ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ធ្វើ​ជំនួញ​បាន​ប្រាក់​ច្រើន តែ​ធ្វើ​ឱ្យគេ​ឈឺចាប់ មិនមែនជា​ជោគជ័យ​ឡើយ​
22, Feb 2020 , 8:19 pm        
រូបភាព
រូបថត ព្រះអង្គផ្តល់ឲ្យ
រូបថត ព្រះអង្គផ្តល់ឲ្យ
ដោយ:
​ភ្នំពេញ​៖ សម្រាប់​អ្នកជំនួញ ភាពជោគជ័យ​របស់គេ គឺ​មុខរបរ​របស់​ពួកគេ​មាន​ប្រាក់ចំណេញ​។ តែ​នៅក្នុង​ព្រះពុទ្ធសាសនា ភាពជោគជ័យ​ពិតប្រាកដ គឺមាន​ទាំង​ប្រាក់ចំណេញ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកដទៃ និង​សង្គម​។ ព្រះតេជព្រះគុណ សុខ សុ​ផៃ មាន​សង្ឃដីកា​ថា ការប្រកប​របរ​ដែល​បំផ្លាញ​អ្នកដទៃ មិនមែនជា​ភាពជោគជ័យ​នោះទេ​។ តើ​អ្វី​ជា​ភាពជោគជ័យ​ពិតប្រាកដ​សម្រាប់​ជីវិត​?



​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី និង ព្រះ​តេជគុណ សុខ សុ​ផៃ ដូចតទៅ​៖

 
 
​បច្ចុប្បន្ន មនុស្ស​តែងតែ​ឱ្យ​តម្លៃ​លើ​ភាពជោគជ័យ​ទៅលើ​មុខរបរ ឬ​មុខ​ជំនួញ​។ តែ​សម្រាប់​ភាពជោគជ័យ​សំខាន់​ជាង​នេះនោះ គឺ​ការចេះ​គ្រប់គ្រង​ខ្លួនឯង​។ ព្រះពុទ្ធ​ទ្រង់​សម្តែង​ថា​«​ការគ្រប់គ្រង​ខ្លួនឯងបាន ជា​កំពូល​មនុស្ស​»​។ នេះ​ជា​សង្ឃដីការ​របស់​ព្រះ​តេជគុណ សុខ សុ​ផៃ ដែល​គង់នៅ​វត្ត​និគ្រោធ​វ័ន ហៅ​វត្ត​គល់​ទទឹង ក្នុង​ខណ្ឌ​ច្បារអំពៅ​នៃ​រាជធានី​ភ្នំពេញ​។ 
​បើតាម​សង្ឃដីកា​របស់​ព្រះ​តេជគុណ គោលការណ៍​នៃ​ភាពជោគជ័យ​តាម​ទ្រឹស្តី​ពុទ្ធសាសនា គឺ​ទាល់តែ​អាច​យកឈ្នះ​ខ្លួន​ផង និង​ឈ្នះ​អ្នកដទៃ​ផង ពោលគឺ​ការធ្វើ​ឲ្យ​ខ្លួនឯង និង​អ្នកដទៃ​មាន​សេចក្តីសុខ​។  
 
​ព្រះ​តេជគុណ​ពន្យល់ថា​៖ «​ទ្រឹស្តី​ពុទ្ធសាសនា​ចែងថា ធម្មតា​របស់​ក្នុង​លោក​មិន​ទៀងទេ​។ ដូច្នេះ ត្រូវមាន​ភាពជោគជ័យ​ក្នុង​ខ្លួនឯង ពោល គឺ​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ទទួលស្គាល់​ការពិត​នៃ​រឿងរ៉ាវ​។ រឿង​រ៉ាង​ក្នុង​លោក វា​តែងតែ​ប្រែប្រួល​ហើយ យើង​មិនអាច​ជោគជ័យ​មួយជីវិត​ទេ​។ វា​តែងតែមាន​ភាពបរាជ័យ​ខ្លះ ឬ​ជួប​រឿង​ស្មុគស្មាញ​ខ្លះ​។ ពេល​យើង​មានជ័យ​ជម្នះ​លើ​ខ្លួនឯង មានន័យថា គ្រប់គ្រង​ខ្លួនឯងបាន ពេល​ជួប​រឿង​ទុក្ខ យើង​មិនសូវ​កើតទុក្ខ​។ អាហ្នឹង ជោគជ័យ​ក្នុង​មុខ​ជំនួញ​ហើយ ជោគជ័យ​លើ​ខ្លួនឯង​ទៀត​។ ជោគជ័យ​នេះ មិន​ត្រឹមតែ​សម្រាប់​សុភមង្គល​ខ្លួនឯង​ទេ សូម្បី​អ្នក​នៅ​ជុំវិញខ្លួន​យើង​ក៏មាន​សុភមង្គល​ដែរ​»​។​
 
​នៅពេលដែល​សួរថា តើ​ការប្រកប​របរ​ទុច្ចរិត​ទទួលបាន​ជោគជ័យ អាច​ចាត់ទុកថា ជា​រឿង​ជោគជ័យ​សម្រាប់​ជីវិត​ដែរឬទេ​? ព្រះ​តេជគុណ សុខ សុ​ផៃ មាន​សង្ឃដីកា​ថា ព្រះពុទ្ធ​មិន​គាំទ្រ​ភាពជោគជ័យ​នៅលើ​គំនរ​ទុក្ខ​អ្នកដទៃ​នោះទេ​។ 
 
​បើតាម​ទ្រឹស្តី​ពុទ្ធសាសនា ការងារ​៥​យ៉ាង រួមមាន​៖ ការជួញដូរ​មនុស្ស ការជួយ​ដូរ​សត្វ ការជួញដូរ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង ការជួញដូរ​ថ្នាំ​ពិស​និង​ថ្នាំពុល និង​ការជួញដូរ​អាវុធ សុទ្ធសឹង​ជាការ​ងារ ដែល​បាន​បាន​បៀតបៀន​អ្នកដទៃ និង​ផ្តល់​ទុក្ខទោស​ដល់​អ្នកដទៃ​។   តាម​ទ្រឹស្តី​ព្រះពុទ្ធសាសនា មនុស្ស​ត្រូវ​ប្រកបការងា​រ​ត្រឹមត្រូវ (​សម្មាអាជីវៈ​) មានន័យថា ការងារ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ខ្លួន​ផង មិន​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់ និង​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ផងដែរ​៕ 
 

Tag:
 ជោគជ័យ​
 ​ពុទ្ធសាសនា
© រក្សាសិទ្ធិដោយ thmeythmey.com