ជាតិ
សង្គមជាតិ
អាមេរិក​ថា ស្ត្រី​ជនជាតិ​ខ្លួន ដែល​ចេញពី​ខ្មែរ​ទៅ​ម៉ាឡេស៊ី មិនមាន COVID-19 តាំងពីដើម​មក​
22, Feb 2020 , 4:03 pm        
រូបភាព
នាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ ស្រ្តីជនជាតិអាមេរិកម្នាក់ និង ស្វាមី បានចេញពីនាវានេះ ទៅកាន់ម៉ាឡេស៊ី ក្នុងគោលដៅធ្វើដំណើរបន្តទៅអាមេរិក តែត្រូវបានឃាត់ខ្លួនទុកព្យាបាល ក្រោយម៉ាឡេស៊ី អះអាងថា ស្រ្តីអាមេរិកនោះ មានវីរុស COVID-19។ ស្វាមីរបស់គាត់ ក៏ត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេដែរ ទោះជារកឃើញថាមិនបានឆ្លងវីរុស COVID-19 ក៏ដោយ។ រូបពី AFP
នាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ ស្រ្តីជនជាតិអាមេរិកម្នាក់ និង ស្វាមី បានចេញពីនាវានេះ ទៅកាន់ម៉ាឡេស៊ី ក្នុងគោលដៅធ្វើដំណើរបន្តទៅអាមេរិក តែត្រូវបានឃាត់ខ្លួនទុកព្យាបាល ក្រោយម៉ាឡេស៊ី អះអាងថា ស្រ្តីអាមេរិកនោះ មានវីរុស COVID-19។ ស្វាមីរបស់គាត់ ក៏ត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេដែរ ទោះជារកឃើញថាមិនបានឆ្លងវីរុស COVID-19 ក៏ដោយ។ រូបពី AFP
ដោយ: ថ្មីៗ
​ស្ត្រី​ជនជាតិ​អាមេរិក​វ័យ​៨៣​ឆ្នាំ ជា​អ្នកទេសចរ​តាម​នាវា Westerdam ដែល​ចេញពី​កម្ពុជា​ជាមួយ​ស្វាមី ទៅកាន់​ម៉ាឡេស៊ី «​មិន​ធ្លាប់មាន​វីរុស COVID-19» នោះទេ​។ លោក Richard Quartarone អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក (US-CDC) បានប្រកាស​ដូច្នេះ ហើយ​ត្រូវបាន​សារព័ត៌មាន​មួយរបស់អាមេរិក​ឈ្មោះ USA Today ដកស្រង់​យកទៅ​ចុះផ្សាយ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​។


 
​លោក Richard អះអាងថា ទេសចរ​ទាំងអស់ តាម​នាវា Westerdam ដោយ​រួមទាំង​ស្ត្រី​អាមេរិក​នោះ​ផង ត្រូវបានធ្វើ​តេស្តរ​កវី​រុស COVID-19 ដោយ​លទ្ធផល គឺ​អវិជ្ជមាន​។ លោក Richard បន្តថា មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក បានទទួល​លទ្ធផល​ធ្វើតេស្ត​នេះ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ​។​
 
USA Today បាន​ស្រង់​សម្តី​របស់លោក Richard ទៅ​សរសេរថា​៖«​ស្ត្រី​អាម​រិ​កវ័យ​៨៣ ដែល​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នោះ អាច​នឹងមាន​ជឺ​ងឺ​ផ្លូវដង្ហើម តែ​មិនមែន COVID-19 ទេ​»​។
 
​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ស្រាប់តែ​អ្នកស្រី Wan Azizah Ismail ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បញ្ជាក់​ឡើងវិញ ក្នុង​សន្និសីទកាសែត​ថា ស្ត្រី​អាមេរិក​នោះ មិនមាន​វីរុស COVID-19 ឡើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា កម្ពុជា ទទួលបាន​យុត្តិធម៌ បន្ទាប់ពី​ភាគី​ម៉ាឡេស៊ី​បញ្ជាក់​ឡើងវិញ​យ៉ាង​ដូច្នេះ​។​
 
​យ៉ាងណា សម្តី​របស់​អ្នកស្រី ហាក់​មិនបាន​បញ្ជាក់​ន័យ​ឲ្យ​ច្បាស់​ឡើយ​ថា ស្ត្រី​អាមេរិក​នោះ មិនមាន​វីរុស COVID-19 តាំងពីដើម​មក ឬមួយ​ក៏​គាត់ មាន​មែន តែ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​វីរុស​បាន​ងាប់​អស់​ទៅវិញ ដូច​ករណី​កម្ពុជា ព្យាបាល​ជាសះស្បើយ​លើ​បុរស​ចិន​វ័យ​៦០​ឆ្នាំ​ម្នាក់ ដែល​ផ្ទុក​វីរុស COVID-19 កាលពី​កន្លងទៅ​?
 
​ទោះជា​ប្រកាសថា​មិនមាន​វីរុស COVID-19 ក្តី តែ​ម៉ាឡេស៊ី នៅតែ​បន្ត​ដាក់​ស្ត្រី​អា​មេ​រិ​ក​នោះ ក្នុង​បន្ទប់​ព្យាបាល​ដាច់ដោយឡែក​ពី​គេ ដោយ​មិនទាន់​ហ៊ាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ឡើយ​។​
 
​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ត្រី​អាមេរិក​នោះ និង ស្វាមី រួមទាំង​អ្នកទេសចរ​ផ្សេងទៀត បាន​ចុះ​ពី​នាវា Westerdam ដែល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ហើយ​បានធ្វើ​ដំណើរ ទៅ​ម៉ាឡេស៊ី ដើម្បី​បន្ត​ជើងហោះហើរ ទៅ​ប្រទេស​របស់​ពួកគេ​។ អ្នក​ទាំងនោះ បាន​ចាក​ចេញពី​ម៉ាឡេស៊ី ទៅ​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន តែ​ស្ត្រី​អាមេរិក​នោះ ត្រូវបាន​ឃាត់ទុក​ព្យាបាល ក្រោយ​ម៉ាឡេស៊ី អះអាងថា មាន​វីរុស COVID-19​។ 
 
​លុះដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ អាជ្ញាធរ​ម៉ាឡេស៊ី ក៏បាន​ប្រកាស​ព័ត៌មាន​ពី​ការរកឃើញ​វីរុស COVID-19 លើ​ស្ត្រី​អាមេរិក​នោះ​។ ដោយ​មិន​អស់ចិត្ត រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា បាន​សរសេរ​លិខិត​ជូនទៅ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ដើម្បី​សុំ​ឲ្យ​ធ្វើតេស្ត​ស្ត្រី​អាមេរិក​នោះ​ជា​លើក​ទី​ពីរ​។ តែ​លទ្ធផល​លើក​ពីរ នៅតែ​ដូច​មុន​ដដែល​គឺ បង្ហាញថា ស្ត្រី​អាមេរិក​នោះ ពិត​ជាមាន​វីរុស COVID-19 មែន​។​
 
​ក្រោយមក ប្រមុខ​រដ្ឋាភិបាល ក៏​ចេញមុខ​ផ្ទាល់ ស្នើ​ឲ្យ​បី​ភាគី រួមមាន អង្គការ​សុខភាព​ពិភពលោក ម្ចាស់​នាវា Westerdam និង ក្រសួងសុខាភិបាល​កម្ពុ​ជា សហការ​ជាមួយ​ភាគី​ម៉ាឡេស៊ី ដើម្បី​ស្វែងរក​ការពិត​ថា ស្ត្រី​អាមេរិក​រូបនោះ ពិត​ជាមាន​វីរុស COVID-19 មែន ឬ​មិនមែន​។ រហូត​ល់​ពេលនេះ ការទាមទារ​របស់​មេ​ដឹកនាំ​កម្ពុជា ទទួលបាន​ជោគជ័យ ក្រោយ​ម៉ាឡេស៊ី បញ្ជាក់ថា ស្ត្រី​អាមេរិក​នោះ មិនមាន​វីរុស COVID-19៕ 
 
 

Tag:
 COVID-19
  Westerdam
  ស្ត្រី​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com