អន្តរជាតិ
COVID-19៖ វៀតណាមព្យាបាលជាសះស្បើយទាំង១៦ករណី ប្រភពរូប៖ Vietnam News
× អ្នកជំងឺទាំងអស់ចំនួន១៦នាក់ក្នុងប្រទេសវៀតណាម ដែលបានឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19) បានព្យាបាលជាសះស្បើយហើយ។ ក្រសួងសុខាភិបាលវៀតណាម បញ្ជាក់បែបនេះនៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ដោយបន្ថែមទៀតថា គ្មានករណីផ្សេងទៀត ត្រូវបានរកឃើញឡើយ គិតចាប់ពីថ្ងៃទី១៣ ខែកុម្ភៈមក។
អ្នកជំងឺនៅវៀតណាមទាំង១៦នាក់នោះ គឺរួមមាន ជនជាតិចិន ២ នាក់, ជនជាតិវៀតណាមមកពីក្រុងវូហាន ៦ នាក់, ជនជាតិវៀតណាមដែលប៉ះផ្ទាល់ជាមួយអ្នកជំងឺ COVID-19 ចំនួន ៦នាក់. ជនជាតិអាមេរិកម្នាក់ដែលប្ដូរជើងហោះហើរនៅវូហាន មុនពេលមកដល់វៀតណាម និងទារិកាអាយុ ៣ ខែម្នាក់ដែលឆ្លងពីជីដូន។
អ្នកជំងឺ COVID-19 ចុងក្រោយក្នុងប្រទេសវៀតណាម គឺជាបុរសជនជាតិវៀតណាមវ័យ៥០ឆ្នាំម្នាក់។ លោកបានឆ្លងជំងឺនេះពីកូនស្រីរបស់លោក ដែលធ្លាប់មានប្រវត្តិធ្វើដំណើរទៅក្រុង វូហាន ប្រទេសចិន។ ក្រសួងសុខាភិបាលវៀតណាម បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍ ដោយបន្ថែមថា រូបលោក បានជាសះស្បើយ និងមានសុខភាពល្អធម្មតាវិញ។
ទោះបីជាអះអាងថាជាសះស្បើយ ក្រសួងសុខាភិបាលវៀតណាម បញ្ជាក់ថា បុរសជាអ្នកជំងឺចុងក្រោយនេះ នឹងបន្តសម្រាកនៅមន្ទីរពេទ្យសិន។ យ៉ាងណាមិញ ក្រសួងសង្កត់ធ្ងន់ថា អ្នកជំងឺ១៥នាក់ផ្សេងទៀត រួមមាន ទារិកា ៣ខែផងនោះ មានសុខភាពល្អប្រសើរ ហើយបានអនុញ្ញាតចាកចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថា វៀតណាម បានរកឃើញករណីឆ្លង COVID-19 ជាលើកដំបូងកាលពីថ្ងៃ២៣ ខែមករា ដោយលើជនជាតិចិន ២នាក់។ ហើយក្នុងរយៈពេលជាង១០ថ្ងៃចុងក្រោយនេះ វៀតណាម ពុំបានរកឃើញករណីឆ្លងថ្មីផ្សេងទៀតឡើយ។ វៀតណាម ប្រកាសពីការផ្ទុះរីករាលដាលនៃកូរ៉ូណាវីរុសជាជំងឺឆ្លង តាំងពីថ្ងៃ១ មករាមកម្ល៉េះ៕
Tag:
វៀតណាម
កូរ៉ូណាវីរុស
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com