អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក មហាធៀ លាលែងពីតំណែងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្រោយសម្ព័ន្ធភាពប្រេះឆា
24, Feb 2020 , 1:13 pm        
រូបភាព
លោក មហាធៀ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រូបថត AFP
លោក មហាធៀ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រូបថត AFP
ដោយ:
នាថ្ងៃនេះ លោក នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បានថ្វាយ​លិខិតសុំ​​ចុះ​ចេញពី​តំណែង​លោក​ទៅកាន់​មហាក្សត្រ​ម៉ាឡេស៊ី​។ ទង្វើ​ដ៏​ភ្ញាក់ផ្អើល​នេះ កើតឡើង​ក្រោយ​ចុង​សប្តាហ៍​នៃ​ភាព​ស្រ​ពិ​ច​ស្រ​ពិល​ថា រដ្ឋាភិបាល​ថ្មី​មួយ នឹងត្រូវ​បង្កើតឡើង​ដើម្បី​ជំនួស​សម្ព័ន្ធភាព​កាន់អំណាច Pakatan Harapan ។  លិខិត​លាលែង​នេះ ត្រូវបាន​បញ្ជូនទៅ​កាន់​វិមាន​ជាតិ​ម៉ាឡេស៊ី​ហើយ​។​



តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បានប្រកាស​ពី​ការលាលែង​តំណែង​នេះ កាលពី​រសៀល​ថ្ងៃ​ចន្ទ ២៤ ខែកុម្ភៈ ។ នេះ​គឺជា​ការបើកផ្លូវ​សម្រាប់​លទ្ធភាព​នៃ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។​

 ការសម្រេចចិត្ត​របស់​លោក មហា​ធៀ កើតឡើង​ក្រោយពី​មាន​ភាព​រំជើបរំជួល​ផ្នែក​នយោបាយ​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច Pakatan Harapan ។ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ លោក មហា​ធៀ បាន​ជួប​ជាមួយ​តំណាង​បក្ស​មួយចំនួន​ដែលមាន​សំឡេង​ក្នុង​សភា រាប់ទាំង​តំណាង​បក្ស​រួបរួម​ម៉ាឡេស៊ី (UMNO) ដែលជា​បក្សប្រឆាំង​ផង​។ អ្វីដែល​គេ​មើលឃើញ​នោះ គឺ​លោក មហា​ធៀ ចង់​ប្រមូល​សំឡេង​ក្នុង​សភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ដែល​មិន​បញ្ចូល​បក្ស​របស់លោក Anwar Ibrahim ។​

​យ៉ាងណាមិញ មហាក្សត្រ​ម៉ាឡេស៊ី ក៏មាន​ព្រះរាជសិទ្ធិ​បដិសេធ​ការសុំ​លាលែង​នេះ ហើយ​លោក មហា​ធៀ បន្តធ្វើ​នាយករដ្ឋមន្ត្រី​ដដែល​។​

ភាពល្អក់​កករ​រវាង​លោក មហា​ធៀ និង​គូប្រជែង​ចាស់ គឺ​លោក Anwar មាន​ឥទ្ធិពល​លើ​នយោបាយ​ម៉ាឡេស៊ី​រាប់​ទសវត្ស​ន៍ ហើយ​ភាព​តានតឹង​ចេះតែ​បន្ត ទោះបីជា​សម្ព័ន្ធភាព​ពួក​គេ​បានឈ្នះ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៨​។  ពាក្យសន្យា​ក្រោយ​ជ័យជម្នះ​មួយ​ថា មហា​ធៀ ថ្ងៃ​ណាមួយ នឹង​ផ្ទេរអំណាច​ដល់​លោក Anwar ក្លាយជា​ស្រមោល​តាម​ពីក្រោយ​លោក មហា​ធៀ ព្រោះ​អ្នកគាំទ្រ​លោក Anwar ចង់​ឲ្យ​លោក​ផ្ទេ​តំណែង​ឲ្យ​បាន​ឆាប់​។​



កាលពី​ថ្ងៃអាទិត្យ ២៣ ខែកុម្ភៈ លោក Anwar បាន​ចោទ​បក្ស​លោក មហា​ធៀ និង​អ្នកនយោបាយ​ក្នុង​បក្ស​ផ្ទាល់ខ្លួន​លោក​ថា​ជា «​ជន​ក្បត់​» ក្រោយ​ពួកគេ​ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ជាមួយ UMNO ដែលជា​អតីត​បក្ស​កាន់អំណាច​ចាញ់ឆ្នោត​ឆ្នាំ​២០១៨ របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ។​

© រក្សាសិទ្ធិដោយ thmeythmey.com