អន្តរជាតិ
លោកតា Wanatabe ដែលលើកទឹកចិត្តឲ្យ «មនុស្សញញឹម» ស្លាប់ក្នុងអាយុ១១២ឆ្នាំ តា Chitetsu Watanabe ដែលទទួលបានពានបុរស ដែលមានអាយុរស់នៅវែងបំផុតក្នុងពេលបច្ចុប្បន្ន។ រូបភាព៖ Chitetsu Watanabe
× លោកតាជនជាតិជប៉ុនម្នាក់វ័យ ១១២ឆ្នាំ ដែលបានក្លាយជាបុរសចាស់ជាងគេបំផុតនៅលើពិភពលោក បានទទួលមរណភាពហើយ។ នេះបើតាមការអះអាងរបស់មន្ត្រីមូលដ្ឋានដែលត្រូវបានដកស្រង់ដោយ AFP នាថ្ងៃទី២៥ ខែកុម្ភៈនេះ។ ក្នុងបទសម្ភាសជាមួយក្រុមការងារសៀវភៅកំណត់ត្រាពិភពលោក លោកតាបានប្រាប់អាថ៌កំបាំងដែលធ្វើឲ្យមានអាយុវែង គឺស្នាមញញឹមនៅលើផ្ទៃមុខ។
លោកតា Chitetsu Watanabe គឺជាជនជាតិជប៉ុនម្នាក់ បានកើតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩០៧ ត្រូវបានគេប្រគល់ពានរង្វាន់ជាបុរសរស់នៅបានរយៈពេលជាងគេបំផុតលើពិភពលោកក្នុងពេលបច្ចុប្បន្ន នៅមណ្ឌលថែទាំមនុស្សចាស់ក្នុងក្រុង Joetsu ខេត្ត Niigata ។ នេះបើតាមការអះអាងរបស់កំណត់ត្រាឯកត្តកម្មពិភពលោក នាថ្ងៃទី១២ ខែកុម្ភៈ។
ក្នុងទឹកមុខញញឹមសប្បាយរីករាយ លោកតា Watanabe បានប្រាប់ពីអាថ៌កំបាំងថា ដើម្បីឲ្យមានអាយុវែង «កុំប្រកាន់ខឹង និងរក្សាស្នាមញញឹមនៅលើផ្ទៃមុខ»។ ក្នុងអាយុដ៏ច្រើនបែបនេះ លោកតាវ័យ ១១២ឆ្នាំរូបនេះ មានកូនចំនួន ៥នាក់, ចៅចំនួន១២នាក់, ចៅទួត១៦នាក់ និងចៅលួត ១នាក់។
សូមបញ្ជាក់ថា ជប៉ុន គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសផ្សេងទៀតលើសកលលោក ដែលមានអាយុរំពឹងរស់ខ្ពស់ជាងគេបំផុត។ ក្នុងពេលបច្ចប្បន្ន បុគ្គលដែលមានវ័យចំណាស់ជាងគេបំផុត គឺជាលោកយាយKane Tanaka មានជន្មាយុ ១១៧ឆ្នាំ ដែលជាជនជាតិជប៉ុនដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com