ភ្នំពេញ៖ ហ្វេសប៊ុក មិនត្រឹមតែជាកន្លែងកម្សាន្តនោះទេ តែវាបានក្លាយជាទំព័រផ្សព្វផ្សាយពាណិជ្ជកម្មដ៏ពេញនិយមសម្រាប់ពិភពលោក និងនៅកម្ពុជា។ មានអ្នករកស៊ីជាច្រើន បានថតរូប និងវីដេអូ ឬក៏ផ្សាយផ្ទាល់(Live) លើបណ្តាញសង្គមមួយនេះ ដើម្បីលក់ផលិតផលរបស់ពួកគេ។ ប៉ុន្តែ អ្នកលក់ផលិតផលមួយចំនួន បែរជាបានថតរូប ឬវីដេអូបង្ហាញពីភាពស៊ិចស៊ីលេចលើលេចក្រោម ដើម្បីមានភាពទាក់ទាញដល់អ្នកទស្សនា ដែលបញ្ហានេះ បានទទួលរងនូវការរិះគន់ពីពលរដ្ឋថា ធ្វើឲ្យខូចដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងផ្តល់ជាគំរូមិនល្អចំពោះក្មេងៗ។
ជាបន្តសូមអញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំដោយ លោក រ៉ឹម ភារី ដូចតទៅ៖
អ្នកស្រី ប៊ូ គឹមលី អាយុ៣៧ឆ្នាំ ដែលកំពុងសកអំពៅនៅម្តុំសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានអះអាងថា ទោះបីអ្នកស្រីមិនចេះលែងហ្វេសប៊ុក តែអ្នកស្រីធ្លាប់មើលមិត្តភក្តិលេងហ្វេស និងបានឃើញវីដេអូអ្នកលក់ឡេស៊ីចស៊ីហួសហេតុ ដោយខ្លះបង្ហាញគល់សុដន់ និងខ្លះទៀត ស្លៀកខោ ឬសំពត់ខ្លី ខើចលើខើចក្រោមជាដើម។ អ្នកស្រី យល់ថា ការស្លៀកពាក់ស៊ិចស៊ីបង្ហាញជាសាធារណៈបែបនេះ មិនមែនជារឿងល្អឡើយ ព្រោះវាជាគំរូអាក្រក់សម្រាប់ក្មេងៗ។
និយាយបណ្តើរ ភ្នែកក្រឡេកមើលទៅកូនស្រីវ័យជំទង់របស់ខ្លួនដែលកំពុងញ៉ាំបាយថ្ងៃត្រង់ អ្នកស្រី ប៊ូ គឹមលី ដែលមានមាឌដំបង ស្លៀកខោជើងវែង និងពាក់អាវដៃវែង បានអះអាងថាយ៉ាងដូច្នេះថា៖
«ពេលយើងថា ការស្លៀកស៊ីចស៊ីចឹង គេថា ប៉ះពាល់ស្អី បើគេស្លៀកចឹងទូទាំងប្រទេសហើយហ្នឹង! តែបើសម្រាប់ខ្ញុំ ខ្ញុំអត់ចូលចិត្តការLiveស្លៀកស៊ីចស៊ីបែបហ្នឹង ព្រោះអាចធ្វើឲ្យក្មេងវាធ្វើតាម»។
តាមពិតទៅ ការនិយមលក់ផលិតផលតាមហ្វេសប៊ុក ទើបតែចាប់ផ្តើមប្រហែលពីរបីឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ពោល គឺ បន្ទាប់ពីចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកបានកើនយ៉ាងខ្លាំង ស្របពេលដែលទូរស័ព្ទដៃទំនើប(Smart Phone) កាន់តែមានតម្លៃថោក ដែលធ្វើឲ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់កាន់តែច្រើន និងបង្កើតងាយស្រួលក្នុងការប្រើប្រាស់អ៊ិនធឺណេតនៅគ្រប់ទីកន្លែង។ បើតាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា អ្នកចំនួនអ្នកប្រើប្រាស់អ៊ិនធឺណេតនៅកម្ពុជាមានកើនឡើងពី៥លាននាក់នៅឆ្នាំ២០១៤រហូតដល់ជាង១៥លាននាក់នៅឆ្នាំ២០១៩។
ទន្ទឹមគ្នានឹងការរីកច្រើននៃប្រព័ន្ធទំនាក់ទំនងសង្គម អាជីវកម្មអេឡិចត្រូនិក ក៏បានរីកដុះដាលខ្លាំងនៅក្នុងពិភពលោក និងនៅកម្ពុជាផងដែរ។ សហគ្រិនខ្មែរជាច្រើន បានបង្កើតផលិតផល និងសេវាកម្មជាច្រើន ដើម្បីទាញប្រយោជន៍ពីបណ្តាញសង្គមដ៏មានប្រជាប្រិយភាពនេះ ប៉ុន្តែ ស្រាប់តែលេចឡើងនូវអ្នកលក់ដូរផលិតផលតាមហ្វេសប៊ុកដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
កញ្ញា វិន ស្រីណុច ដែលកំពុងអង្គុយក្រោមបណ្ណាល័យមួយក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញការមិនគាំទ្រចំពោះការបង្ហាញភាពស៊ិចស៊ីជាសាធារណៈនោះទេ។ ក្នុងវ័យ២០ឆ្នាំ និស្សិតរាងតូចច្រឡឹង និងសម្បុរសរូបនេះ អះអាងថា ការផ្សព្វផ្សាយពាណិជ្ជកម្មបែបស៊ិចស៊ី បានធ្វើឲ្យខូចដល់សណ្តាប់ធ្នាប់សង្គម។
ពាក់អាវក្រណាត់ដៃវែងពណ៌ផ្ទៃមេឃ និងស្លៀកសំពត់បត់វែង ស្រីណុច បានរៀបរាប់ទាំងហួសចិត្តយ៉ាងដូច្នេះ៖«ខ្ញុំមើលហ្វេសប៊ុក ដែលតែងតែមានហើយ អូសមកមានច្រើនហ្មង គ្រាន់តែខ្ញុំមិនសូវចាប់អារម្មណ៍មើលការឡាយលក់អស់ហ្នឹង។ ការឡាយបែបហ្នឹង វាប៉ះពាល់ដល់សង្គមដែរ។ ធម្មតាហ្វេសប៊ុកឥឡូវ មិនមែនមើលតែមនុស្សចាស់ឯណា កូនក្មេងក៏មើលដែរ»។
លោក សាន មករា អាយុ២៣ឆ្នាំ ជានិស្សិតជំនាញភាសាជប៉ុននៅវិទ្យាស្ថានភាសាបរទេស យល់ឃើញថា ការផ្សាយផ្ទាល់(Live) លក់ផលិតផលតាមហ្វេសប៊ុក បានផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន តែក៏ជះផលអវិជ្ជមានមួយចំនួនដែរ។
ដៃកំពុងកាន់សៀវភៅភាសាជប៉ុននៅបរិវេណសាលារបស់ខ្លួននោះ លោក សាន មករា ដែលមានសក់រួញ សម្បុរខ្មៅស្រអែម បានរៀបរាប់ទាំងទឹកមុខមាំថា៖ «ការLive លក់ឡេតាមហ្វេសប៊ុកហ្នឹង វាមានចំណុចល្អ និងចំណុចអាក្រក់។ ចំណុចល្អសម្រាប់ប្រជាជនខ្មែរយើងដែលចូលចិត្តស៊ិចស៊ី និងស៊ីវិល័យរឿងស្បែកអ៊ីចឹង។ យើងមិនចំបាច់ទៅដល់ទីតាំងទេ ដោយគ្រាន់តែទាក់ទងតាមហ្វេសប៊ុក ព្រោះគេLiveលើហ្វេសប៊ុកហើយ តែងាយប៉ះផលិតផលដែលមិនល្អ ឬក៏ល្អ។ តែចំណុចអាក្រក់ ការLive ស៊ិចស៊ី មើលទៅវាខូចដល់សណ្តាប់ធ្នាប់សង្គម ព្រោះមិនមែនមានតែខ្មែរទេដែលបានមើល បរទេសក៏គេមើលដែរ។ ម្យ៉ាងក្មេង ក៏អាចស្លៀកពាក់តាមអ្នកLiveហ្នឹងដែរ»។
ចំណែក លាង សុខហៃ អាយុ២១ឆ្នាំ ក៏លើកឡើងស្រដៀងគ្នានឹងលោក សាន មករាដែរ។ សម្រាប់បុរសរាងស្តើង និងសម្បុរសណ្តែកបាយរូបនេះ ក្រៅពីផ្តល់គំរូមិនល្អដល់ក្មេងៗ ការស្លៀកពាក់ស៊ិចស៊ីផ្សព្វផ្សាយយ៉ាងទូលំទូលាយបែបនេះ បានធ្វើឲ្យបុរសមួយចំនួនកើតមានចំណង់ផ្លូវភេទផងដែរ។
កំលោះ សាង សុខហៃ បាននិយាយទាំងញញឹមដូច្នេះថា៖ «ឧទាហរណ៍ស្រីៗស្លៀកស៊ិចស៊ី វាបង្កើតឲ្យសម្បូរព្រាននារី។ ហើយធ្វើឲ្យប្រុសមួយចំនួន មានបញ្ហាចំណង់កាម»។
បើតាមនិស្សិតឆ្នាំទី៣រូបនេះ បច្ចុប្បន្ន មិនត្រឹមតែមានអ្នកស្លៀកពាក់ស៊ិចស៊ីដែលបណ្តាលឲ្យខូចដល់ប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរនោះទេ តែអ្នកលក់ផលិតផលថែសម្រស់មួយចំនួនទៀត បានយកផលិតផលខូចគុណភាព ឬផលិតផលក្លែងក្លាយមកលក់ដោយគ្មានច្បាប់ត្រឹមត្រូវ ដែលធ្វើឲ្យខូចមុខមាត់ ឬស្បែកអតិថិជនផងដែរ។
លោកបន្តថា៖ «បើការចរាចរណ៍ផលិតផលក្លែងក្លាយ វាមានផលប៉ះពាល់ច្រើនដែរចំពោះសង្គមយើង។ កាលណា យើងប្រើផលិតផលក្លែងក្លាយ វាធ្វើឲ្យយើងប៉ះពាល់ដល់សុខភាព និងធ្វើសង្គមយើងមិនមានសណ្តាប់ធ្នាប់ល្អ។ ការឲ្យចរាចរណ៍ផលិតផលខុសច្បាប់ អត់មានអ្នកគ្រប់គ្រងត្រឹមត្រូវ បណ្តោយឲ្យលក់រញ៉េរញ៉ៃ»។
ទាក់ទងនឹងបញ្ហានេះដែរ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា ការនិយាយស្តី ការស្លៀកពាក់ គឺជាសិទ្ធិសេរីភាពបុគ្គល ។ លោកបន្តថា ក្រសួងវប្បធម៌មិនមានសមត្ថកិច្ចណាមួយក្នុងការចាត់វិធានការនោះទេ ព្រោះការស្លៀកពាក់ស៊ិចស៊ីនេះ មិនមែនជាបញ្ហាធំដែលធ្វើឲ្យប៉ះពាល់សន្តិធ្ងន់ធ្ងរនោះទេ។
លោកពន្យល់យ៉ាងដូច្នេះថា៖ «បើយើងបិទគេ គេថាយើងទៅបិទសេរីភាព ការស្លៀកពាក់ហ្នឹង វាជាសេរីភាពរបស់គេ។ អាហ្នឹង វាជាសមត្ថកិច្ចក្រសួងវប្បធម៌ដែរ ឬយ៉ាងម៉េច? តែបើសួរជាបុគ្គល ធម្មតា មិនមែនតែខ្ញុំទេ យើងមើលទៅវាខុសឆ្គងភ្នែកដែរ។ យើងបានណែនាំគេហើយ យើងបានអំពាវនាវហើយ តែគេមិនធ្វើ យើងធ្វើម៉េច?»។
លោកបណ្ឌិត ឈត ប៊ុនថង សាស្ត្រាចារ្យជំនាញទស្សនវិជ្ជា យល់ឃើញថា ការបង្ហាញភាពស៊ិចស៊ីហួសហេតុរបស់អ្នករកស៊ីអនឡាញមួយចំនួន បាននឹងកំពុងតែបំផ្លាញតម្លៃនារីខ្មែរ ដែលធ្លាប់តែមានកិរិយាថ្លៃថ្នូរ និងសុភាពរាបសារកន្លងមក។
លោកសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ជាទូទៅ យើងឃើញថា ភាពថ្លៃថ្នូរ ភាពល្អផូរផង់នៃប្រពៃណីរបស់យើង រាប់ចាប់តាំងពីការនិយាយស្តី ការស្លៀកពាក់ ឥរិយាបថល្អគ្មានពីរ ត្រូវបានគេសរសើរ និងចារក្នុងវប្បធម៌អរិយធម៌របស់ខ្មែរ។ កាលណា យើងធ្វើខុសពីហ្នឹង ធ្វើឲ្យប៉ះពាល់ដល់ច្បាប់សង្គម ច្បាប់ប្រពៃណីរបស់យើងហើយ។ ស្អីដែលប៉ះពាល់ហ្នឹង គឺធ្វើឲ្យបាត់បង់វប្បធម៌ដើមរបស់យើង និងសេចក្តីថ្លៃថ្នូរ។ ការយកភាពឯកជនរបស់ខ្លួនទៅបង្ហាញជាសាធារណៈ ដូចជា មើលយូរៗ មានអ្នកខ្លះ គេអាចច្រឡំថា គាត់មិនមែនលក់តែទំនិញគាត់ទេ តែអាចលក់ទាំងខ្លួនគាត់ទៀត»។
បើតាមអ្នកជំនាញសីលធម៌រូបនេះ អ្នកលក់អនឡាញទាំងឡាយ គួរតែផ្លាស់ប្តូរទម្លាប់ទាំងនេះ ដោយងាកទៅរកវិធីសាស្ត្រផ្សេងទៀត ដើម្បីលក់ផលិតផលរបស់ខ្លួន។
លោកពន្យល់បន្ថែម៖«យើងលក់ដូចគ្នា យើងប្រើវិធីសាស្ត្រក្នុងការនិយាយទាក់ទាញអតិថិជន ប្រើទេពកោសល្យក្នុងការនិយាយ ឬយើងមានសេវាកម្មរហ័សទាន់ពេលដែលគេចង់បាន ទំនិញយើងមិនក្លែងក្លាយ ហើយតម្លៃរបស់យើងមិនថ្លៃជាងគេ។ ខ្ញុំគិតថា វិធីទាំងអស់នេះ យើងអាចប្រើជំនួសការបង្ហាញភាពស៊ិចស៊ី ឬអ្នកខ្លះ បង្ហាញពាក្យគ្រោតគ្រាត ឬសម្តីអសុរោះ ទើបលក់ដាច់។ ខ្ញុំគិតថា គួរតែផ្លាស់ប្តូរឥរិយាបថហ្នឹងហើយ»។
ដ្បិតកម្ពុជាទើបអនុម័តច្បាប់ពាណិជ្ជកម្មតាមអេឡិចត្រូនិក ក៏ប៉ុន្តែការអនុវត្ត និងការកែប្រែទម្លាប់នេះ មិនមែនជាការងារស្រួលឡើយ។ បើតាមលោកបណ្ឌិត ឈត ប៊ុនថង នៅដំណាក់កាលដំបូងនេះ ការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត គឺជាវិធីល្អ ដើម្បីរម្លឹកពួកគេឲ្យ មានក្រមសីលធម៌ក្នុងការប្រកបអាជីវកម្ម៕