ជាតិ
មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា​ឆ្នាំនេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​អានុភាព​កីឡា​»
23, Feb 2020 , 5:59 pm        
រូបភាព
 រូបផ្ដល់ឱ្យ
រូបផ្ដល់ឱ្យ
​ភ្នំពេញ​៖ ឆ្នាំ​២០២០​នេះ មហោស្រព​គី​ហ្សូ​ណា បានជ្រើសរើស​ប្រធានបទ «​អានុភាព​កីឡា​» ដោយសារតែ​ប្រទេស​ជប៉ុន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក និង​ផា​រ៉ា​ឡាំ​ពិ​កនៅ​ឆ្នាំនេះ​។ បន្ថែម​លើ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ជប៉ុន ជាពិសេស​យុវជន ប្រធានបទ​ខាងលើ ក៏​ចង់បង្ហាញ​ពី​សារសំខាន់​នៃ​កីឡា​នៅក្នុង​ជីវិត​របស់​មនុស្ស និង​នៅក្នុង​សង្គម​ផងដែរ​។​


 
​ស្ថានទូត​ជប៉ុន បានរួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) និង មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន រៀបចំ​មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា​លើក​ទី​៩ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​២០​ដល់​២៣​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​។


 
​អ្នកស្រី កា​អូ​រិ​តា​ណា​បេ ហៅ គ​ន្ធា លេខា​ទី​១​ទទួលបន្ទុក​កិច្ចការ​វប្បធម៌​នៃ​ស្ថានទូត​ជប៉ុន បាន​បញ្ជាក់ថា គោលបំណង​សំខាន់​នៃ​ការរៀបចំ​មហោស្រព​គី​ហ្សូ​ណា គឺ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​កម្ពុជា​និង​ជប៉ុន ជាពិសេស​យុវជន​នៃ​ប្រទេស​ទាំងពីរ​។ 
 
​អ្នកស្រី កា​អូ​រិ​តា​ណា​បេ បញ្ជាក់បន្ថែម​ពី​មូលហេតុ​នៃ​ការជ្រើសរើស​ប្រធានបទ​សម្រាប់​មហោស្រព​នៅ​ឆ្នាំនេះ​៖«​ដោយសារតែ​ប្រទេស​ជប៉ុន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក និង​ផា​រ៉ា​ឡាំ​ពិ​កនៅ​ឆ្នាំនេះ​។ ម្យ៉ាង​យើង​ចង់​នាំ​ដួងព្រលឹង និង​បេះដូង​នៃ​កីឡា​នៅ​ប្រទេស​ជប៉ុន​មក​កម្ពុជា​។ យើង​ចង់ឱ្យ​មហោស្រព​នេះ​ក្លាយជា​ឱកាស​មួយ​សម្រាប់​ប្រជាជន​ទាំងអស់ បាន​យល់​ពី​សារសំខាន់​នៃ​កីឡា​នៅក្នុង​ជីវិត​របស់ខ្លួន និង​នៅក្នុង​សង្គម​»​។ រូប​២


 លោកស្រី កាអូរិតាណាបេ ហៅ គន្ធា លេខាទី១ទទួលបន្ទុកកិច្ចការវប្បធម៌នៃស្ថានទូតជប៉ុន
 
​ចំណែក លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា លោក​ចូលចិត្ត​កីឡា​ខ្លាំង​តាំងពី​តូច​រហូតដល់​បច្ចុប្បន្ន ជាពិសេស​ប្រភេទ​កីឡា​បេស​ប៊​ល កីឡាបាល់បោះ កីឡា​បាល់ឱប កីឡាបាល់ទាត់ និង​កីឡា​វាយ​កូន​ហ្គោល​ជាដើម​។ 
 
​លោក​ឯកអគ្គរាជទូត បញ្ជាក់បន្ថែម​ដូច្នេះ​៖«​កីឡា​បាន​បង្ហាត់បង្រៀន​ខ្ញុំ​នូវ​សារសំខាន់​នៃ​ការខិតខំ សាមគ្គីភាព យុត្តិធម៌ ភាព​អត់ធ្មត់ មិត្តភាព និង​មេរៀន​ជាច្រើន​ទៀត ដែល​វា​មាន​សារសំខាន់​សម្រាប់​ជីវិត​»​។


លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា(រូបផ្ដល់​ឱ្យ)
 
​សូមបញ្ជាក់ថា មហោស្រព​គី​ហ្សូ​ណា​ដែលមាន​រយៈពេល​៤​ថ្ងៃ មាន​រៀបចំ​កម្មវិធី​ជាច្រើន​ដូចជា សិក្ខាសាលា​ទាក់ទង​នឹង​សិល្បៈ អប់រំ សុខភាព បច្ចេកវិទ្យា សាកល្បង​ភ្លក់​ម្ហូប និង​បង្អែម​ខ្មែរ​-​ជប៉ុន សាកល្បង​ស្លៀក​«​ក្បិន​»​ខ្មែរ និង​ពាក់​«​យូ​កាតា​»​ជប៉ុន​។ សាកល្បង​ពិធី​លៀង​តែ​ជប៉ុន «​សា​ដូ​» សិល្បៈ​បត់ក្រដាស​«​អូ​រី​ហ្គា​មី​» តុបតែង​ផ្កា​«​អ៊ី​កេ​បា​ណា​» ការសរសេរ​អក្សរ​ផ្ចង់​«​ស្យូ​ដូ​» ជាដើម ព្រមទាំង​មាន​សកម្មភាព​កីឡា​មួយចំនួនទៀត​៕ 


ក្រុម​សម្ដែងក្នុង​មហោស្រព(រូប​ផ្ដល់​) 

Tag:
 ជប៉ុន​
  មហោស្រព​
 ​សិល្បៈ​
 ​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com