អន្តរជាតិ
រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​៖ អ្នកមាន​គួរ​រៀបការ​ជាមួយ​អ្នកក្រ ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​
23, Feb 2020 , 9:59 am        
រូបភាព
ដោយ: ធីតា
​លោក Muhadjir Effendy រដ្ឋមន្ត្រី​សម្របសម្រួល​ការអភិវឌ្ឍ​ធនធានមនុស្ស និង​វប្បធម៌ ឥណ្ឌូណេស៊ី បានផ្តល់​យោបល់​ទៅ​ពលរដ្ឋ​អ្នកមាន ឲ​យ​រៀបការ​ជាមួយ​គ្រួសារ​ដែលមាន​ចំណូល​ទាប ដោយ​លោក​បាន​អះអាងថា ករណីនេះ នឹង​ជួយ​កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការផ្សាយ​របស់ The Jakarta Post​។​

 
«​តើ​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​អ្នកក្រ ទៅ​រៀបការ​ជាមួយ​អ្នកក្រ​ផ្សេងទៀត​?»​។ លោក Muhadjir បាន​ចោទសួរ​យ៉ាង​ដូច្នេះ នា​កិច្ចប្រជុំ​ការងារ​សុខាភិបាល​ជាតិ​នៅ​ក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃ​ពុធ មុននឹង​ផ្តល់​ចម្លើយ​ដោយ​ខ្លួនឯង​ថា ពួកគេ​នឹង​កាន់តែ​ក្រ​បន្ថែមទៀត ដែល​នេះ​ជា​បញ្ហា​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។​
 
​រដ្ឋមន្ត្រី​ដែល​បន្ទុក​ការងារ​សម្រប​សម្រួលកា​រ​អភិវឌ្ឍ​ធនធានមនុស្ស និង​វប្បធម៌​រូបនេះ បាន​គូសបញ្ជាក់ថា ក្នុងចំណោម​គ្រួសារ​ឥណ្ឌា​ប្រមាណ​៥៧,១​លាន មាន​៩,៤​ភាគរយ ឬ​៥​លាន​គ្រួសារ មាន​ស្ថានភាព​ក្រីក្រ ហើយ​បើ​បន្ថែមចំនួន​គ្រួសារ​ដែល​នៅ​ជិត​បន្ទាត់​នៃ​ភាពក្រីក្រ​ទៀត គឺមាន​ប្រហែល​១៦,៨​ភាគរយ ឬ​១៥​លាន​គ្រួសារ​ឯណោះ​។​
 
​បើតាម​លោក Muhadjir ការ​កើន​អត្រា​នៃ​ភាពក្រីក្រ ប្រៀបដូចជា​ស្ថានភាព​ជំងឺ​ក្រិន​មួយ ដូច្នេះ​មានការ​អាពាហ៍ពិពាហ៍​ឆ្លង​វណ្ណៈ​សង្គម​ប៉ុណ្ណោះ​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​។ លោក​បានស្នើ​ទៅ​រដ្ឋមន្ត្រី​កិច្ចការ​សាសនា ពិចារណា​លើ​ការពិគ្រោះ​ពិភាក្សា​ផ្លូវច្បាប់​ឥស្លាម (Fatwa) ដើម្បី​ឲ្យ​អ្នកក្រ និង​អ្នកមាន​សម្លឹង​រកគ្នា​ទៅវិញទៅមក​សម្រាប់​ចំណងអាពាហ៍ពិពាហ៍​។​
 
​ជាមួយគ្នានេះ លោក Muhadjir ក៏បាន​ស្នើ​ផងដែរ​ឲ្យ​មានការ​បញ្ជាក់​ផងដែរ​លើ​កម្មវិធី​បុ​រេ​អាពាហ៍ពិពាហ៍ (pre-wedding) ជាពិសេស​សម្រាប់​អ្នក​ដែលមាន​ទាន់​មាន​សេដ្ឋកិច្ច​រឹងមាំ ប៉ុន្តែ​ចង់​បន្ត​រៀបការ ដោយ​ពួកគេ​ត្រូវមាន​ប​ណ្ឌ​បញ្ជាក់​ពី​ការងារ​។ ការបញ្ជាក់​ពី​ស្ថានភាព​ច្បាស់​មុន​រៀបការ ជា​ផ្នែក​មួយ​នៃ​កាត់បន្ថយ​ភាពក្រីក្រ​ដូចដែល​បាន​អនុវត្ត​កន្លងមក​នៅ​កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​សិង្ហ​បុរី​៕
.

Tag:
 ​អាពាហ៍ពិពាហ៍​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com