អន្តរជាតិ
កូរ៉េខាងត្បូង រកឃើញ​អ្នក​ឆ្លង COVID-19 ៨៧​ករណី​បន្ថែម​, សរុប ៤៣៣​ករណី​
22, Feb 2020 , 4:37 pm        
រូបភាព
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បាញ់សម្លាប់មេរោគនៅមុខវិហារសាសនាគ្រឹស្ត Shincheonji  ក្រុង Daegu នៅថ្ងៃ ២០ ខែកុម្ភៈ (AFP)
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បាញ់សម្លាប់មេរោគនៅមុខវិហារសាសនាគ្រឹស្ត Shincheonji ក្រុង Daegu នៅថ្ងៃ ២០ ខែកុម្ភៈ (AFP)
ដោយ:
​គិត​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍​ទី​២២ កុម្ភៈ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ៨៧​ករណី​បន្ថែមទៀត​។ បើ​បូក​តួលេខ​ករណី​ឆ្លង​កាលពី​ព្រឹក​មិញ​ដែលមាន​១៤២​ករណី​នោះ ករណី​ឆ្លង​សរុប​សម្រាប់​ថ្ងៃ​សៅរ៍​នេះ បាន​ឡើងដល់​២២៩​ករណី​។ តួលេខ​ថ្មី​នេះ បានធ្វើ​ឲ្យ​ចំនួន​អ្នកជំងឺ COVID-19 ទូទាំងប្រទេស​កូរ៉េខាងត្បូង​ឡើងដល់ ៤៣៣​នាក់​ហើយ​។  បន្ថែម​ពី​តួលេខ​ឆ្លង​នេះ កូរ៉េខាងត្បូង កាលពី​សុក្រ​ក៏បាន​ប្រកាស​ពី​ករណី​ស្លាប់​ទី​២ ដោយសារ​វីរុស​នេះ​ផងដែរ​។​

 
 
​ជាមួយ​តួលេខ​អ្នក​ឆ្លង​ជំងឺ​ដល់​ជាង​៤០០​នាក់​នេះ កូរ៉េខាងត្បូង​បានក្លាយ​ជា​ប្រទេស​ឆ្លង COVID-19 ច្រើន​បំផុត​បន្ទាប់ពី​ចិន​។ ទាក់ទិន​រឿងនេះ អភិបាលក្រុង Daegu ក្រុង​ធំ​បំផុត​លំដាប់​ទី​៤​របស់​កូរ៉េខាងត្បូង ជាមួយ​ប្រជាជន​ជាង​២,៨​លាន​នាក់ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​សម្ងំ​ក្នុងផ្ទះ និង​បញ្ចៀស​ការដើរ​ហើរ ប្រសិនបើ​មិនចាំបាច់​។ 
 
​សូមបញ្ជាក់ថា ប្រទេស​ចិន​ទាំងមូល មាន​ករណី​ឆ្លង COVID-19 ចំនួន​ជាង​៧៦០០០​នាក់ ខណៈ​អ្នក​ស្លាប់មាន​២៣៤៥​នាក់ ។ កូរ៉េខាងត្បូង​ឈរ​លេខ​មួយ​ជាមួយ​តួលេខ​ថ្មី ៤៤៣​នាក់ ខណៈ​ជប៉ុន​បន្ត​ពីក្រោយ ១០៩​ករណី ហើយ​សិង្ហ​បុរី​ឈរ​លេខ​រៀង​បន្ទាប់ ៨៦​ករណី​។ ដោយឡែក​អ្នក​ឆ្លង COVID-19 លើ​នាវា​ទេសចរណ៍​ដែល​ចត​នៅ​ជប៉ុន Diamond Princess មាន ៦៣៤ ករណី ហើយ​២​នាក់​ស្លាប់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com