ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រី​និង​បុរស មួយណា​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​ជាង​ទៅ​?
23, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បេះដូង​របស់​មនុស្ស​ប្រុស​មិន​ខុសគ្នា​នឹង​បេះដូង​មនុស្ស​ស្រី​ឡើយ ប៉ុន្តែ​វា​មាន​ភាពខុស​គ្នាច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។ ឧទាហរណ៍ បេះដូង​របស់​មនុស្ស​ស្រី​ច្រើនតែ​តូច​ជាង​។ សម្រាប់​ជញ្ជាំង​សម្រាប់​បែងចែក​ថត​នីមួយៗ​វិញ​ក៏​តូច​ជាង​បុរស​ដែរ​។​ខណៈ​ការ​ច្របាច់​បេះដូង​របស់​ស្ត្រី​លឿន​ជាង​បុរស តែ​វា​ក៏​ចេញឈាម​តិចជាង​បុរស ១០​ភាគរយ​ដែរ រាល់ពេល​ច្របាច់​ម្តងៗ​។​

 
​នៅពេល​ស្ត្រី​ម្នាក់​ស្ត្រេ​ស ជីពចរ​របស់​នាង​ឡើង​ខ្ពស់ ហើយ​បេះដូង​ច្របាច់​ឈាម​ក៏​ច្រើនជាង​ដែរ​។ នៅពេល​បុរស​ស្ត្រេ​ស​វិញ សរសៃឈាម​អាក់ទែ​រប​ស់​បេះដូង​នឹង​រួម​តូច ដែលជា​ហេតុ​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ដូច្នេះ​ហេតុអ្វី​បានជា​មានរឿង​ខុសគ្នា​ទាំងនេះ​ទៅ​? បញ្ហា​នោះ​ដោយសារតែ​ភេទ​ដើរតួនាទី​មួយ​ចំពោះ​រោគសញ្ញា ការព្យាបាល និង​លទ្ធផល​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។ ដូច្នេះ​រវាង​បុរស និង​ស្ត្រី តើ​មួយណា​ដែល​ប្រឈម​ខ្ពស់​ជាងគេ​នឹង​ជំងឺ​គាំងបេះដូង​ទៅ​?
 
​ស្ត្រី​មានការ​ប្រឈមមុខ​ច្រើន ខណៈពេល​បុរស​មិនមាន​
 
​ជំងឺ​ជាច្រើន​ដែល​កើតឡើង​តែ​ស្ត្រី​ដូចជា ជំងឺ​អង់​ដូ​ម៉ែត្រ គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ សុទ្ធតែ​ធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​សរសៃឈាម​បេះដូង និង​នាំ​ឲ្យ​គាំងបេះដូង​បាន​។ ជំងឺ​អង់​ដូ​ម៉ែត្រ​ត្រូវបាន​គេ​រកឃើញថា​ជាដើម​ហេតុ​នាំ​ឲ្យ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​សរសៃឈាម​បេះដូង​លើ​ស្ត្រី​អាយុ​ក្រោម ៤០​ឆ្នាំ​រហូតដល ៤០០​ភាគរយ​ឯណោះ​។ ស្ត្រី​ក៏មាន​កត្តា​ប្រឈមមុខ​ជាមួយ​បុរស​ទៀត​ដូចជា លើស​សម្ពាធ​ឈាម លើស​ជាតិ​ស្ករ​ក្នុង​ឈាម លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ជក់បារី និង​ធាត់​ជ្រុល​ជាដើម​។ 
 
​ស្ត្រី​ជាទូទៅ​ច្រើន​តែមាន​ជំងឺ​គាំងបេះដូង​ជា​លើកដំបូង​នៅពេល​អាយុ​ច្រើន​
 
​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ផ្តល់នូវ​ការការពារ​ដល់​ស្ត្រី​មួយចំនួន​ពី​ជំងឺ​បេះដូង​រហូតដល់​ក្រោយ​រ៉ាំ​ង​រដូវ ព្រោះ​វា​ជា​ពេលវេលា​ដែល​អ័រម៉ូន​មួយ​នេះ​ចុះ​ខ្លាំង​។ ហេតុដូច្នេះ​ហើយ​អាយុ​ជា​មធ្យម​លើ​ស្ត្រី​មាន​ជំងឺ​គាំងបេះដូង​ច្រើនតែ​ស្ថិតក្នុង​អាយុ ៧០​ឆ្នាំ តែ​បុរស​វិញ​អាយុ ៦៦​ឆ្នាំ​។ 
 
​អាកា​រៈ​ជំងឺ​គាំងបេះដូង​អាចមាន​លក្ខណៈ​ខុសគ្នា​លើ​មនុស្ស​ស្រី​
 
​បុរស​ច្រើនតែ​ប្រាប់​អំពី​ការឈឺចាប់​នៅ​ទ្រូង​ក្នុងពេល​គាំងបេះដូង​។ ស្ត្រី​ខ្លះ​ក៏​ប្រាប់​អំពី​ការឈឺ​នៅ​ទ្រូង​ដែរ ប៉ុន្តែ​ទំនង​ជាមាន​លក្ខណៈខុស​គ្នា អាកា​រៈ​ផ្សេងទៀត​ដែល​ពិបាក​វិភាគ​រយៈពេល​បី​ទៅ​បួន​សប្តាហ៍​មុន​គាំងបេះដូង​។ អាកា​រៈ​ដែលជា​ភ្លើង​ក្រហម​នោះ​មានដូចជា​៖
 
​អស់កម្លាំង​ថ្មី ឬ​ជាប់​រហូត​
​ពិបាក​ដកដង្ហើម ឬ​បែកញើស​
​ឈឺចាប់​នៅ​ក ខ្នង ឬ​ថ្គាម​
​ពេលខ្លះ​ជំងឺ​សរសៃឈាម​បេះដូង​លើ​ស្ត្រី​ពិបាក​កំណត់​រោគវិនិច្ឆ័យ​ណាស់​
 
​ការថត​សរសៃឈាម​ដែល​ធ្វើ​ក្នុងពេល​ចាក់​ម្ជុ​រ​តាម​សរសៃ​ចូល​បេះដូង ឬ​ហៅថា Cardiac Catheterization គឺជា​តេស្ត​ស្តង់ដា​មួយ​សម្រាប់​រកមើល​ការស្ទះ ឬ​រួម​តូច​របស់​សរសៃឈាម​ធំៗ​របស់​បេះដូង​។ ប៉ុន្តែ​សម្រាប់​ជំងឺ​សរសៃឈាម​បេះដូង​លើ​ស្ត្រី​វិញ​ច្រើនតែ​កើតឡើង​លើស​សរសៃឈាម​តូច ដែល​មិនអាច​មើលឃើញ​ច្បាស់​តាមរយៈ​ការថត​សរសៃឈាម​ឡើយ​។ ហេតុដូច្នេះ​ហើយ​ទើប​ស្ត្រី​ទាំងអស់​ដែលមាន​អាកា​រៈ​ច្បាស់លាស់​ហើយ​ក្រោយ​ថត​សរសៃឈាម និង​នៅតែ​បន្ត​មាន​រោគសញ្ញា​បន្ថែមទៀត​ដដែល​។ 
 
​ការ​គាំងបេះដូង​លើ​ស្ត្រី​មាន​លក្ខណៈ​ពិបាក​ជាង​បុរស​
 
​ស្ត្រី​មិន​ធ្វើ​អ្វី​ច្រើន​ដូច​បុរស​ឡើយ​ក្រោយ​គាំងបេះដូង​រួច​។ ពួកគេ​ច្រើនតែ​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​រយៈពេល​យូរ​ជាង និង​ទំនងជា​ស្លាប់​មុនពេល​ចេញពី​មន្ទីរពេទ្យ​។ រឿងនេះ​ដោយសារតែ​ការពិត​មួយ​ត្រង់​ថា ស្ត្រី​ដែលមាន​ជំងឺ​គាំងបេះដូង គឺមាន​កត្តា​ប្រឈមមុខ​ដែល​មិនបាន​ព្យាបាល​ដូចជា ទឹកនោមផ្អែម ឬ​លើស​សម្ពាធ​ឈាម​។ ពេលខ្លះ វា​អាច​ដោយសារតែ​កត្តា​គ្រួសារ និង​មិន​យកចិត្តទុកដាក់​ចំពោះ​ខ្លួនឯង​។ 
 
​ស្ត្រី​មិនមែន​តែងតែ​ប្រើ​ថ្នាំ​បាន​ត្រឹមត្រូវ​ក្រោយ​គាំងបេះដូង​ឡើយ​
 
​ក្រោយ​គាំងបេះដូង​រួច ស្ត្រី​ទំនងជា​មានការ​ប្រឈម​ខ្ពស់​នឹង​ការ​កើតជា​កំណក​ឈាម​ដែល​អាច​បណ្តាល​ឲ្យ​គាំងបេះដូង​ម្តងទៀត​។ ដោយសារតែ​យើង​មិនដឹង​មូលហេតុ វា​ក៏​មិន​ទំនង​ថា​ត្រូវ​ឲ្យ​ថ្នាំលេប​ដើម្បី​បង្ការ​ការ​កំណក​ឈាម​នេះដែរ​។ រឿងនេះ​អាច​ពន្យល់បាន​នូវ​មូល​ហេតុដែល​ស្ត្រី​ទំនងជា​អាចមាន​ជំងឺ​គាំងបេះដូង​ម្តងទៀត​ក្នុង​រយៈពេល​១២​ខែ ជាង​បុរស​។ 
 
​ការពារ​ខ្លួនឯង​
 
​មិន​ខ្វល់​ថា​អ្នកជា​បុរស ឬ​ស្ត្រី​ឡើយ វា​មិនដែល​យឺត​ពេល​ទេ​ក្នុង​ការបន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​គាំងបេះដូង​។ ខាងក្រោម​នេះ​គឺជា​អ្វីដែល​អ្នក​ត្រូវធ្វើ​៖
 
​ឈប់​ជក់បារី ឬ​កុំ​ចាប់ផ្តើម​ជក់បារី​
​ហាត់ប្រាណ​ទៀងទាត់ យ៉ាងហោចណាស់ ដើរ ៣០​នាទី​ក្នុង​មួយថ្ងៃ​
​ចូរ​ញ៉ាំ​អាហារ​មាន​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ត្រី​ឲ្យ​បាន​ច្រើន តែ​បន្ថយ​ការ​ញ៉ាំ​សាច់ និង​អាហារ​កៃ​ឆ្នៃ​
​រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ សម្ពាធ​ឈាម ខ្លាញ់​ក្នុង​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅមាន​សុខភាព​ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com