សុខភាព
អន្តរជាតិ
ករណី​ស្លាប់​ដោយ COVID-19៖ កូរ៉េខាងត្បូង​ឡើងដល់​៨​នាក់ ខណៈ​អ៊ីតាលី ៧​នាក់​
24, Feb 2020 , 10:44 pm        
រូបភាព
ដោយ: រួបរួម
​កូរ៉េខាងត្បូង និង​អ៊ីតាលី បានប្រកាស​ពី​ការរកឃើញ​ជា​បន្តបន្ទាប់​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ កូរ៉េខាងត្បូង មាន​៨៣៣​ករណី ក្នុងនោះ​ស្លាប់​៨​នាក់ រីឯ​អ៊ីតាលី មាន​២២៣​ករណី ក្នុងនោះ​ស្លាប់​៧​នាក់​។​



​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ នេះ អ្នក​ឆ្លង COVID-19 ឡើង​ជិត​ដល់​៨​ម៉ឺន​នាក់ ក្នុងនោះ​អ្នកស្លាប់​មាន​២៦២៨​នាក់​។ នៅ​ចិន អ្នក​ស្លាប់មាន​២៥៩៥ ដោយ​ភាគច្រើន​នៅ​ខេត្ត​ហ៊ូ​ប៉ី​។ អ៊ីរ៉ង់​មាន​អ្នកស្លាប់​១២​នាក់ ដោយនៅ​លំដាប់​លេខ​២​។​

​កូរ៉េខាងត្បូង​មាន​អ្នកស្លាប់​៨​នាក់ អ៊ីតាលី​មាន​៧​នាក់ ជប៉ុន​៤​នាក់ (​ក្នុងនោះ​ករណី​លើ​នាវា Diamond Princess ៣​នាក់​) បារាំង​១​នាក់ និង​ហ្វីលីពីន ១​នាក់​។​


​ក្រៅពី​ចិន (​រួមបញ្ចូល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​) មាន ជប៉ុន (​រាប់បញ្ចូល​ទាំង​ករណី​លើ​នាវា Diamond Princess) កូរ៉េខាងត្បូង សិង្ហ​បុរី អ៊ីរ៉ង់ ថៃ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន អ៊ីស្រាអែល លី​បង់ ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា បារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប កូ​វ៉ែត បា​រ៉ែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ាក់ និង​អូ​ម៉​ង់​៕


Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com