ជាតិ
ជប៉ុនផ្ដល់ជំនួយ៨៩ម៉ឺនដុល្លារ សម្រាប់គម្រោងមាតា-ទារក និងប្រព័ន្ធធារាសាស្ត្រ កម្មវិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងនៅស្ថានទូតជប៉ុន
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងជាង៨៩ម៉ឺនដុល្លារ សម្រាប់ជួយអភិវឌ្ឍន៍គម្រោងចំនួន៣ នៅក្នុងខេត្តព្រះវិហា និងខេត្តប៉ៃលិន។ ជំនួយឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយតំណាងអង្គការចំនួន៣ នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២០ នាស្ថានទូតជប៉ុន។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ថា គម្រោងទាំង៣នោះ គឺសាងសង់អាងស្ដុកទឹកសម្រាប់លើកកម្ពស់កសិកម្មនៅព្រះវិហារ ក្នុងទឹកប្រាប់ជាង៨,៥ម៉ឺនដុល្លារ។ គម្រោងនេះ បានផ្ដល់ឱ្យអង្គការមោទនភាពអាស៊ី សមាគមន៍មិត្តព្រះវិហារ-ជប៉ុន។
«អង្គការដែលទទួលគម្រោង នឹងសាងសង់កន្លែងស្តុកទឹក និងបរិក្ខាចែកចាយ ទឹកដើម្បីបង្កើនផលិតផលកសិកម្ម ដូចជាបន្លែសរីរាង្គ និងឱសថនារដូវប្រាំង» នេះបើតាមការលើកឡើងរបស់ ឯកអគ្គរាជទូត ដោយបញ្ជាក់បន្ថែមថា អង្គការដែលទទួលគម្រោងនិងជំនួយនេះ នឹងផ្ទេរបច្ចេកវិទ្យាកសិកម្មនិងរៀបចំគណៈកម្មាធិការគ្រប់គ្រងទឹក ដើម្បីធ្វើឱ្យមានការកើនឡើងនូវប្រាប់ចំណូលរបស់ប្រជាជន។
ចំណែកគម្រោងទី២ គឺរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ក្នុងខេត្តព្រះវិហារ ក្នុងនោះ អង្គការ World Vision Japan ជាអ្នកទទួលជំនួនជាង៤៥ម៉ឺនដុល្លារ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ថា គម្រោងនេះ ក៏រួមបញ្ចូលការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹក និងប្រព័ន្ធប្រព្រឹត្តកម្មនៅស្រុកចំនួន៤ ស្រុកជ័យសែន ឆែប គូលែន និងស្រុកត្បែងមានជ័យ ក្នុងខេត្តព្រះវិហារផងដែរ។ ជាមួយគ្នាដែរ លោក ម៉ាសាហ៊ីរ៉ូ សង្ឃឹមថា គម្រោងនេះ នឹងសាយភាយចំណេះដឹងសុខភាព អនាម័យ ដល់មាតានិងទារក ដល់អ្នករស់នៅក្នុងតំបន់គម្រោង។ បើតាមលោកឯកអគ្គរដ្ឋទូតជប៉ុន ខេត្តព្រះវិហា គឺជាខេត្តក្រីក្របំផុតនៅកម្ពុជា ហើយបញ្ហានេះ ជាកិច្ចការដ៍សំខាន់សម្រាប់អភិវឌ្ឍន៍។
ពិធីចុះហត្ថលេខាជំនួយឥតសំណង
រីឯ គម្រោងទី៣ គឺគម្រោងការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍។ ជប៉ុនបានផ្ដល់ជំនួនជាង៣៥ម៉ឺនដុល្លារ ដល់អង្គការកុមារឥតព្រំដែន សម្រាប់អភិវឌ្ឍន៍គម្រោងនេះ។ លោក ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ថា ខេត្តប៉ៃលិន គឺជាខេត្តដែលមានអត្រាអ្នកបោះបង់ការសិក្សាខ្ពស់ ធ្វើឱ្យយុវជនបាត់បង់ឱកាសការងារនាពេលអនាគត។ ដូច្នេះគម្រោងនេះ នឹងជួយគាំទ្រ ដល់មជ្ឈមណ្ឌលសិក្សាសហគមន៍ (CLCS) ដែលគ្រប់គ្រងដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន។ លោក ម៉ាសាហ៊ីរ៉ូ បានបន្ថែមថា គម្រោងជំនួយនេះ នឹងជួយគាំទ្រដល់គណៈកម្មាធិការគ្រប់គ្រងកែលម្អបរិស្ថាននៃមជ្ឈមណ្ឌល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងតម្លើងឧបករណ៍មួយចំនួនផងដែរ។
សូមបញ្ជាក់ថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាល សម្រាប់ជួយដល់ការអភិវឌ្ឍ និងស្ថាបនាកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់ពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង៣៩លានដុល្លារ ដល់គម្រោងចំនួន១២៥។ គម្រោងទាំងនោះ ផ្ដោតសំខាន់លើ វិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន៕
Tag:
ជប៉ុន
ជំនួយ
អនាម័យ មាតា
ទារ
យុវជន
ប្រព័ន្ធធារាសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com