ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ​អាចធ្វើ​ឲ្យ​ធាត់​ដែរ​ទេ​?
23, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសន្ទនា​ភាគច្រើន​ជាមួយ​គ្រូពេទ្យ​អំពី​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ឬ​ហៅថា Polycystic Ovary Syndrome (PCOS) ប្រហែលជា​ផ្តោត​សំខាន់​តែ​ទៅលើ​ការ​មក​រដូវ​មិន​ទៀងទេ​។​ប៉ុន្តែ​ស្ត្រី​ដែលមាន​ជំងឺ PCOS ប្រឈម​នឹង​បញ្ហា​ផ្សេងទៀត​ច្រើន​ដែរ ហើយ​រឿង​ដ៏​ធំ​មួយ​នោះ​គឺ​ការ​ធាត់​តែម្តង​។ គេ​មិនទាន់​ច្បាស់​ថា តើ PCOS ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដោយផ្ទាល់​ឬ​អត់​ទេ ប៉ុន្តែ​យោងទៅតាម​អ្នកជំនាញ​ខាង​បន្ត​ពូជ​បាន​ឲ្យ​ដឹងថា ទំនាក់ទំនង​នេះ​គឺមាន​ពិតមែន​។ ជំងឺ PCOS កើត​ឡើងលើ​ស្ត្រី ៥ ទៅ​១០​ភាគរយ ដែលមាន​អាកា​រៈ​របស់​វា​លឿន​បំផុត​នៅ​អាយុ ១១​ឆ្នាំ​។ ការយល់ដឹង​អំពី​របៀប​ដែល​វា​ប៉ះពាល់​ដល់​ទម្ងន់​អ្នក អាចជួយ​លើកទឹកចិត្ត​អ្នកគ្រប់គ្រង​វា​បាន និង​បញ្ហា​ផ្សេងៗ​ទៀត​។​

 
​អាកា​រៈ និង​រោគវិនិច្ឆ័យ​
 
​ជំងឺ PCOS កើតឡើង​នៅពេលដែល​អ័រម៉ូន​ទៅជា​អតុល្យភាព​។ ស្ត្រី​មាន​ជំងឺ PCOS ទំនង​ជាមាន​អ័រម៉ូន​ភេទ​ប្រុស Androgen ច្រើនជាង​ធម្មតា​។ ទោះបីជា​លើស​បន្តិច​ក៏ដោយ ក៏​វា​អាចមាន​ឥទ្ធិពល​ទៅលើ​មុខងារ​របស់​ក្រពេញ​អូ​វ៉ែ​បានដែរ​។ គ្រូពេទ្យ​ច្រើនតែ​រកមើល​អាកា​រៈ​ពីរ​ក្នុងចំណោម​បី​ខាងក្រោម​នេះ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​៖
 
​រដូវ​មក​មិន​ទៀងទាត់​រ៉ាំរ៉ៃ ឬ​មិន​មក​រដូវ (​ដោយសារតែ​កម្រិត​អ័រម៉ូន​ភេទ​ប្រុស​ខ្ពស់​)
​អាកា​រៈ​នៃ​ការ​លើស​អ័រម៉ូន​ភេទ​ប្រុស​ដូចជា កើតមុន និង​ដុះ​រោម​លើ​រាងកាយ​ច្រើន​
​មាន​គីស​តូចៗ​ច្រើន​គ្រាប់​លើ​ក្រពេញ​អូ​វ៉ែ​
​ជំងឺ PCOS ក៏​អាច​បណ្តាល​ឲ្យ​៖
 
​មិនអាច​មានកូន​
​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឡើង​ខ្ពស់​
​អាំង​ស៊ុយ​លីន​រ៉េ​ស៊ី​ស្តង់ ដែល​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​
​បាក់​ទឹកចិត្ត​។​
​អា​ការៈដែល​ទំនងជា​ជាប់ទាក់ទង​នឹង​ការឡើង​ទម្ងន់​ខ្លាំង​បំផុត​នោះ​គឺ​អាំង​ស៊ុយ​លីន​រ៉េ​ស៊ី​ស្តង់​តែម្តង​។ 
 
​អាំង​ស៊ុយ​លីន​រ៉េ​ស៊ី​ស្តង់ និង​ការឡើង​ទម្ងន់​
 
​ស្ត្រី​ភាគច្រើន​ដែលមាន​ជំងឺ PCOS ក៏មាន​បញ្ហា​អាំង​ស៊ុយ​លីន​រ៉េ​ស៊ី​ស្តង់​ដែរ ដែល​កើតឡើង​នៅពេល​រាងកាយ​មានការ​ពិបាក​ចាប់យក​ជាតិ​ស្ករ​ចេញពី​ចរន្តឈាម និង​បំ​លែង​វា​ទៅជា​ថាមពល​។ ដូច្នេះហើយ រាងកាយ​ត្រូវ​ការផលិត​អាំង​ស៊ុយ​លីន​កាន់តែច្រើន​ដើម្បី​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​មក​នៅ​ធម្មតា​។ រយៈពេល​យូរៗ​ទៅ រាងកាយ​នឹង​ចាប់ផ្តើម​ផលិត​អាំង​ស៊ុយ​លីន​ច្រើន​ជ្រុល​។ 
 
​អាំង​ស៊ុយ​លីន​រ៉េ​ស៊ី​ស្តង់​ច្រើនតែ​ជា​កត្តា​ដ៏​ធំ​មួយ​នាំ​ឲ្យ​ធាត់​ជ្រុល​។ នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​បន្ត​ឡើង​ខ្ពស់ បូករួម​នឹង​អាំង​ស៊ុយ​លីន​ក្នុង​ឈាម​ច្រើន​ទៀត​នោះ វា​នឹង​បណ្តាល​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ 
 
​តើ​មាន​ទំនាក់ទំនង​ជាមួយនឹង​ហ្សែ​ន​ដែរ​ទេ​?
 
​ថ្វីបើ​អ្នកស្រាវជ្រាវ​មិនបាន​បញ្ជាក់​អំពី​ទំនាក់ទំនង​នឹង​ហ្សែ​ន​ច្បាស់លាស់​នៅឡើយ តែ​ជំងឺ PCOS គឺ​ងាយ​នឹង​កើត​ឡើងជា​លក្ខណៈ​គ្រួសារ​ណាស់ ហើយ​វា​ប្រហែលជា​លូតលាស់​កាន់តែខ្លាំង​ក្នុង​គ្រួសារ​ថែម​ទៀតផង​។ បើសិនជា​អ្នកមាន​ម្តាយ ឬ​បង​ប្អូនស្រី​មាន​ជំងឺ PCOS ឬ​សាច់ញាតិ​ដំបូង​មាន​ជំងឺ​ទឹកនោមផ្អែម ឬ​Glucose Intolerance នោះ​អ្នក​ទំនងជា​ងាយ​នឹង​កើត​ជំងឺ​នេះដែរ​ហើយ​។ 
 
​គន្លឹះ​ដើម្បី​បន្ថយឥទ្ធិពល​
 
​ជា​អកុសល វា​មិនមាន​ការព្យាបាល​សម្រាប់​ជំងឺ PCOS ឡើយ​។ ប៉ុន្តែ​មានរឿង​ច្រើនណាស់​ដែល​អ្នក និង​គ្រូពេទ្យ​អាច​ធ្វើបាន​ដើម្បី​បន្ថយឥទ្ធិពល​របស់​ជំងឺ​នេះ​ដូចជា​៖
 
​គ្រប់គ្រង​ទម្ងន់​ឲ្យ​បានល្អ​៖ បើសិនជា​អ្នក​ធាត់ ចូរ​ប្រើ​វិធី​គ្រប់គ្រង​អាហារ និង​ហាត់ប្រាណ​ដើម្បី​សម្រក​ទម្ងន់​យ៉ាងហោចណាស់ ៥ ទៅ ១០​ភាគរយ​នៃ​ទម្ងន់​រាងកាយ​សរុប​។ ពេលនោះ​វា​ក៏​ជួយ​ដល់​ការ​លើស​កូ​ឡេ​ស្តេ​រ៉ុល អា​ការៈត្រៀម​ជំងឺ​ទឹកនោម​ផ្អែំ និង​បញ្ហា​អត់​កូន​បានដែរ​។​
​គ្រប់គ្រង​អាំង​ស៊ុយ​លីន​៖ ករណីខ្លះ គ្រូពេទ្យ​ប្រហែលជា​ឲ្យ​ប្រើ​ថ្នាំ​ពពួក Metformin ដែល​ច្រើនតែ​ត្រូវ​ប្រើ​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែំ ប៉ុន្តែ​ដោយសារតែ​វា​ទៅ​ទប់ស្កាត់​អាំង​ស៊យ​លីន ដូច្នេះ​វា​មាន​ប្រយោជន៍​ច្រើន​ក្នុងការ​ព្យាបាល​ជំងឺ PCOS ដែរ​។​
​ព្យាបាល​ភាពមិន​អាចមាន​កូន​បាន​
​រក្សា​តុល្យភាព​របស់​អ័រម៉ូន​ឡើងវិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com