អន្តរជាតិ
COVID-19៖ ករណីស្លាប់ឡើងដល់ប្រមាណ២៧០០នាក់ និងរាលដាលដល់៣៤ប្រទេស រូបថត AFP
× តួលេខអ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់ប្រមាណ២៧០០នាក់ហើយ ដោយគិតត្រឹមព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ នេះ។ អូម៉ង់បានក្លាយជាប្រទេសទី៣៤ ដែលបានរកឃើញករណីឆ្លងជំងឺដែលមានប្រភពពីក្រុងវូហាន ខេត្តហ៊ូប៉ីមួយនេះ។
បើប្រៀបធៀបកាលពីថ្ងៃម្សិលមិញ របាយការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិន បង្ហាញថា ខេត្តហ៊ូប៉ី មានករណីស្លាប់៦៨នាក់បន្ថែមទៀត កំណើនករណីស្លាប់ មាន៣នាក់ទៀតស្ថិតនៅក្រៅខេត្តហ៊ូប៉ី រួមទាំងការស្លាប់នៅអ៊ីតាលី កូរ៉េខាងត្បូង និងអ៊ីរ៉ង់។ បច្ចុប្បន្ន តួលេខអ្នកស្លាប់ គឺ២៦៩៩នាក់ ក្នុងចំណោមអ្នកជំងឺជាង៨ម៉ឺននាក់ រីឯជាង២៧០០០នាក់ បានសះស្បើយ។
ក្នុងចំណោមអ្នកស្លាប់២៦៩៩នាក់ មាន២៦៦៦នាក់ស្ថិតនៅចិន ១២នាក់នៅអ៊ីរ៉ង់ ៨នាក់នៅកូរ៉េខាងត្បូង ៧នាក់នៅអ៊ីតាលី ៤នាក់នៅជប៉ុន (ក្នុងនោះ៣នាក់លើករណីនាវា Diamond Princess) រីឯបារាំង និងហ្វីលីពីន មាន១ករណីរៀងៗខ្លួនៗ។
ប្រទេសទាំង៣៤ដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (+ករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា និងស្រីលង្កា។
បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ និងបែលហ្ស៊ិក។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងអេហ្ស៊ីប៕
© រក្សាសិទ្ធិដោយ thmeythmey.com