ជាតិ
សេដ្ឋកិច្ច
កម្ពុជា សុំ​ឲ្យ​ចិន​ជួយសម្រាលការលំបាក ក្នុង​គ្រា​ដែល​រោងចក្រ​មួយចំនួន ត្រូវ​បិទទ្វារ​
24, Feb 2020 , 10:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជា និង ប្រធានាធិបតីចិន ចាប់ដៃគ្នា ពេលជួបគ្នានៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ (រូបពី AFP)
នាយករដ្ឋមន្រ្តីកម្ពុជា និង ប្រធានាធិបតីចិន ចាប់ដៃគ្នា ពេលជួបគ្នានៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ (រូបពី AFP)
ដោយ: ថ្មីៗ
​ដើម្បី​ទប់​ទល់​នឹង​កា​របះ​ពាល់​ផ្នែក​ខ្លះ​នៃ​សេដ្ឋកិច្ចកម្ពុជា ដោយសារ​សហភាព​អឺរ៉ុប ផ្តាច់​២០​ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ដោយសារជះឥទ្ធីពលអាក្រក់​នៃ​វីរុស COVID-19 សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំចំណុច​សំខាន់បីយ៉ាង​ពី​ភាគី​ចិន​។

 
​ទីមួយ សុំ​មេដឹកនាំ​ចិន ណែនាំ​វិនិយោគិន​ចិន ជាពិសេស​ម្ចាស់​ថៅកែ​រោងចក្រ កុំ​ឲ្យ​ចាក​ចេញពី​កម្ពុជា ខណៈ​បច្ចុប្បន្ន ក្នុងចំណោម​រោងចក្រ​ទាំងអស់​នៅ​កម្ពុជា មាន​រោងចក្រ​ចិន​ដល់​ទៅ​៧០​ភាគរយ​ឯណោះ​។ ជាមួយគ្នានេះ សម្តេច បានស្នើ​ឲ្យ​ចិន​ជួយ​ផ្គត់ផ្គង់​វត្ថុធាតុដើម ម​កក​កម្ពុជា​ឲ្យ​ទាន់ពេលវេលា ដើម្បី​ឲ្យ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា អាច​បន្ត​ដំណើរការ​។ 
 
​ស្របជាមួយនឹងការសុំឲ្យចិនជួយបែបនេះ សម្តេចនាយក​រដ្ឋមន្ត្រី បានប្រកាស​លើកលែង​ពន្ធ​ចន្លោះ​ពី​៦​ខែ​ទៅ​១​ឆ្នាំ សម្រាប់​រោងចក្រ​សហគ្រាស​ណា ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ ការលើកលែង​ពន្ធ​នេះ ទំនងជា​រដ្ឋាភិបាល​ក​ម្ពុ​ជា មានបំណង​ទប់ស្កាត់​កុំ​ឲ្យ​រោងចក្រ​ទាំងនោះ​បិទទ្វារ​។​
 
​ទី​ពីរ មិន​ត្រឹមតែ​មិនឲ្យ​រត់ចោល​កម្ពុជា​ទេ តែ​ក៏​សុំ​មេដឹកនាំ​ចិន ឲ្យ​លើកទឹកចិត្ត​វិនិយោគិន មករក​ស៊ី​នៅ​កម្ពុជា​ថែមទៀត​។

ទី​បី សុំ​ឲ្យ​ចិន​ពង្រីក​និង​បើកចំហ​ទីផ្សារ​ឲ្យ​កាន់តែ​ធំ ដើម្បី​កម្ពុជា អាច​នាំ​ទំនិញ​ទៅ​ចិន​បាន​កាត់​តែ​ច្រើន ដោយ​​ទំនិញ​ទាំងនោះ មិនមែន​មានតែ​សម្លៀកបំពាក់​នោះទេ គឺមាន​ប្រភេទ​ទំនិញ​ផ្សេងទៀត ដូចជា សម្ភារ​ផ្នែក​វេជ្ជសាស្ត្រ​ជាដើម​។ 
 
​នា​ពិធី​ថ្លែង​សារ​ជូន​ប្រជាជន​កម្ពុជា​អំពី​ស្ថានការណ៍​ចុងក្រោយ​ពាក់ព័ន្ធ​នឹង​វីរុស COVID-19 និង EBA ដែល​រៀបចំឡើង​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល ឆ្លើយតប​នឹង​ការ​កាត់ EBA ២០​ភាគរយ​ថា​៖«​មិនអាច​សម្លាប់​កម្ពុជា តាម​មធ្យោបាយ​ណាមួយ​ទេ​»​។ បន្ទាប់មក​មេដឹកនាំ​កម្ពុជា ក៏មាន​ប្រសាសន៍ថា​៖«​ខ្ញុំ សង្ឃឹមថា មិត្ត​ចិន នឹង​បន្ត​ខិតខំ​ជួយ​យើង ទោះបីជា​ជួយ​មិនបាន​ទាំងអស់ តែ​ក៏​អាច​សម្រាល​ការលំបាក និង​ជួយ​ព​ន្លឿ​ន​សេដ្ឋកិច្ច​របស់​កម្ពុជា​»​។​
 
​គេ បារម្ភ​ថា រោងចក្រ​មួយចំនួន នឹងត្រូវ​បិទទ្វារ​មួយរយៈ ​ចាប់​ចុងខែ​កុម្ភៈ​ឬ​ឈានចូល​ខែមីនា ឆ្នាំ​២០២០​នេះ ដោយសារតែ​អស់​វត្ថុធាតុដើម​ដែល​នាំចូល​ពី​ចិន ហើយ​កម្មករ​-​កម្មការិនី​ខ្មែរ មិនតិចជាង​ខ្ទង់​ម៉ឺន​នាក់​នោះទេ ដែល​នឹងត្រូវ​ព្យួរការងារ​។ ដោយសារតែ​ការ​រាលដាល​ខ្លាំង​នៃ​វីរុស COVID-19 ទើប​រោងចក្រ​និង​ក្រុមហ៊ុន​ជាច្រើន​នៅ​ចិន ត្រូវ​បិទទ្វារ​និង​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ទៅ​បណ្តា​ប្រទេស​នានា ដោយ​រួមទាំង​កម្ពុជា​ផងដែរ​។ 
 
​យ៉ាងណា សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាសថា បើ​ត្រូវ​ព្យួរការងារ កម្មករ​-​កម្ម​ការ​នី នឹង​ទទួលបាន​ប្រាក់​៦០​ភាគរយ​នៃ​ប្រាក់ខែ​គោល​១៩០​ដុល្លារ​។ 
 
​ពេល​វីរុស COVID-19 ចាប់ផ្តើម​ផ្ទុះ​ថ្មីៗ មេដឹកនាំ​កម្ពុជា បានធ្វើ​ផ្ទុយ​ពី​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា ដោយ​មិន​ព្រម​ជម្លៀស​និស្សិត​ខ្មែរ ចេញពី​ទីក្រុង​វូ​ហាន ដែលជា​តំន​ប់​ផ្ទុះ​វីរុស​នេះ​ទេ​។ មេដឹកនាំ​កម្ពុជា ប្រកាន់យក​ពាក្យស្លោក​ខ្មែរ​ថា មិត្ត​ល្អ​មិន​រត់ចោល​គ្នា​ក្នុង​គ្រា​លំបាក​។ ម្យ៉ាងទៀត កម្ពុជា ក៏​មិនបាន​បិទ​ជើងហោះហើរ​ពី​ចិន​ដែរ ដោយ​ខ្លាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា និង​ខ្លាច​ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​ចិន​៕ 

Tag:
 ហ៊ុន សែន​
  បិទ​រោងចក្រ​
  សុំ​ជំនួយ​ចិន​
  EBA
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com