កីឡាជាតិ
ជាតិ
លោក Conor Nester៖ មើលវីដេអូនិងដាក់ផែនការស្រួលទេ តែលេងលើទីលានទើបពិបាក លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង, រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
× លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ប៉ះក្រុម Bali United ក្នុងពានរង្វាន់ AFC Cup នៅល្ងាចនេះ ស្វាយរៀងត្រៀមខ្លួនបានល្អជាងមុន បើធៀបនឹងការប្រកួតជាមួយ Ceres Negros។ សម្រាប់លោក Conor ការស្វែងរកចំណុចខ្សោយគូប្រកួតតាមរយៈវីដេអូ និងការដាក់ផែនការ វាខុសពីការប្រកួតជាក់ស្តែងនៅលើទីលាន។
មុនការប្រកួតម្តងៗគ្រូបង្វឹកក្រុមបាល់ទាត់នីមួយៗតែងតែសិក្សាពីចំណុចខ្សោយ ចំណុចខ្លាំងនិងកីឡាករអាចបង្កគ្រោះថ្នាក់របស់គូប្រកួត ដើម្បីរៀបចំយុទ្ធសាស្ត្រ ក៏ដូចជាក្បួនក្នុងការយកឈ្នះគូប្រកួត។ ប៉ុន្តែការសិក្សាតាមរយៈវីដេអូសកម្មភាពប្រកួតនេះ មិនប្រាកដថា ក្រុមនោះអាចទទួលបានលទ្ធផលល្អនោះទេ ព្រោះការប្រកួតជាក់ស្តែងលើទីលានអាចខុសពីអ្វីដែលបានគ្រោងទុក។
លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ចាត់ទុកការមើលវីដេអូសកម្មភាពប្រកួតដើម្បីស្វែងរកចំណុចខ្សោយ ឬចំណុចខ្លាំង និងការរៀបផែនការក្នុងការយកឈ្នះគូប្រកួត វាមិនពិបាកនោះទេ។ តែអ្វីដែលពិបាក គឺការប្រកួតជាក់ស្តែងនៅលើទីលាន ព្រោះការប្រកួតលើទីលានមិនប្រាកដថា អាចសម្រេចបានតាមអ្វីដែលបានកំណត់នោះឡើយ។
«យើងតែងតែមើលវីដេអូប្រកួតរបស់គូប្រកួត ការមើលវីដេអូនិងការដាក់ចេញផែនការគឺវាងាយស្រួលទេ ប៉ុន្តែអ្វីដែលលំបាកគឺពេលយើងលេង។ ជាក់ស្តែងកាលប្រកួតជាមួយ Ceres យើងរៀបចំផែនការបានយ៉ាងល្អ តែយើងលេងអត់បានល្អ។ ដូច្នេះកាលណាយើងលេងមិនបានល្អ យើងពិបាកបង្ហាញថាគូប្រកួតយើងមានចំណុចខ្សោយត្រង់ណាណាស់»។ ការលើកឡើងរបស់លោក Conor Nestor បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រុមព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុម Bali United សម្រាប់ជំនួបលើកទី២ក្នុងពូល G នៃពានរង្វាន់ AFC Cup 2020 វេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ មុនការប្រកួតមកដល់លោក Conor Nestor បាន អះអាងថា ព្រះខ័នរាជស្វាយរៀងមានការរៀបចំបានល្អជាងមុន បើធៀបនឹងការប្រកួតជាមួយ Ceres Negros ដែលពួកគេចាញ់ក្នុងលទ្ធផល ៤-០។ នាការប្រកួតបើកឆាក Bali United បានយកឈ្នះក្រុម Thang Quang Ninh របស់វៀតណាម ៤-១។
គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ រំពឹងថា អ្នកគាំទ្រយ៉ាងច្រើនកុះករនឹងទៅទស្សនការប្រកួតដ៏ជក់ចិត្តមួយនេះ ដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករព្រះខ័នរាជស្វាយរៀងក្នុងការស្វែងរកបីពិន្ទុនៅលើទឹកដីខ្លួន។ ជាមួយគ្នានេះ លោក ប្តេជ្ញានឹងខិតខំប្រឹងប្រែងដឹកនាំឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកលទ្ធផលល្អណាមួយជូន និងអ្នកគាំទ្រ។
មិនខុសគ្នាពីគ្រួបង្វឹកនោះទេ កីឡាករ សួន សុវណ្ណ ដែលចាត់ទុកការប្រកួតនេះសម្រាប់ខ្លួន ក៏បានបង្ហាញពីការតាំងចិត្តផងដែរ។ រូបគេប្តេជ្ញាថា គេនឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយក៣ពិន្ទុពីក្រុម Bali United ឲ្យបាននៅថ្ងៃនេះ។ តែយ៉ាងណា កីឡាកររូបនេះ ជឿជាក់ថា ការប្រកួតនេះនឹងមានភាពតានតឹង និងទាក់ទាញខ្លាំងសម្រាប់ទស្សនិកជន៕
Tag:
AFC Cup 2020
Conor Nestor
ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com