សៀមរាប៖ សត្វឃ្មុំ គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការផលិតបន្លែ និងផ្លែឈើ ក្នុងវិស័យកសិកម្ម ដោយសត្វឃ្មុំ និងសត្វល្អិតផ្សេងទៀត បានចូលរួម៣០ភាគរយនៃការផលិតដំណាំផ្សេងៗ ក្នុងផ្នែកផលិតស្បៀង។ នេះជាការលើកឡើងរបស់លោក Eric Guerin អ្នកជីវវិទូជនជាតិបារាំង និងជាអ្នកជំនាញអភិរក្សនិងចិញ្ចឹមសត្វឃ្មុំនិរន្តរភាព ដោយលោក បានបញ្ជាក់ថា ការចូលរួមចំណែករបស់ឃ្មុំក្នុងការផលិតបន្លែ-ផ្លែឈើនេះ គឺតាមរយៈសត្វឃ្មុំទាំងនោះ បាននាំយកលំអងផ្កាមួយទៅប៉ះគ្នានឹងលំអងផ្កាមួយទៀត ដែលបង្កើតឱ្យមានជាផ្លែ និងគ្រាប់ពូជនានា សម្រាប់ធ្វើស្បៀង។
ក្នុងដំណើរទស្សកិច្ចនៃការអភិរក្សសត្វឃ្មុំក្នុងវិស័យកសិកម្ម នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២០កន្លងមក លោក អេរិក ហ្គឺរីន(Eric Guerin) បាននិយាយថា ក្នុងពិភពលោកមានសត្វឃ្មុំចំនួន២ម៉ឺនប្រភេទ ក្នុងនោះមាន៩ប្រភេទ ជាប្រភេទឃ្មុំផលិតទឹកឃ្មុំ។ លោកបានបន្តដូច្នេះ ក្នុងចំណោមឃ្មុំ៩ប្រភេទនោះ មាន៤ប្រភេទ គឺរស់នៅក្នុងទឹកដីកម្ពុជា ដោយឃ្មុំទាំង៤ប្រភេទនោះ មានឃ្មុំចង្អេរ ឬឃ្មុំយក្ស(ប្រភេទឃ្មុំក្រហម និងប្រភេទឃ្មុំខ្មៅ),ប្រភេទឃ្មុំផ្លិត និងប្រភេទឃ្មុំពង្រូង។ តើហេតុអ្វីបានជាឃ្មុំទាំងនោះមានតួនាទីសំខាន់ក្នុងដំណើរការនៃការផលិតផលិតផលរបស់កសិករ?
លោក Eric Guerin បាននិយាយថា ក្នុងដំណើរវិវត្តរបស់រុក្ខជាតិ គឺត្រូវការសត្វល្អិតជាខ្លាំង ពិសេសគឺសត្វឃ្មុំក្នុងការបង្កកំណើត ដើម្បីមានផ្លែនិងផលិតផលណាមួយចុងក្រោយទៅតាមប្រភេទរុក្ខជាតិនីមួយៗ។ អ្នកជំនាញរូបនេះ បានអះអាងដូច្នេះ៖«ផ្កាត្រូវការឃ្មុំ ហើយឃ្មុំត្រូវការផ្កា តែបើអត់មានផ្កា គឺអត់មានបន្លែ-ផ្លែឈើ បើអត់មានបន្លែ-ផ្លែឈើ មនុស្សនឹងស្លាប់»។
ឃ្មុំចង្អេរ ស្ថិតនៅក្នុងព្រៃជប់មួយកន្លែង ក្នុងភូមិត្បែងខាងត្បូង ឃុំត្បែង ស្រុកបន្ទាយ ខេត្តសៀមរាប។ រូបថត៖ អ៊ូ សុខមាន
លោក Eric Guerin បានពន្យល់ថា នៅពេលដែលឃ្មុំហើរចូលក្នុងផ្កាដើម្បីក្របទឹកដមខ្លួនរបស់ឃ្មុំនោះនឹងជាប់លំអងផ្កា ហើយនៅពេលវាហើរចេញពីផ្កាមួយដែលជាប់ដោយលំអងផ្កា ទៅកាន់ផ្កាមួយទៀត តាមរយៈនៃលំអងផ្កាទាំងនោះ វានឹងបង្កឱ្យដើមឈើដែលមានផ្កានោះ នឹងមានផ្លែសម្រាប់ធ្វើជាស្បៀងមិនខាន់។ នេះគឺជាការវិវត្តរបស់រុក្ខជាតិតាមបែបធម្មជាតិតាមរយៈសត្វឃ្មុំ ដោយលោក Eric បានបញ្ជាក់ថា មូលហេតុដែលដើមឈើមួយចំនួនមានផ្កាតែមិនព្រមចេញផ្លែ គឺដោយសារគ្មានពពួកសត្វល្អិត ឬឃ្មុំ ហើរមកក្រេបលំអងផ្កាទាំងនោះ ទើបធ្វើឱ្យគ្មានលំអងឈ្មោល និងញីជួបគ្នា ក្នុងការបង្កកំណើតនៃរុក្ខជាតិទាំងនោះ។
បើតាមលោក Eric ក្នុងការដំណាំបន្លែ-ផ្លែឈើដោយលូតលាស់ទៅតាមធម្មជាតិនៅតាមចម្ការ ឬ នៅក្នុងព្រៃឈើ ប្រសិនបើគ្មានសត្វល្អិតមានប្រយោជន៍ ដូចជាសត្វឃ្មុំនោះទេ ក្នុងការផលិតបន្លែ-ផ្លែឈើ គឺខ្សត់ទៅតាមហ្នឹង ដោយលោកបានបញ្ជាក់ថា ៖« អាហារ បន្លែ និងផ្លែ ដែលយើងហូបសព្វថ្ងៃហ្នឹង គឺបាន៣០ភាពរយពីសត្វឃ្មុំដែលវាជួយផលិតឱ្យ។ ដូច្នេះ សត្វឃ្មុំគឺមានសារសំខាន់ខ្លាំងណាស់ក្នុងវិស័យកសិកម្មនៃការផលិតស្បៀងអាហារ ហើយ បើគ្មានសត្វឃ្មុំ ឬសត្វល្អិតជួយក្នុងដំណើរការលូតលាស់របស់រុក្ខជាតិនៃកសិកម្មទេ គឺយើងខាតបង់ផលិតផលកសិកម្មចំនួន៣០ភាគរយទៀតវិញ»។
ឃ្មុំចង្អេរដែលអ្នកភូមិបានប្រមូលក្បាលទឹករួច។ រូបថត៖ អ៊ូ សុខមាន
នៅក្នុដំណើរលូតលាស់របស់រុក្ខជាតិ(បន្លែ, ផ្លែឈើ) បើលោកអ្នកសង្កេតឃើញចម្ការដំណាំមួយមានពពួកសត្វល្អិតមានប្រយោជ៍ច្រើន ពិសេសសត្វឃ្មុំនេះ ដំណាំនៅក្នុងចម្ការរបស់លោកអ្នក នឹងប្រមូលផលបានច្រើនជាងចម្ការដែលគ្មានសត្វឃ្មុំ ឬគ្មានពពួកសត្វល្អិតមានប្រយោជន៍ដទៃទៀត។ នេះបើតាម លោក Eric ដោយបានបន្ថែមទៀតថា កត្តាប្រឈមដែលធ្វើឱ្យបាត់បង់សត្វឃ្មុំនៅកម្ពុជា គឺដោយសារការកាប់បំផ្លាញព្រៃឈើ ការដាំដំណាំតែមួយប្រភេទ ការប្រើថ្នាំសម្លាប់សត្វល្អិត ... ការបំផ្លាញដោយអ្នករកទឹកឃ្មុំ និង ការប្រែប្រួលអាកាសធាតុ។ លោកបានពន្យល់ថាការកាប់បំផ្លាញព្រៃឈើនិងចម្ការដែលដាំដំណាំតែមួយប្រភេទមានទ្រង់ទ្រាយធំ វាធ្វើឱ្យ បាត់បង់កន្លែងធ្វើសំបុកឃ្មុំ និងធនធានផ្កាសម្រាប់ឃ្មុំ ព្រោះចម្ការខ្លះអាចផ្តល់ផ្កាច្រើនសម្រាប់ឃ្មុំ បានតែរយៈពេលខ្លី ឬគ្របដណ្តប់តែផ្នែកមួយនៃតម្រូវការអាហារបស់ឃ្មុំប៉ុណ្ណោះ ពោលសំបុកឃ្មុំគឺមានតែលំអងឬគ្រាន់តែទឹកដមប៉ុណ្ណោះ។
ដោយឡែកការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ក្នុងវិស័យកសិកម្មវិញ ពិសេសថ្នាំពុលប្រភេទ Neonicotinoids អាចសម្លាប់បានតាមរយៈឃ្មុំទាំងនោះ ហើរទៅក្រេបលំអងផ្កានៃរុក្ខជាតិបន្លែ និងផ្លែឈើ ដែលធ្វើឱ្យចំនួនសំបុកឃ្មុំ មានការធ្លាក់ចុះយ៉ាងខ្លាំង៕