អន្តរជាតិ
រដ្ឋមន្ត្រី​ជប៉ុន ចេញមុខ​សុំទោស បន្ទាប់ពី​ស្ត្រី​ម្នាក់​ចាកចេញ​ពីនាវា Diamond Princess មាន​ផ្ទុក COVID-19
23, Feb 2020 , 8:39 pm        
រូបភាព
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ Reuters
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ Reuters
​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន នា​ថ្ងៃទី ២២ ខែកុម្ភៈ បានចេញ​មុខជា​សាធារណៈ បន្ទាប់ពី​គេ​រកឃើញ​ស្ត្រី​ម្នាក់​ដែល​បាន​ចាក​ចេញពី​នាវា Diamond Princess មាន​ផ្ទុក COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​។ ទាក់ទង​ទៅនឹង​បញ្ហា​នេះ អាជ្ញាធរខេត្ត​របស់​ជ​ប៉ុន បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​រឹតបន្តឹង​ថែមទៀត លើ​ការធ្វើ​រោគវិនិច្ឆ័យ​ជនសង្ស័យ ដែលមាន​ផ្ទុក COVID-19 និង​មនុស្ស​ផ្សេងទៀត​។


 
​អ្នកដំណើរ​ក្នុង​នាវា​ទេសចរណ៍ Diamond Princess ត្រូវបាន​ជប៉ុន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​នាវា​តាំងពី​ថ្ងៃទី​១៩ ខែកុម្ភៈ មក​ម្លេះ ខណៈពេល​ចំនួន​អ្នក​ឆ្លង COVID-19 បាន​កើន​ដល់ ៦៣៤​ករណី និង​មាន​អ្នកស្លាប់ ២​ករណី​។ មុននឹង​ចាកចេញ​ពី​នាវា អ្នកដំណើរ​ទាំងអស់ ត្រូវបាន​ពិនិត្យ​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ជាមុនសិន ដើម្បី​ធានា​គ្មាន​កូ​រ៉ូ​ណាវី​រុស​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ជប៉ុន បាន​រកឃើញ​ស្ត្រី​វ័យ​ជាង ៦០​ឆ្នាំ​ម្នាក់ មាន​ផ្ទុក COVID-19 នៅ​ខេត្ត Tochigi ភាគ​ខាងជើង​ទីក្រុង​តូ​ក្យូ បន្ទាប់ពី​ចាកចេញ​ពី​នាវា Diamond Princess នា​ថ្ងៃទី​១៩ ខែកុម្ភៈ​។ 
 
​តាមរយៈ​សន្និសីទកាសែត​នាទី​ក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ លោក​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន Katsunobu Kato បាន​បញ្ជាក់ថា មនុស្ស​ចំនួន ២៣​នាក់ ដែល​បាន​ចាក​ចេញពី​នាវា​នៅ​ថ្ងៃទី​១៩ និង ២០ ខែកុម្ភៈ មិន​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ជប៉ុន​ធ្វើ​រោគវិនិច្ឆ័យ តាំង​ពីមុន​ថ្ងៃទី​៥ ខែកុម្ភៈ​មក​ម្លេះ ហើយ​អាជ្ញាធរ ក៏បាន​ស្វែងរក​ពួកគេ​យកមក​ធ្វើ​រក​វិនិច្ឆ័យ​ម្តងទៀត​ផងដែរ​។ 
 
​ដោយមាន​បញ្ហា​នេះ​កើតឡើង លោក​រដ្ឋមន្ត្រី​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​សុំទោស ចំពោះ​ស្ថានការណ៍ ដែល​បង្កដោយ​កំហុស​អ​ចេតនា​របស់​យើង​»​។ បើតាម​លោក​Katsunobu អាជ្ញាធរ​សុខាភិបាល នឹង​ចាត់វិធានការ​សំខាន់ៗ​ទាំងអស់ ដើម្បី​ការពិនិត្យ​ជនសង្ស័យ​កើត​កូ​រ៉ូ​ណា​វីរុស​ទ្វេដង ដើម្បី​ទប់ស្កាត់ និង​ការពារ​មិន​ឲ្យ​រឿង​បែបនេះ​កើតឡើង​ម្តងទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ចំណែក​លោក​អភិបាលខេត្ត Tochigi វិញ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​រឹង​បន្តឹង​បន្ថែមទៀត​ជុំវិញ​បញ្ហា​នេះ ដើម្បី​បង្ការ​ករណី​ឆ្លង​នៅក្នុង​ប្រទេស និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​គ្រប់បែបយ៉ាង​។ 
 
​សូមបញ្ជាក់ថា នាវា Diamond Princess ដែលមាន​ផ្ទុក​មនុស្ស​ចំនួន​ជាង ៣៧០០​នាក់ បាន​ចាក​ចេញពី​កំពង់ផែ Yokohama នា​ថ្ងៃទី​២០ ខែមករា និង​បានធ្វើ​ដំណើរ​ទៅ​ហុងកុង វៀតណាម និង​តៃវ៉ាន់ មុនពេល​ត្រលប់មក​កំពង់ផែ Yokohama វិញ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ មុនពេល​រដ្ឋាភិបាល​ជ​ប៉ុន​ឃាត់ទុក​នៅ​កំពង់ផែ Yokohama៕
 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com