អន្តរជាតិ
EU៖ ការរំលាយបក្សអនាគតឈានមុខ ជាការដើរថយក្រោយនៃប្រព័ន្ធពហុបក្សថៃ លោក Thanathorn Juangroongruangkit ប្រធានគណបក្សអនាគតឈានមុខដែលត្រូវបានរំលាយដោយតុលាការធម្មនុញ្ញថៃ។ រូបថត៖ AP
× សហភាពអ៊ឺរ៉ុប(EU) នាថ្ងៃទី២១ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍មួយជុំវិញបញ្ហារំលាយគណបក្សអនាគតឈានមុខ របស់លោក Thanathorn Juangroongruangkit។ តាមរយៈសេចក្តីថ្លែងការណ៍នេះ សហភាពអ៊ឺរ៉ុប បានលើកឡើងថា ការរំលាយបក្សអនាគតឈានមុខ គឺជាដំណើរថយក្រោយនៃប្រព័ន្ធពហុបក្សថៃ។
បន្ទាប់ពីតុលាការធម្មនុញ្ញថៃ នាថ្ងៃទី២១ ខែកុម្ភៈ បានប្រកាសរំលាយគណបក្សអនាគតឈានមុខរបស់លោក Thanathorn Juangroongruangkit ពាក់ព័ន្ធរឿងលុយចំនួន៦លានដុល្លារ សេវាកិច្ចការបរទេសរបស់អ៊ឺរ៉ុប (EEAS) ដែលជាផ្នែកមួយរបស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយតែប៉ុណ្ណោះ ជុំវិញបញ្ហាដ៍ចម្រូងចម្រាស់នៅក្នុងប្រទេសថៃ ។
បើតាមអ្នកនាំពាក្យរបស់សេវាកិច្ចការបរទេសរបស់អ៊ឺរ៉ុបក្នុងសេចក្តីថ្លែងការណ៍ ការរំលាយបក្សអនាគតឈានមុខ និងការហាមឃាត់សមាជិកសភាពីមុខតំណែង គឺជាការដើរថយក្រោយនៃប្រព័ន្ធពហុបក្សរបស់ថៃ ដែលទើបតែស្តាឡើងវិញនាការបោះឆ្នោតឆ្នាំ ២០១៩។ ពាក់ព័ន្ធនឹងបញ្ហានេះ សហភាពអឺរ៉ុប ទទូចឲ្យបរិកាសនយោបាយនៅក្នុងប្រទេសថៃ នៅតែបើកចំហ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ EEAS ដដែល ការបើកចំហនយោបាយនៅថៃក្នុងបរិបទនេះ គឺសំខាន់ណាស់ ដើម្បីប្រាកដថាសមាជិកសភារបស់បក្សអនាគតឈានមុខ នៅតែអាចបន្តកិច្ចការក្នុងសភាបាន បើទោះបីជាគណបក្សត្រូវបានរំលាយក៏ដោយ។
ចំណែកស្ថានទូតអាមេរិកប្រចាំនៅប្រទេសថៃវិញ បានបញ្ចេញសេចក្តីព្រួយបារម្ភរបស់ខ្លួនតាមរយៈសេចក្តីថ្លែងការណ៍ថា ការរំលាយបក្សអនាគតឈានមុខ គឺប្រៀបដូចជាបាត់បង់អ្នកតំណាងរបស់ប្រជាជនថៃជាង ៦លាននាក់ដូច្នោះដែរ។
សូមបញ្ជាក់ថា គណបក្សអនាគតឈានមុខ គឺជាគណបក្សធំជាងគេទីបីនៅក្នុងប្រទេសថៃ ដែលទទួលបានសំឡេងគាំទ្រជាង ៦លានសំឡេង ក្នុងការបោះឆ្នោតនាខែមីនា ឆ្នាំ ២០១៩។ នារសៀលថ្ងៃទី២១ ខែកុម្ភៈ តុលាការធម្មនុញ្ញថៃ បានបោះឆ្នោតក្នុងសំឡេងគាំទ្រ៧ និងប្រឆាំង២ ក្នុងការរំលាយគណបក្សមួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com