កីឡាជាតិ
ជាតិ
សូល​ទី​ឡូ​ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ រីឯ​ទ័ព​ជួប​អាស៊ី​អឹ​រ៉ុ​ប ខណៈ U18 បាទី​ទទួល​ភ្នំពេញ​ក្រោ​ន​
23, Feb 2020 , 11:40 am        
រូបភាព
សកម្មភាពប្រកួតរបស់ក្រុមសូលទីឡូអង្គរ(អាវលឿង)ជាមួយព្រះខ័នរាជស្វាយរៀងក្នុងសប្តាហ៍ទី១កន្លងទៅ, រូបភាពពី CNCC
សកម្មភាពប្រកួតរបស់ក្រុមសូលទីឡូអង្គរ(អាវលឿង)ជាមួយព្រះខ័នរាជស្វាយរៀងក្នុងសប្តាហ៍ទី១កន្លងទៅ, រូបភាពពី CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ មានការ​ប្រកួត​ចំនួន​៣​គូ ក្នុងនោះ​ក្រុម​សូល​ទី​ឡូ​អង្គរ​ប៉ះ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ដូចគ្នា​អង្គ​រថា​យ​ហ្គឺ​រ ខណៈ​ក្រសួងការពារជាតិ​(​ទ័ព​)​ជួប​អាស៊ី​អឺរ៉ុប រីឯ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ទទួល​ភ្នំពេញ​ក្រោ​ន​។​

 
​ក្រោយ​បរាជ័យ ៥-១ ក្រោម​ថ្វី​ជើងព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុងជំនួប​បើកឆាក ក្រុម​សូល​ទី​ឡូ​អង្គរ ត្រូវ​ប្រជែង​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ នា​ជំនួប​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​។ នេះ​ជា​ជំនួប​ដ៏​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​ក្នុង​ទឹកដី​អង្គរ ដ្បិត​ក្រុម​ទាំងពីរ​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ដូចគ្នា ដែល​ធ្វើ​ឲ្យ​គេ​រំពឹងថា ការប្រកួត​ដ៏​ទាក់ទាញ​នេះ​នឹងមាន​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​ទៅ​ទស្សនា​ការប្រកួត​ផ្ទាល់​។ នា​ជំនួប​បើកឆាក​អង្គ​រថា​យ​ហ្គឺ​រ​បានបញ្ចប់​ដោយ​លទ្ធផល​ស្មើ ១-១ ជាមួយ​បឹងកេត ដែល​បាន​យកឈ្នះ​វិសាខា ១-០ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ 
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ ក្រុម​ប្រើប្រាស់​ធនធាន​កីឡាករ​ខ្មែរ​សុទ្ធ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ទទួលភ្ញៀវ​ភ្នំពេញ​ក្រោ​ន​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ស្រុក​បាទី​ខេត្តតាកែវ​មួយ​នេះ​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ក្រសួងការពារជាតិ​ក្នុងជំនួប​បើកឆាក ខណៈ​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣-០​។ 
 
​នៅ​ម៉ោង​ដំណាលគ្នា​នេះដែរ ក្រសួងការពារជាតិ​ដែល​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ U18 បាទី​ក្នុងជំនួប​បើកឆាក​ត្រូវ​ប្រជែង​ជាមួយ​អាស៊ី​អឹ​រ៉ុ​ប ដែល​យកឈ្នះ​គីរីវង់​សុខ​សែន ១-០ នៅ​កីឡដ្ឋាន A.E.U Sport Park៕ 
 

Tag:
 Cambodian League 2020
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com