កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ COVID-19 លីគបាល់ទាត់កូរ៉េខាងត្បូង ត្រូវពន្យារពេលបើករដូវកាលថ្មី
× ក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលកូរ៉េខាងត្បូង (K-league) នៅថ្ងៃច័ន្ទទី២៤ កុម្ភៈ បានពន្យារពេលការចាប់ផ្តើមប្រកួតប្រជែងរដូវកាលថ្មី ដោយសារការរីករាលដាលយ៉ាងខ្លាំងក្លានៃជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) នៅប្រទេសខ្លួន។
«K-league បានសម្រេចចិត្តពន្យារពេលជាបណ្តោះអាសន្នអំពីការចាប់ផ្តើមរដូវកាលថ្មី ឆ្នាំ ២០២០ រហូតដល់ការរាលដាលនៃ COVID-19 បានធូរស្រាលវិញ»។ នេះជាសេចក្តីប្រកាសរបស់ K-league ដែលដឹកនាំការប្រកួតលីគបាល់ទាត់លំដាប់កំពូលរបស់កូរ៉េខាងត្បូង។
K-league ដែលមានក្រុមសរុបចំនួន១២ចូលរួមប្រកួតប្រជែងនៅឆ្នាំនេះ គ្រោងនឹងចាប់ផ្តើមដំណើរការនៅចុងសប្តាហ៍នេះ។ ប៉ុន្តែអ្វីៗមិនអាចធ្វើបានតាមវេលាកំណត់ឡើយក្រោយពី COVID-19 ចាប់ផ្តើមវាយលុកខ្លាំងក្នុងប្រទេសនេះ។
កូរ៉េខាងត្បូង បន្តរកឃើញករណីឆ្លងជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី ជាបន្តបន្ទាប់។ នៅរសៀលថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការតេស្តវិជ្ជមានមនុស្ស៧០នាក់ទៀតនៅកូរ៉េខាងត្បូងរកឃើញវិជ្ជមាន COVID-19 ដែលក្នុងនោះ៤១នាក់នៅក្រុង Dae-gu, ១២នាក់នៅប៊ូសាន ១២នាក់នៅ Gyeongbuk និង៥ករណីទៀតនៅក្រុងផ្សេងទៀត។
K-league បន្ថែមជុំវិញការផ្អាកនេះទៀតថា៖«នេះជាវិធានការដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ រួមទាំងកីឡាកររបស់យើងក្នុងការទប់ស្កាត់ និងប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-19 ដែលឈានដល់ដំណាក់ការដ៏ធ្ងន់ធ្ងរនេះ»។
រហូតមកដល់ពេលនេះ តួលេខថ្មីបង្ហាញថាករណីឆ្លងវីរុសប្រល័យលោកថ្មីមួយនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងនៅកូរ៉េខាងត្បូងកើនឡើងដល់៨៣៣នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៧នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com