អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រីទីម័រខាងកើត សុំលាលែង ក្រោយបាត់បង់ការគាំទ្រពីសម្ព័ន្ធភាព នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Taur Matan Ruak
× នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Taur Matan Ruak បានផ្ញើលិខិតលាលែងតំណែងទៅកាន់ប្រធានាធិបតី។ លោក ប្រកាសបែបនេះ នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ។ ការប្រកាសយ៉ាងភ្ញាក់ផ្អើលបែបនេះ ធ្វើឡើងខណៈប្រជាជាតិអាស៊ីអាគ្នេយ៍ដ៏តូចមួយនេះ ប្រឈមនឹងអស្ថិរភាពនយោបាយថ្មី បន្ទាប់ពីមានការបែកប្រេះឆានៃសម្ព័ន្ធភាពគាំទ្ររូបលោកក្នុងសភា។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ។
«ខ្ញុំបានផ្ញើលិខិតលាលែងតំណែងនេះទៅកាន់ប្រធានាធិបតីរួចហើយ»។ លោកនាយករដ្ឋមន្ត្រី Taur Matan Ruak បញ្ជាក់បែបនេះនៅមុខអ្នកសារព័ត៌មាន ក្រោយពីជំនួបជាមួយប្រធានាធិបតីទីម័រខាងកើត Francisco Guterres។ លោកសង្កត់ធ្ងន់ទៀតថា លោកបានត្រៀមលក្ខណៈក្នុងការបន្តដឹកនាំជាប្រមុខរដ្ឋាភិបាល រហូតដល់ការសុំលាលែងរបស់លោក ត្រូវបានយល់ព្រម ហើយនោះគឺដើម្បីធានាសកម្មភាពរដ្ឋាភិបាលក្នុងប្រទេស។
លោក Taur Matan Ruak គឺជានាយករដ្ឋមន្ត្រីទី៧ របស់ប្រទេសទីម័រខាងកើត ដែលចូលកាន់តំណែងកាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៨។ មុនពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រី លោកក៏ធ្លាប់ជាប្រធានាធិបតីរបស់ប្រទេសនេះផងដែរ ដែលកាន់តំណែងចាប់ពីខែឧសភា ឆ្នាំ២០១២ ដល់ ២០១៧៕
© រក្សាសិទ្ធិដោយ thmeythmey.com