អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង បន្ត​រកឃើញ ២​ករណី​ស្លាប់ និង​អ្នក​ឆ្លង ១២៣​ករណី​បន្ថែម​
23, Feb 2020 , 10:18 am        
រូបភាព
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បាញ់សម្លាប់មេរោគនៅមុខវិហារសាសនាគ្រឹស្ត Shincheonji ក្រុង Daegu។ រូបភាព៖ AFP
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បាញ់សម្លាប់មេរោគនៅមុខវិហារសាសនាគ្រឹស្ត Shincheonji ក្រុង Daegu។ រូបភាព៖ AFP
​កូរ៉េខាងត្បូង នា​ថ្ងៃទី​២៣ ខែកុម្ភៈ បាន​រកឃើញ​ករណី​ស្លាប់​ដោយសារ COVID-19 ចំនួន ២​ករណី​បន្ថែមទៀត ខណៈពេល​ប្រទេសមួយ​នេះ នៅតែ​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​ថ្មី​នេះ​រហូតដល់ ១២៣​ករណី​។ ភាគច្រើន​នៃ​អ្នក​ឆ្លង​ថ្មី​នេះ គឺមាន​ពាក់ព័ន្ធ​ទៅនឹង​វិហារ​សាសនា​Shincheonji ក្នុង​ក្រុង Daegu កូរ៉េខាងត្បូង​។


 
​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ កូរ៉េខាងត្បូង​បន្ត​រកឃើញ​អ្នក​ផ្ទុក COVID-19 និង​ករណី​ស្លាប់​ដោយ​ជំងឺ​ថ្មី​នេះ​ជា​បន្តបន្ទាប់​។ គ្រាន់តែ​ថ្ងៃទី​២២ ខែកុម្ភៈ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​រកឃើញ​អ្នក​ឆ្លង ៨៧​ករណី​។ ចំណែក​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ កូរ៉េខាងត្បូង​បន្ត​រកឃើញ​អ្នកស្លាប់​ចំនួន ២​ករណី និង​អ្នក​ឆ្លង មាន​រហូតដល់​ទៅ ១២៣​ករណី​។ ការណ៍​នេះ ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស បាន​កើន​ដល់ ៤​នាក់ ខណៈ​អ្នក​ឆ្លង​៥៥៦​នាក់​។ 
 
​ក្នុងចំណោម​អ្នកជំងឺ​ឆ្លង​ថ្មី ១២៣​នាក់​នេះ ៧៥​ករណី​មាន​ពាក់ព័ន្ធ​ទៅនឹង​ព្រះវិហារ​សាសនា Shincheonji ក្នុង​ក្រុង Daegu​។ បើតាម​ការអះអាង​រប​ស់​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​កូរ៉េខាងត្បូង ប្រជាជន​ក្រុង Daegu យ៉ាងហោច​ណា​ច់ ៩​ពាន់​នាក់ បានធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង ដើម្បី​បង្ការ​ការឆ្លង​ទៅ​អ្នកដទៃ​។ ជាការ​ពិត ការឆ្លង​នៅក្នុង​ព្រះវិហារ​សាសនា​នេះ គឺមាន​ពាក់ព័ន្ធ​ទៅនឹង​ស្ត្រី​ករណី​ទី​៣១ ដែល​បាន​ចម្លង​មនុស្ស​ជាច្រើន​នាក់ នៅក្នុង​ក្រុង Daegu​។
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ បានប្រកាស​ដាក់​ក្រុង Daegu និង​តំបន់ Cheongdo ជា «​តំបន់​ថែទាំ​ពិសេស​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​សូមបញ្ជាក់ថា កូរ៉េខាងត្បូង​នា​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ បានធ្វើ​រោគវិនិច្ឆ័យ និង​ដា​ក់ច​ត្តា​ឡី​ស័ក​មនុស្ស​ចំនួន​ជាង ៦​ពាន់​នាក់​។ កូរ៉េខាងត្បូង​បាន​សង្ស័យថា ពលរដ្ឋ​របស់ខ្លួន​ចំនួន ២២៦៣៣​នាក់ មាន​ផ្ទុក​COVID-19 ប៉ុន្តែ​ពលរដ្ឋ​ចំនួន ១៦០៣៨​នាក់ ក្នុងចំណោម​នោះ  ត្រូវបាន​គេ​រកឃើញថា​គ្មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ មកដល់ពេលនេះ កូរ៉េខាងត្បូង បានអនុញ្ញាត​ឲ្យ​អ្នកជំងឺ​ចំនួន ១៨​នាក់ ចាក​ចេញពី​មន្ទី​ពេទ្យ​ហើយ​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com