កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Fernandes ស៊ុត​គ្រាប់​ដំបូង​ជួយ Man Utd ឈ្នះ Watford ឯ Arsenal បន្តបាន​៣​ពិន្ទុ​
24, Feb 2020 , 2:44 pm        
រូបភាព
Manchester United បាន​យកឈ្នះ Watford ក្នុង​លទ្ធផល ៣-០ ដើម្បី​រំកិល​ខ្លួន​ទៅកាន់​លេខ​៥​ក្នុង​តារាង Premier League នា​ជំនួប​សប្តាហ៍​ទី​២៧ កុម្ភៈ​។ ខ្សែបម្រើ​ចំណូល​ថ្មី Bruno Fernandes ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ឲ្យ​បិសាច​ក្រហម និង​បញ្ជូន​បាល់ (Assist) ឲ្យ​ដៃគូ​សម្រេច​ទី​១​គ្រាប់​ផង​។ Arsenal រកបាន​៣​គ្រាប់​បន្ថែម ក្រោយ​យកឈ្នះ Everton ទាំង​ប្រផិតប្រផើយ ៣-២​។​


 
​ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ជាង​៧​ម៉ឺន​នាក់​នៅ Old Trafford ខ្សែបម្រើ Fernandes បាន​ជួយ Man Utd រក​គ្រាប់​នាំមុខ​នៅ​នាទី​៤២ ដោយ​ការទា​ត់បា​ល់ពី​ន័យ​១១​ម៉ែត្រ​ប៉េ​ណា​ល់​ទី បន្ទាប់ពី​អ្នកចាំទី Ben Foster បង្កកំហុស​នៅ​តំបន់​គ្រោះថ្នាក់​របស់ខ្លួន​។ Anthony Martial បន្ថែម​គ្រាប់​បាល់​ទី​២ នៅ​នាទី​៥៨ មុនពេល​ខ្សែប្រយុទ្ធ​វ័យក្មេង Mason Greenwood សម្រេច​គ្រាប់​ទី​៣ នៅ​នាទី​៧៥ តាមរយៈ​ការបញ្ជូន​របស់ Fernandes​។​


 
​ជ័យជម្នះ​នេះ បាន​ជួយ​ក្រុម​របស់​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer ឈានទៅ​ចំណាត់ថ្នាក់​ទី​៥ ដោយ​រកបាន​៤១​ពិន្ទុ ពី​ការប្រកួត​២៧​លើក តាម​ពីក្រោយ​លេខ​៤ Chelsea ចំនួន​៣​ពិន្ទុ​។ ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យមួយ​នេះ ត្រូវធ្វើ​យ៉ាងណា​ប្រជែង​យក​ចំណាត់ថ្នាក់ Top 4 រដូវ​កាល​នេះ ដើម្បី​ទទួលបាន​កៅអី​លេង​ក្នុង​ក្របខណ្ឌ Champions League រដូវ​កាល​ក្រោយ​។ 
 
​ដោយឡែក Arsenal វិញ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Mikel Arteta បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​នៅ​សប្តាហ៍​ទី​២៧​នេះ ដោយ​ការ​វាយបក​យ​ឈ្នះ Everton ក្នុង​លទ្ធផល ៣-២​។ 
​ក្នុងជំនួប​ក្នុង​កីឡដ្ឋាន Emirates ស្របពេល​ការប្រកួត​ដំណើរការបាន​១​នាទី ខ្សែប្រយុទ្ធ Dominic Calvert-Lewin ជា​អ្នក​ស៊ុត​គ្រាប់​នាំមុខ​ដំបូង​ឲ្យ Everton មុនពេល Eddie Nketiah វាយបក​តាម​ស្មើ​ឲ្យ​កាំភ្លើង​ធំ​វិញ​នៅ​២៧​នាទី​បន្ទាប់​។​


 
​ខ្សែប្រយុទ្ធ​ឆ្នើម Pierre-Emerick Aubameyang បាន​ជួយ​ឲ្យ Arsenal នាំមុខ ២-១ វិញ ក្រោយ​ស៊ុត​ប​ញ្ចូ​ទី​នៅ​នាទី​៣៣ មុន​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Richarlison សម្រេច​ទី​តាម​ស្មើ​ជូន​ក្រុម​លោក Carlo Ancelotti វិញ នៅ​នាទី​៤៥​។ យ៉ាងណាក៏ដោយ​លទ្ធផល​ស្មើ​នេះ​មិនបាន​រក្សា​នៅ​រយៈពេល​យូរ​ឡើយ បន្ទាប់ពី​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្គា​បុ​ង Aubameyang តែ​ត​មួយ​ក្បាល​សម្រេច​ទី​គ្រាប់​ទី​២​របស់ខ្លួន និង​ជា​គ្រាប់​តាម​ឈ្នះ​របស់ Arsenal នៅ​នាទី​៤៦​មុន​បញ្ចប់​វគ្គ​ទី​១​។ បញ្ចប់​ការប្រកួត Arsenal ឈ្នះ Everton ៣-២​។​
 
​ឆ្លងកាត់​ការប្រកួត​២៧​លើក Arsenal រកបាន​៣៧​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៩ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​បណ្តោះអាសន្ន​។​
 
Wolverhampton Wanderers ក៏បាន​៣​ពិន្ទុ​បន្ថែម​ផងដែរ ក្រោយ​យកឈ្នះ​ក្រុម​បាត​តារាង Norwich City ​៣-០ ដោយ​ឈរ​ចំណាត់ថ្នាក់​ទី​៨ មាន​៣៩​ពិន្ទុ​។ West Ham, Watford និង Norwich City នៅ​តំបន់​ត្រូវ​កាត់ចោល​ទៅ​លី​គ​ទី​២​រដូវ​កា​ក្រោយ​៕

Tag:
 Manchester United
  Arsenal
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com