អន្តរជាតិ
​អ៊ីរ៉ាក់ បញ្ជាក់​ករណី​ឆ្លង COVID-19 ដំបូង ក្រោយ​បិទ​ព្រំដែន​ជាមួយ​គូ​វ៉ែត​និង​អ៊ីរ៉ង់​
24, Feb 2020 , 6:17 pm        
រូបភាព
ប្រភពរូប៖ Anadolu Agency
ប្រភពរូប៖ Anadolu Agency
ដោយ:
មន្ត្រី​សុខាភិបាល​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ចន្ទ ២៤ ខែកុម្ភៈ បានបញ្ជាក់​ពី​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ក្នុង​ទីក្រុង Najaf ភាគខាងត្បូង​នៃ​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។



​តាម​ប្រភព​ដដែល​អ្នកជំងឺ COVID-19 ទីមួយ​ក្នុងប្រទេស​នេះ គឺជា​និស្សិត​អ៊ីរ៉ង់​ម្នាក់​សិក្សា​ក្នុង​ទីក្រុង​នេះ​ផ្ទាល់​តែម្ដង​។ បើតាម​ការ​សង្កត់ធ្ងន់​របស់​ក្រសួងសុខាភិបាល​អ៊ីរ៉ាក់ អ្នកជំងឺ​អ៊ីរ៉ង់​រូបនេះ បាន​ចូលមក​ក្នុងប្រទេស​អ៊ីរ៉ាក់ មុនពេល​ការដាក់ចេញ​បញ្ជា​បិទ​ព្រំដែន​ចូល​ជា​ធរមាន​។
 
​មុនពេល​ការប្រកាស​ករណី​ឆ្លង​ជំងឺ​នេះ​ទី​១ រដ្ឋាភិបាល​អ៊ីរ៉ាក់​បានសម្រេច​បិទ​ព្រំដែន​ខ្លួន​ជាមួយ​ប្រទេស​គូ​វ៉ែត ដែល​បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា បាន​រកឃើញ មនុស្ស ៣​នាក់​ឆ្លង COVID-19 ។ ក្នុងចំណោម​អ្នក​ទាំង​បីនាក់ អ្នកជំងឺ​ម្នាក់​គឺជា​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ធ្លាប់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​។

​ម្យ៉ាងទៀត អ៊ីរ៉ាក់ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន បាន​ពន្យារ​ការដាក់​ប​ម្រាម​ចូល​ប្រទេស​ខ្លួន​សម្រាប់​បណ្ដា​ជនបរទេស​ណា​ដែល​មកពី​ប្រទេស​អ៊ីរ៉ង់ ។ គិត​មកទល់ពេលនេះ អ៊ីរ៉ង់ បាន​បញ្ជាក់ថា​រកឃើញ​ករណី​ឆ្លង COVID-19 ជាង ៤០​នាក់ និង​អ្នកស្លាប់ ១២ នាក់​៕


Tag:
 កូរ៉ូណាវីរុស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com