អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង​ឆ្លង​ដល់​៨៣៣​នាក់ រីឯ​អ៊ីរ៉ង់​ស្លាប់​១២​នាក់ អ៊ីតាលី​ស្លាប់​៤​នាក់​
24, Feb 2020 , 3:38 pm        
រូបភាព
អ្នកដំណើរម្នាក់នៅលើផ្លូវក្នុងក្រុងតេហេរ៉ង់។ រូបថត AFP
អ្នកដំណើរម្នាក់នៅលើផ្លូវក្នុងក្រុងតេហេរ៉ង់។ រូបថត AFP
ដោយ: រួបរួម
​កូរ៉េខាងត្បូង​បន្ត​រកឃើញ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ជា​បន្តបន្ទាប់​។ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ មនុស្ស​៧០​នាក់​ទៀត​នៅ​កូរ៉េខាងត្បូង​រកឃើញ​វិជ្ជមាន COVID-19 ខណៈ​អ៊ីរ៉ង់​កើន​អ្នកស្លាប់​៤​នាក់​បន្ថែម រីឯ​អ៊ីតាលី​១​នាក់​បន្ថែម​។​

 
​ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង បានប្រកាស​ពី​ការ​តេស្ត​វិជ្ជមាន​មនុស្ស​៧០​នាក់​បន្ថែមទៀត​នៅថ្ងៃនេះ ដែល​ក្នុងនោះ​៤១​នាក់​នៅ​ក្រុង Dae-gu, ១២​នាក់​នៅ​ប៊ូសាន ១២​នាក់​នៅ Gyeongbuk និង​៥​ករណី​ទៀត​នៅ​ក្រុង​ផ្សេងទៀត​។​
 
​តួលេខ​ថ្មី​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​នៅ​កូរ៉េខាងត្បូង​ឡើងដល់​៨៣៣​នាក់ ដែល​ក្នុងនោះ​មាន​អ្នកស្លាប់​៧​នាក់​។​
 
​នៅ​អ៊ីរ៉ង់​ឯណោះ​វិញ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​ផ្សាយ​ពី​ករណី​ស្លាប់​៤​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ឡើងដល់​១២​ករណី ក្នុងចំណោម​អ្នកជំងឺ​៤៧​ករណី ដែល​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​។​
 
​រីឯ​នៅ​អ៊ីតាលី បុរស​វ័យ​៨៤​ឆ្នាំ​ម្នាក់ បាន​ក្លាយជា​មនុស្ស​ទី​៤​ដែល​បាន​ស្លាប់​ដោយសារ COVID-19 ខណៈពេល​នេះ អ្នកជំងឺ​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ មាន​១៥៥​នាក់ ដែល​ត្រូវបាន​តេស្ត​ឃើញ​។​
 
​ក្រៅពី​ចិន (​រួមបញ្ចូល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​) មាន ជប៉ុន (​រាប់បញ្ចូល​ទាំង​ករណី​លើ​នាវា Diamond Princess) កូរ៉េខាងត្បូង សិង្ហ​បុរី អ៊ីរ៉ង់ ថៃ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន អ៊ីស្រាអែល លី​បង់ ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា បារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប កូ​វ៉ែត បា​រ៉ែ​ន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី បាន​ផ្សាយ​ពី​ការរកឃើញ​ករណី​ទី​១​នៅ​អ៊ីរ៉ាក់ ប៉ុន្តែ​ក្រសួងសុខាភិបាល​អ៊ីរ៉ាក់​បាន​បដិសេធ​៕

Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com