ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
រដ្ឋាភិបាល ឈប់យកពន្ធមួយឆ្នាំ លើអ្នកទិញផ្ទះក្រោម៧ម៉ឺនដុល្លារ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនយកពន្ធប្រថាប់ត្រាពីអ្នកទិញលំនៅដ្ឋានតម្លៃក្រោម៧ម៉ឺនដុល្លារ។ វិធានការនេះ គឺក្នុងចំណោមវិធានការមួយចំនួន ដែលសម្ដេច បានដាក់ចេញ ដើម្បីលើកកម្ពស់វិស័យសហគ្រាសធនតូចនិងមធ្យម សម្រាប់ពង្រឹងសេដ្ឋកិច្ចជាតិ ខណៈកម្ពុជាប្រឈមនឹងបញ្ហា EBA និងជំងឺ COVID-19។
«លើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែលមានតម្លៃទាបជាង៧ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេលមួយឆ្នាំ ដោយគិតពីខែកុម្ភៈឆ្នាំ២០២០ ដល់ខែមករាឆ្នាំ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ»។ នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ក្នុងពិធីថ្លែងសារជូនប្រជាជនកម្ពុជាពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព។
ជាមួយគ្នានេះដែរ ប្រមុខរដ្ឋាភិបាល បានអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ទាំងអស់ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ចុះថ្លៃផ្ទះទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ លើសពីនេះ ប្រមុខរដ្ឋាភិបាល អំពាវនាវឲ្យពលរដ្ឋដែលមានលទ្ធភាព ទិញផ្ទះក្នុងឱកាសនេះ ដោយមិនយកពន្ធ។
ពាក់ព័ន្ធនឹងសហគ្រាសធនតូច និងមធ្យម សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមានសក្ដានុពលខាងសហគ្រាសធនតូច និងមធ្យមច្រើន តាមរយៈការតាំងពិព័រណ៍កន្លងមក។ ការពង្រឹងវិស័យសហគ្រាសធនតូចនិងមធ្យមនេះ គឺជាបង្កើនផលិតភាពការងារ និងប្រែក្លាយវិស័យសហគ្រាសធនតូចនិងមធ្យម ឲ្យក្លាយឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។
សម្តេច មានប្រសាសន៍ថា៖«បើយើងទៅមើលការតាំងពិព័រណ៍ផលិតផលក្នុងស្រុក គឺពិតជាមានច្រើន ហើយផលិតផលទាំងអស់ គឺមានលទ្ធភាពដើម្បីពង្រីកកាន់តែធំ។ ហើយផលិតផលទាំងនោះ មួយផ្នែកជំនួសឲ្យការនាំចូល ហើយមួយផ្នែកទៀតក៏សម្រាប់ការនាំចេញដែរ ដោយយើងមិនពឹងពាក់តែវិស័យកាត់ដេរ ដែលនាំទៅដល់ការដែលគេរឹតបន្តឹងលើបញ្ហានេះ បញ្ហានោះ។ សេដ្ឋកិច្ចកម្ពុជាត្រូវតែសម្បូរបែប អ៊ីចឹងបញ្ហាដែលត្រូវធ្វើ គឺលើកទឹកចិត្តឲ្យសហគ្រាសធនតូចនិងមធ្យម ដើរតួនាទី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសរបស់យើង»៕
Tag:
សម្ដេច ហ៊ុន សែន
លំនៅដ្ឋាន
ពន្ធប្រថាប់ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com