អន្តរជាតិ
​កូ​ឡុំ​ប៊ី​ជា​កន្លែង​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​អាយុជីវិត​សកម្មជន​បរិស្ថាន​
26, Feb 2020 , 8:29 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ធីតា
​កូ​ឡុំ​ប៊ី​ជាទី​តាំង​ដ៏​គ្រោះថ្នាក់​ជាងគេ​ក្នុង​ពិភពលោក​សម្រាប់​សកម្ម​ជន​ដែល​ព្យាយាម​ការពារ​ដី និង​បរិស្ថាន​ធម្មជាតិ​។ បើ​គិត​ចាប់តាំងពី​ខែមករា មក សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មេដឹកនាំ​សហគមន៍​ជាង​៤០​នាក់ ត្រូវបាន​សម្លាប់​។ នេះ​បើតាម​របាយការណ៍​មួយ​ដែល​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន NBC​។​

 
​បណ្តាញ​ការពារ​សិទ្ធិមនុស្ស​អៀរ​ឡង់ Front Line Defenders បានលើកឡើង​ពី​ករណី​ដ៏​គ្រោះថ្នាក់​របស់​សកម្មជន​បរិស្ថាន ជាពិសេស​ថ្នាក់ដឹកនាំ​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​កូ​ឡុំ​ប៊ី នៅពេលដែល​ពួកគេ​ព្យាយាម​ការពារ​ផលប្រយោជន៍​សហគមន៍ ជាពិសេស​ការប្រឆាំង​ការ​រុករាន​ឧទ្យាន​ជាតិ រ៉ែ​ធម្មជាតិ និង​តំបន់​ដែល​ជនជាតិដើម​ភាគតិច​រស់នៅ​។​
 
​មាន​មូលដ្ឋាន​នៅ​ក្រុង Bogota អង្គការ​កសាង​សន្តិភាព Indepaz បាន​រកឃើញថា មនុស្ស​ជាង​៤០​នាក់​ត្រូវបាន​សម្លាប់ ដោយ​អ្នក​ទាំងនោះ ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ថ្នាក់ដឹកនាំ​សហគមន៍​។ ស្ត្រី​ម្នាក់​ឈ្មោះ Nidia Becerra ដែល​តស៊ូ​ដើម្បី​ប្រឆាំង​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​រុករាន​រក​រ៉ែ​ខុសច្បាប់ បាន​អះអាងថា ជីវិត​របស់ខ្លួន​ប្រឈម​នឹង​មរណៈ​គ្រប់ពេលវេលា​។​
 
​យោងតាម​ការផ្សាយ​រប​ស់ NBC, Becerra តែងតែ​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​ធ្វើដំណើរ ដោយ​ភាគច្រើន​អម​ជាមួយ​កងកម្លាំងប្រដាប់អាវុធ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល ឬ​ពី​ការចូលរួម​ពី​សំណាក់​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ដែល​គាត់​ជួយ​ការពារ​ផលប្រយោជន៍​។​
 
​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ Becerra ទទួល​ការហៅ​ចូល និង​សារ​គំរាមកំហែង​រាប់ពាន់​លើក ហើយ​ថែមទាំង​មាន​សំបុត្រ​គំរាម​សម្លាប់​ដែល​ផ្ញើ​ទុកចោល​នៅមុខ​ទ្វារផ្ទះ​របស់គាត់​ផងដែរ​។ នៅ​ឆ្នាំ​២០១៤ ខ្មាន់កាំភ្លើង​ម្នាក់ បាន​បាញ់ប្រហារ​ទៅលើ​គាត់ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ឡើយ​។​
 
​សកម្មជន​ការពារ​បរិស្ថាន​តែងតែ​ជា​គោលដៅ​នៃ​ការ​គំរាម​សម្លាប់​នៅ​ទូទាំង​ពិភពលោក ដោយ​កាលពី​ខែ​មុន អ្នក​អភិរក្ស​មេអំបៅ (Monarch Butterfly) ពីរ​នាក់​ត្រូវបាន​សម្លាប់​នៅ​ម៉ិ​ក​ស៊ិ​ក រីឯ​នៅ​នី​ហ្គា​រ៉ា​ហ្គោ ពលរដ្ឋ​ជនជាតិដើម​ភាគតិច​៦​នាក់​នៅ​តំបន់​អភិរក្ស​ធនធានធម្មជាតិ ត្រូវ​ខ្មាន់កាំភ្លើង​សម្លាប់​ផងដែរ​។​
 
​យោងតាម Front Line Defenders សកម្មជន​ជាង​៣០០​នាក់​ក្នុង​៣១​ប្រទេស​ត្រូវបាន​សម្លាប់​កាលពី​ឆ្នាំង​មុន ដោយ​ភាគច្រើន​ជា​សកម្មជន​ការពារ​បរិស្ថាន​។ ប្រទេស​ដែល​រងគ្រោះ​ខ្លាំង បន្ទាប់ពី​កូ​ឡុំ​ប៊ី រួមមាន ហ្វីលីពីន ហុង​ឌូ​រ៉ា​ស ម៉ិ​ក​ស៊ិ​ច និង​ប្រេ​ស៊ី​ល​។​
 
​សកម្មជន​នៅ​កូ​ឡុំ​ប៊ី បាន​អះអាង​ផងដែរ​ថា បើទោះបីជា​ពួកគេ​មិន​ទទួលបាន​ការគំរាមកំហែង​អាយុជីវិត​របស់​ពួកគេ​ដោយផ្ទាល់​ក៏ដោយ ប៉ុន្តែ​ក៏​សារ​គំរាម​សម្លាប់ រំលោភ ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ​។​
 
​អ្វី​ដែលជា​បញ្ហា​នោះ ដោយសារតែ​តំបន់​មួយចំនួនធំ​នៅ​កូ​ឡុំ​ប៊ី ត្រូវបាន​គ្រប់គ្រង​ដោយ​កងទ័ព​បដិវត្ត​ប្រជាជន​កូ​ឡុំ​ប៊ី (FARC) ដែលមាន​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​។ ពួកគេ​តែងតែ​យាយី​ដល់​ការរស់នៅ​របស់​សហគម​ន៍​ជនជាតិដើម​ភាគតិច​៕

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com