ស្ពានឈើ​ពីរ​របស់លោក បេន ដែល​ត្រូវបាន​ភ្លើង​ឆេះ អាច​ជំនួស​ដោយ​ស្ពានបេតុង​
ជាតិ
ស្ពានឈើ​ពីរ​របស់លោក បេន ដែល​ត្រូវបាន​ភ្លើង​ឆេះ អាច​ជំនួស​ដោយ​ស្ពានបេតុង​
24, Feb 2020 , 8:59 pm        
រូបភាព
លោច​ បេន ដាវីស ឈរមើលស្ពានឈើ ដែលត្រូវបានភ្លើងចេះ, រូបភាពពីក្រសួងបរិស្ថាន
លោច​ បេន ដាវីស ឈរមើលស្ពានឈើ ដែលត្រូវបានភ្លើងចេះ, រូបភាពពីក្រសួងបរិស្ថាន
​ក្រសួងបរិស្ថាន​នឹងចូលរួម​គាំទ្រ​ការសាងសង់​ស្ពាន​ពីរ​កន្លែង​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​ត្នោត និង​ភ្នំ​ពក​ក្នុង​ខេត្តព្រះវិហារ​ឡើងវិញ បន្ទាប់ពី​ស្ពាន​ចាស់​ដែល​ធ្វើ​ពី​ឈើ​ត្រូវបាន​ភ្លើង​ឆេះ​។ បើតាម​ក្រសួងបរិស្ថាន ស្ពាន​ដែល​គ្រោង​សាងសង់​ថ្មី​នេះ​ធ្វើ​ពី​បេតុង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ករណី​ឆេះ​ម្តង​ហើយ​ម្តងទៀត​។ ក្រសួងបរិស្ថាន ស្នើ​ឲ្យ​អាជ្ញាធរ​ស្វែងរក​អ្នក​ដុត​ស្ពាន​មក​ផ្តន្ទាទោស​តាមច្បាប់​។

 
​ស្ពានឈើ​ពីរ​កន្លែង​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​ត្នោត និង​ភ្នំ​ពក​ក្នុង​ខេត្តព្រះវិហារ ដែល​ត្រូវបាន​ភ្លើង​ឆេះ​កាលពីពេល​ថ្មីៗ នឹង​សាងសង់​ជំនួស​វិញ​ដោយ​ស្ពានបេតុង ដើម្បី​បង្កា​កុំ​ឲ្យ​មាន​ករណី​ភ្លើង​ឆេះ​ម្តង​ហើយ​ម្តងទៀត​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដែល​ត្រូវបាន​ស្រង់​សម្តី​យកទៅ​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួងបរិស្ថាន​។ 
 
​ស្ពានបេតុង​ដែលមាន​ប្រវែង​ប្រមាណ​៥០​ម៉ែត្រ​ទាំងពីរ​នេះ គឺជា​ការតភ្ជាប់​ច្រកចេញ​ចូលក្នុង​តំបន់​អភិរក្ស​សត្វព្រៃ និង​ជីវៈចម្រុះ​ភ្នំ​ត្នោត និង​ភ្នំ​ពក​ស្ថិតនៅ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។ ក្រសួងបរិស្ថាន​បានប្រគល់​តំបន់​អភិរក្ស​នេះ​មួយផ្នែក​ឲ្យ​ទៅ BeeTreed ដែលមាន​ជនជាតិ​អាមេរិកកាំង បេន ដាវី​ស ជា​អ្នកគ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​នោះ​។   


 
​បើតាម​លោក នេត្រ ភក្ត្រា តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​ត្នោត​និង​ភ្នំ​ពក​មាន​ទំហំ​ផ្ទៃដី​សរុប​៤២,០៩៧​ហិកតា ដែល​លាតសន្ធឹង​ក្នុង​ខេត្តព្រះវិហារ​និង​ខេត្តសៀមរាប​។ ក្នុងនោះ​ក្រសួងបរិស្ថាន បានប្រគល់​ផ្ទៃដី​ជាង​៧​ពាន់​ហិកតា​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក បេន ដាវី​ស តាមរយៈ​អនុសារណៈ​យោគយល់​គ្នា​(MOU)​រវាង​ក្រសួងបរិស្ថាន​ជាមួយ​អង្គការ BeeTreed​។ តំបន់​នោះ​ពោរពេញ​ដោយ​សក្តា​នុព​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ និង​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​។ 
 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​បាន​បន្ថែមថា ក្រោម​អនុសារណៈ​យោគយល់​គ្នា​ដែលមាន​សុពលភាព​រយៈពេល​៥​ឆ្នាំ​ក្រៅពី​ផ្តល់​កិច្ចសហការ​អភិរក្ស​ធ​ន​ធាន​ធម្មជាតិ​ក្នុង​តំបន់​នោះ ក្រសួងបរិស្ថាន​ក្រោម​គម្រោង​មូលនិធិ​បរិស្ថាន និង​សង្គម​បានផ្តល់​កញ្ចប់​ថវិកា​២​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ដល់​លោក បេន ដាវី​ស ដើម្បី​ប្រើប្រាស់​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​ធ​ម​ធាន​ធម្មជាតិ​ក្នុង​ដែក​ជម្រក​សត្វ​ភ្នំ​ត្នោត និង​ភ្នំ​ពក​ទៀតផង​។ 
 
​ក្រោយ​លោក បេន ដាវី​ស ចូលមក​គ្រប់គ្រង​និង​អភិរក្ស​ក្នុង​តំបន់​នេះ​តាំងពី​ឆ្នាំ​២០១៩ រាប់ទាំង​ស្ពាន​ពីរ​នេះ​មាន​ស្ពាន​៤​ហើយ​ត្រូវបាន​ភ្លើង​ឆេះ​ក្នុង​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ភ្នំ​ត្នោត​និង​ភ្នំ​ពក​នេះ​។ ទន្ទឹមនឹង​បង្ហាញ​ការសោកស្តាយ​លោក នេត្រ ភក្ត្រា ស្នើ​ឲ្យ​អាជ្ញាធរ​ស្វែងរក​ជនបង្ក​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕



Tag:
 ក្រសួងបរិស្ថាន​
  នេត្រ ភក្ត្រា​
  បេន ដាវី​ស​
© រក្សាសិទ្ធិដោយ thmeythmey.com