អន្តរជាតិ
ពេទ្យដែលពន្យាពេលរៀបការទៅសង្គ្រោះអ្នកជំងឺ ស្លាប់ដោយសារ COVID-19
× គ្រូពេទ្យម្នាក់នៅក្រុងវូហាន ខេត្តហ៊ូប៉ី បានសម្រេចពន្យាពេលអាពាហ៍ពិពាហ៍ផ្លូវការរបស់ខ្លួនដើម្បីទៅជួយសង្គ្រោះអ្នកជំងឺកូរ៉ូណាវីរុស (COVID-19) ប៉ុន្តែជាអកុសល្យ លោកបានស្លាប់ខ្លួនដោយសារតែជំងឺដែលកំពុងរាលដាលមួយនេះ។
លោក Peng Yinhua អាយុ២៩ឆ្នាំ ដែលបម្រើការនៅមន្ទីរពេទ្យក្នុងស្រុក Jiangxia ក្រុងវូហាន បានទទួលមរណភាពដោយសារបញ្ហាផ្លូវដង្ហើម កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ បើយោងតាម China Daily លោក និងភរិយាដែលកំពុងពរពោះ មានគម្រោងធ្វើពិធីអាពាហ៍ពិពាហ៍ផ្លូវការកាលពីថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីពួកគេបានចុះលិខិតអាពាហ៍ពិពាហ៍អស់រយៈពេល២ឆ្នាំកន្លងមកហើយ។
ទឹកចិត្តជាគ្រូពេទ្យដែលប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ លោក Peng សុខចិត្តលុបចោលគម្រោងអាពាហ៍ពិពាហ៍ដើម្បីទៅជួយសង្គ្រោះអ្នកជំងឺ COVID-19 ដែលចាប់ផ្តើមរាលដាលចេញពីក្រុងវូហាន តាំងពីខែធ្នូ មក។
តាមពិតទៅ មិត្តរួមអាជីពរបស់លោក បាននាំគ្នាជំរុញឲ្យលោកសម្រាកនៅផ្ទះ និងចំណាយពេលវេលាឲ្យបានច្រើនជាមួយភរិយា ប៉ុន្តែលោក Peng បានបដិសេធ ដោយនិយាយថា ខ្លួនគាត់នៅក្មេង ដូច្នេះ គាត់ត្រូវធ្វើការឲ្យច្រើនជាងអ្នកដទៃ។
សារព័ត៌មាន Huanqui.com បានបញ្ជាក់ថា លោក Peng បានរួមចំណែកព្យាបាលអ្នកជំងឺយ៉ាងហោចណាស់១៥០នាក់ក្នុង១ថ្ងៃ។ ក្រោយមក លោកមានអាការមិនស្រួលខ្លួន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រហូតដល់ថ្ងៃទី៣០ ខែមករា លទ្ធផលតេស្តបង្ហាញថា លោកមានជំងឺរលាកសួត COVID-19 ហើយស្ថានភាពជំងឺយ៉ាប់យ៉ឺនយ៉ាងខ្លាំងនៅថ្ងៃទី១០ ខែកុម្ភៈ ហើយបានទទួលមរណភាពនៅ១០ថ្ងៃបន្ទាប់។
អ្នកស្រី Zhong Xin ដែលជាភរិយារបស់លោក Peng បានប្រាប់ថា The-Paper.cn ថា ស្វាមីរបស់ខ្លួនជាគ្រូពេទ្យដ៏អស្ចារ្យ និងជាវីរបុរសម្នាក់។ អ្នកស្រីលើកឡើងថា៖ «ឪពុកម្តាយរបស់គាត់ ពិតជាសោកសៅខ្លាំងណាស់ ដូច្នេះខ្ញុំនឹងព្យាយាមថែរក្សា ចិញ្ចឹមបីបាច់កូន ដើម្បីឲ្យគេមានសុខភាពល្អ»។
អ្នកស្រី Ling Yun គ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យ Wuhan Jinyintan និងជាអ្នកមើលថែលោក Peng ផ្ទាល់ បានអះអាងថា លោក Peng បានដឹងពីស្ថានភាពជំងឺរបស់ខ្លួនដែលមានសភាពយ៉ាប់យ៉ឺន ប៉ុន្តែលោកមានជំនឿថា អាចជាសះស្បើយ ដោយសារតែលោកទើបតែមានអាយុ២៩ឆ្នាំ។ អ្វីៗត្រូវបានរលាយ ដោយលោកបានបាត់បង់ជីវិត ដោយមិនទាន់បានឃើញកូនរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com