អន្តរជាតិ
COVID-19៖ អ្នកស្លាប់​ឡើងដល់​២៤៥៩​នាក់ ដោយ​អ៊ីរ៉ង់ អ៊ីតាលី និង​កូរ៉េខាងត្បូង កាន់តែ​រាលដាល​
23, Feb 2020 , 7:11 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​២៤៥៩​នាក់ ហើយ បើ​គិត​ត្រឹម​ម៉ោង​៧ និង​១០​នាទី ព្រឹក​ថ្ងៃអាទិត្យ ទី​២៣ ខែកុម្ភៈ នេះ ដោយ​ចិន មាន​អ្នកស្លាប់​ជិត​១០០​នាក់​បន្ថែមទៀត​បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ​។ ក្រៅពី​ករណី​នៅ​ចិន និង​ជប៉ុន (​ជាមួយ​នាវា Diamond Princess) អ៊ីរ៉ង់​មាន​អ្នកស្លាប់​៦​នាក់ កូរ៉េខាងត្បូង និង​អ៊ីតាលី មាន​អ្នក​២​នាក់​រៀងៗ​ខ្លួន ខណៈ​ករណី​ឆ្លង​ត្រូវបាន​រកឃើញជា​បន្តបន្ទាប់​។​



​ទិន្នន័យ​គណៈកម្មកា​សុខាភិបាល​ជាតិចិន បង្ហាញ​ផងដែរ​ថា តួលេខ​អ្នកជំងឺ​កើន​ឡើងដល់​ប្រមាណ​៧៩ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៩ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​។ អ្នកជំងឺ​ប្រមាណ​១២ ០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ប្រមាណ​២៣ ០០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​បច្ចុប្បន្ន អ្នកស្លាប់​២៤៤៤​នាក់​ស្ថិត​ក្នុងប្រទេស​ចិន ដោយ​ភាគច្រើនបំផុត​នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ហើយ​តំបន់​រដ្ឋបាល​ពិសេស​ចិន គឺ​ហុងកុង​មាន​២​ករណី និង​តៃវ៉ាន់​មាន​១​ករណី​។​ក្រៅពី​ចិន មាននៅ​អ៊ីរ៉ង់​៦​ករណី  ជប៉ុន​៣​ករណី (​អ្នកដំណើរ​លើ​នាវា Diamond Princess ២​ករណី​) កូរ៉េខាងត្បូង​២​ករណី អ៊ីតាលី​២​ករណី បន្ទាប់មក​មាន បារាំង និង​ហ្វីលីពីន ដែលមាន​១​ករណី​រៀងៗ​ខ្លួន​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៨​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ បែលហ្ស៊ិក អេ​ហ្ស៊ី​ប អ៊ីរ៉ង់ អ៊ីស្រាអែល និង​លី​បង់​។​

​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី Anadolu បាន​រាយការណ៍​ពី​ករណី​ដំបូង​នៅ​អ៊ីរ៉ាក់ ដោយ​អ្នកជំងឺ​ជា​និស្សិត​ម្នាក់​ដែល​ទើប​ធ្វើដំណើរ​ចេញពី​ក្រុង Qom របស់​អ៊ីរ៉ង់ ប៉ុន្តែ​រដ្ឋាភិបាល​អ៊ីរ៉ាក់​មិនទាន់​បានប្រកាស​ផ្លូវការ​នោះឡើយ​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com