសោធន៍ក្នុងការរៀបចំ ដ្បិតថាវាមានផលប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋក្នុងតំបន់។
ទាក់ទងនឹងទឹកនេះដែរ តាមការបញ្ជាក់ពីលោក ហង់ ពៅ អាជ្ញាធរអប្សរាក៏កំពុងសហការជាមួយប្រទេសបារាំង ក្នុងបំណងភ្ជាប់ប្រព័ន្ធធារាសាស្ដ្របុរាណជាមួយបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបភ្លាមៗពេលមានការតម្រូវការ និងបញ្ហាផ្សេងៗ។ «ថ្ងៃអនាគត យើងចង់ឱ្យប្រព័ន្ធធារាសាស្ដ្រវាមានលក្ខណៈទំនើប តែដើរនៅក្នុងនាមបុរាណ»។ នេះជាការបញ្ជាក់របស់លោក ហង់ ពៅ៕
Tag:
ទឹក
អប្សរា
ហង់ ពៅ
អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com