អន្តរជាតិ
ពលរដ្ឋ​អាហ្វ្រិក​ក្រីក្រ​តស៊ូ​ឆ្លងកាត់​គ្រោះថ្នាក់​សង្គ្រាម​នៅ​យេ​ម៉ែន​ដើម្បី​ឆ្លងដែន​បន្ត​រក​ការងារ​ធ្វើ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​
23, Feb 2020 , 7:59 pm        
រូបភាព
ជន​ទេសន្តប្រវេសន៍​មកពីអនុ​តំបន់Sub-Sahara អង្គុយ​ក្នុងតង់​ក្នុងជំរុំ​ Ouled Zianeរួមគ្នា​ ក្នុង​តំបន់​ Casablanca ប្រទេស​ម៉ារ៉ុក​ (រូបថត​ ថ្ងៃទី៦​ ខែធ្នូ ឆ្នាំ​២០១៨)។
ជន​ទេសន្តប្រវេសន៍​មកពីអនុ​តំបន់Sub-Sahara អង្គុយ​ក្នុងតង់​ក្នុងជំរុំ​ Ouled Zianeរួមគ្នា​ ក្នុង​តំបន់​ Casablanca ប្រទេស​ម៉ារ៉ុក​ (រូបថត​ ថ្ងៃទី៦​ ខែធ្នូ ឆ្នាំ​២០១៨)។
ដោយ: VOA
​ហ្សឺ​ណែវ ៖ អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ហៅ​កាត់​ថា IOM បាន​រាយការណ៍​ថា បើទោះជា​ប្រទេស​យេ​ម៉ែន កំពុងមាន​សង្គ្រាមស៊ីវិល​ដ៏​ប្រល័យ​ក៏ដោយ ក៏​ក្នុង​មួយឆ្នាំៗ​ពលរដ្ឋ​អាហ្វ្រិក​ក្រីក្រ​រាប់ម៉ឺន​នាក់ បន្តធ្វើ​ដំណើរ​ឆ្លងកាត់​ឈូង​សមុទ្រ Aden ចូលទៅ​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ ដោយ​សង្ឃឹមថា នឹង​អាច​បន្តដំណើរ​ទៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​រក​ការងារ​ធ្វើ​នៅ​ទីនោះ​។​

 
​សង្គ្រាមស៊ីវិល​អស់​រយៈ​ពេល​ជិត​៥​ឆ្នាំ​ក្នុងប្រទេស​យេ​ម៉ែន បានសម្លាប់​ជន​ស៊ីវិល​រាប់ពាន់នាក់ បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​នេះ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់លាន​នាក់​ជួប​គ្រោះ​ទុរ្ភិក្ស​។ អង្គការសហប្រជាជាតិ ចាត់ទុក​ប្រទេស​យេ​ម៉ែន ជា​ប្រទេស​ជួប​គ្រោះមហន្តរាយ​មនុស្សជាតិ​ធ្ងន់​ជាងគេ​បំផុត​នៅលើ​លោក​។​
 
​បើទោះជា​ស្ថិតក្នុង​ស្ថានភាព​មហន្ត​រាយ​បែបនេះ​ក្តី ប្រជាពលរដ្ឋ​ពី​តំបន់​ជ្រោយ​ខាងកើត​ទ្វីបអាហ្វ្រិក​ដែល​ធ្វើ​ចំណាកស្រុក នៅតែ​មានះ​ឆ្លង​ចូល​ប្រទេស​យេ​ម៉ែន ហើយ​បន្តដំណើរ​ចូល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​សង្ឃឹមថា រកឃើញ​ជីវិត​ថ្មី​ដែល​ប្រសើរ​ជាង​មុន​។​
 
​កាលពី​ឆ្នាំមុន អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ បាន​រាយការណ៍​ថា មាន​ពលរដ្ឋ​១៣៨.០០០​នាក់ ធ្វើដំណើរ​ឆ្លងកាត់​ឈូង​សមុទ្រ Aden ចូល​ប្រទេស​យេ​ម៉ែន​។ ចំនួន​នេះ គឺ​ច្រើនជាង​ចំនួន​ពលរដ្ឋ​ចំណាកស្រុក និង​ជនភៀសខ្លួន ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​សមុទ្រ​មី​ឌី​ទែ​រ​រ៉ា​ណេ​ឆ្ពោះទៅកាន់​ទ្វីបអឺរ៉ុប​ដែលមាន​ចំនួន​១១០.០០០​នាក់ នោះ​ទៅទៀត​។​
 
​អ្នកនាំពាក្យ​អង្គការ IOM លោក Paul Dillon និយាយថា ពលរដ្ឋ​ចំណាកស្រុក​ភាគច្រើន​ដែល​សុខចិត្ត​ផ្សងគ្រោះថ្នាក់​ធ្វើដំណើរ​ចូល​ប្រទេស​យេ​ម៉ែន គឺជា​ជនជាតិ​អេ​ត្យូ​ពី មកពី​តំបន់​ជនបទ​នានា​ដូចជា តំបន់ Oromia តំបន់ Amhara និង​តំបន់ Tigray​។ លោក Paul Dillon ថ្លែងថា​៖
 
«​គ្រា​ដែល​រឿង​ដ៏​សោកសៅ​បាន​កើតមានឡើង​នៅតាម​ផ្លូវ​សមុទ្រ​មី​ឌី​ទែ​រ​រ៉ា​ណេ ត្រូវបាន​គេ​ដឹង​យ៉ាងច្បាស់​ក៏ដោយ ក៏​បុគ្គលិក​អង្គការ​របស់​យើង​រកឃើញថា មានការ​រំលោភបំពាន​ជា​រៀងរាល់ថ្ងៃ​ទៅលើ​មនុស្ស​វ័យក្មេង​មកពី​តំបន់​ជ្រោយ​ខាងកើត​ទ្វីបអាហ្វ្រិក ពី​សំណាក់​ឈ្មួញ​រត់ពន្ធ និង​ឈ្មួញ​ជួញដូរ​មនុស្ស​ដែល​បោក​បញ្ឆោត​ថា នឹង​ផ្តល់​ជីវិត​ថ្មី​ប្រសើរ​ដល់​ពួកគេ​។ ការធ្វើ​ចំណាកស្រុក​តាមផ្លូវ​ខាងកើត​នេះ នៅតែ​បន្ត​កើតមាន​មិន​ថមថយ​ឡើយ​ក្នុងអំឡុងពេល​មាន​វិបត្តិ​សង្គ្រាម​ក្នុងប្រទេស​យេ​ម៉ែន ហើយ​ជន​ចំណាកស្រុក ហាក់ដូចជា នៅតែ​មានះ​ពុះពារ​ឆ្លងដែន​មិន​បារម្ភ​នឹង​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងរឹង​របស់​ឈូង​សមុទ្រ​សម្រាប់​ជន​ចំណាកស្រុក​គ្មាន​ឯកសារ​នោះទេ​»​។​
 
​លោក Paul Dillon បាន​ថ្លែងបន្តថា ជន​ចំណាកស្រុក​ភាគច្រើន​មិនដឹង​ពី​គ្រោះថ្នាក់ ដែល​ពួកគេ​អាច​ជួបប្រទះ​នៅក្នុង​ប្រទេស​យេ​ម៉ែន​ទេ​។ លោក​បាន​និយាយទៀតថា ក្រៅពី​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​សង្គ្រាម ជន​ទាំងនោះ​អាច​ប្រឈម​នឹង​ការចាប់​ជំរិត និង​ការធ្វើ​ទារុណកម្ម​ជា​ថ្នូរ​នឹង​ប្រាក់ ហើយនឹង​ការ​កេង​ប្រ​វ័​ញ្ជ និង​ការជួញដូរ​នានា​។​
 
​អង្គការ IOM បាន​ឲ្យ​ដឹង​ទៀតថា ការបង្កើត​វិធី​ស្របច្បាប់​មួយ​សម្រាប់​ជន​ចំណាកស្រុក នឹង​ផ្តល់​ជា​មា​គា​ដ៏​មាន​ប្រសិទ្ធិភាព និង​ប្រសើរ​បំផុត​ដើម្បី​ការពារ​ជន​ចំណាកស្រុក​ទាំងនោះ ពី​ការរំលោភបំពាន​នានា​។ អង្គការ​នេះ​បាន​ឲ្យ​ដឹង​ទៀតថា កិច្ចព្រមព្រៀង​មួយ​រវាង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​ត្យូ​ពី នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អេ​ត្យូ​ពី ដែលជា​កម្មករ ១០០.០០០​នាក់ ធ្វើដំណើរ​ដោយ​ស្របច្បាប់​ទៅធ្វើ​ការ​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​សុវត្ថិភាព ហើយ​អង្គការ​នេះ ស្នើសុំ​ឲ្យ​បន្ត​សុពលភាព​នៃ​កិច្ចព្រមព្រៀង​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com